លោក ត្រាំ​ ហៅ​ប្រទេសចិន​ថា​ជាគូប្រជែង​ ប៉ុន្តែ​បាន​បន្ទន់​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ថ្លែង​អំពី​ស្ថានភាព​សហព័ន្ធលើក​ទី​១ កាល​ពី​ថ្ងៃទី​៣០ មករា ២០១៨ នៅវិមាន​កាពីតូល ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក ត្រាំ​ បាន​ហៅ​ប្រទេសចិន​ថា​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​សហរដ្ឋអាមេរិក​ និង​បាន​ប្រកាស​ពី​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​បញ្ចប់​យុគ​សម័យ​នៃ​ការ​ចាញ់​ប្រៀប​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។

នៅក្នុង​ការថ្លែង​សុន្ទរកថា​ជាលើកទី១​ទៅ​កាន់សភា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ អំពី​ស្ថានភាព​សហព័ន្ធ លោក ត្រាំ​ បាន​ហៅ​ប្រទេសចិន​ថា​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​សហរដ្ឋអាមេរិក​ និង​បាន​ប្រកាស​ពី​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​បញ្ចប់​យុគ​សម័យ​នៃ​ការ​ចាញ់​ប្រៀប​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ចោទ​ប្រកាន់​ចិន​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​រំលោភ​បំពាន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​បាន​ប្រកាស​ថា​នឹង​ចាត់​វិធានការណ៍​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី​មិន​បាន​ថ្លែង​ដោយ​ផ្ទាល់​ពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី២​នៅ​ក្នុង​ពិភពលោក​ នៅ​ពេល​ដែល​លោក​សន្យា​ថា​នឹង​ការពារ​កម្មសិទ្ធិ​បញ្ញា និង​ប្រយុទ្ធ​ដើម្បី​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ដោយ​យុត្តិធម៌។

អ្នក​វិភាគមួយ​ចំនួន​ថ្លែងថា​អាច​មាន​ហេតុផល​ជាច្រើន​រួមទាំង​ការរំពឹងទុក​នានា​ ដែល​ថា​ រដ្ឋបាល​របស់លោក Trump ប្រហែល​ជានឹង​ប្រកាស​ពី​ចំណាត់ការ​លើផ្នែក​ពាណិជ្ជកម្ម​បន្ថែមទៀត​ក្នុង​ពេលឆាប់ៗ​នេះ។ មូលហេតុ​ផ្សេងៗ​ទៀតនោះ​គឺ​ថា​មាន​ការ​យល់ឃើញ​ផេ្សងៗ​គ្នា​អំពី​ប្រទេសចិន​នៅក្នុង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ហើយ​នឹង​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ជាក់​លាក់​នៅ​ឡើយ​នោះ​ទេ។

លោក ​Julian Evans-Pritchard ​សេដ្ឋវិទូ​របស់​ក្រុមហ៊ុន ​Capital Economics​ ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ រដ្ឋបាល​របស់​លោក ​ត្រាំ​ ទំនង​ជា​នឹង​ចាត់​វិធានការណ៍​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ឡើង។ ដោយ​លោក​បាន​ថ្លែង​ថា «អ្វី​ដែល​ជា​ហានិភ័យ​នោះ​ ខ្ញុំ​គិត​ថា​ប្រសិន​បើ​អ្នក​ប្រឆាំង​នឹង​ចិន​កាន់​តែខ្លាំង​ នោះ​ចិន​ប្រហែល​ជា​នឹង​សង​សឹក​ត្រឡប់​មកវិញ​ តាមវិធី​មួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក ជាង​អាមេរិក​ធ្វើ​ទៅលើ​ចិន​ទៅ​ទៀត»។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​«ពិត​ជា​មាន​ទស្សនៈ​ផ្សេង​គ្នា​អំពី​ចិន​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក»។

លោក ​ត្រាំ​ នា​ពេលថ្មីៗ​នេះ​បាន​ប្រកាស​បន្ថែម​ពន្ធ​ទៅ​លើ​ការ​នាំ​ចូល​បន្ទះ​សូឡា និង​ម៉ាស៊ីន​បោក​ខោអាវ ​ហើយ​លោក​បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​កំពុង​ពិចារណា​ទៅ​លើ​ការផាក​ពិន័យ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយ​ដល់​ប្រទេសចិន​ ពី​បទ​លួច​កម្ម​សិទ្ធិ​បញ្ញា។

លោក​ Evans-Pritchardបាន​ថ្លែង​បន្ត​ទៀត​ថា​ប្រហែល​នឹង​មាន​ការសម្រេចចិត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ​ពី​ការ​កំណត់​ពន្ធ​នៅ​ទៅ​ដែក​ និង​អាលុយមីញ៉ូម​ ព្រម​ទាំង​វិធានការណ៍​នានា​ស្តី​ពី​ការលួច​កម្ម​សិទ្ធិ​បញ្ញា​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​រដ្ឋបាល​របស់​លោក ត្រាំ​ ហាក់​ដូចជា​មិន​ទាន់​ចាត់​វិធានការណ៍​ខ្លាំងក្លា​ទៅ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

តើប្រទេស​ចិន​នឹងផ្លាស់​ប្តូរ​ឬ​ទេ?

លោក​ Evans-Pritchard​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ចិន​ជា​ប្រទេស​នាំចេញ​ផលិតផល​ ដូច្នេះ​អាច​មាន​ការខូច​ខាត​ច្រើន​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ ​ប៉ុន្តែ​ក្នុង​ករណី​ប្រទេស​ចិន ​រដ្ឋាភិបាល​ចិន​មាន​អំណាច​ខាំ្លង​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​មាន​ការ​លំបាក​ ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក​វិញ​ មាន​ការ​កំណត់​អំណាច​ឲ្យ​រដ្ឋាភិបាល​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន»។

លោក​ Christopher Balding ​សាស្រ្តចារ្យ​ជំនួយ​ផ្នែកហរិញ្ញវត្ថុ​ និង​សេដ្ឋកិច្ចនៅ​ឯ​សកលវិទ្យាល័យ​ប៉េងកាំង​ នៃ​សាលាជំនួញHSBC បាន​ថ្លែង​ថា«ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេសចិន​មិនសូវ​ត្រូវ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​នេះ​ អាច​ដោយសារ​តែ​ លោក​ប្រធានាធិបតី​កំពុង​បង្រៀន​ខ្លួនឯង​ឲ្យ​មាន​វិន័យ​ជាងមុន​ ដែល​ជាទូទៅ​លោក​គឺជា​មនុស្ស​ដែល​និយាយ​អ្វី​មិន​គួរ​និយាយ​នោះ»។

លោក ​Balding​ បាន​ថ្លែង​បន្ត​ថា៖ «ប្រហែល​ជា​អាច​មាន​ការផ្លាស់​ប្តូរ​នៅ​ថ្ងៃ​ស្អែក។ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​រិះ​គន់​ប្រទេស​ចិន​ជា​ញឹក​ញាប់​រួច​ទៅ​ហើយ»។
ក្រុម​អ្នក​វិភាគ​និយាយ​ថា​ វា​ក៏​ប្រហែល​ជា​ដោយសារ​តែមាន​ការ​កើន​ឡើង​ម​តិជា​ឯកច្ឆន្ទ​ថា​ ប្រទេស​ចិន​មិនខ្វល់​ខ្វាយ​ឡើយ។

អស់​ពេល​ជា​ច្រើឆ្នាំ​កន្លង​មក​ មាន​ការសង្ឃឹម​ជាច្រើន​ថា​ប្រទេស​ចិន​នឹង​អាច​បញ្ជូល​ទៅ​ក្នុង​ទីផ្សារ​ពិភព​លោក​ និង​ក្លាយ​ជា​ប្រទេស​មាន​តម្រូវ​ការ​ទីផ្សារ​ច្រើន​ និង​មាន​សេដ្ឋកិច្ច​សេរី។ ក៏ប៉ុន្តែ​ការ​មូល​មតិ​ឯកច្ឆន្ទ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ចំណោម​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ការបរទេស​ និង​អ្នក​ជំនាញ​ផ្សេង​បាន​បង្ហាញ​ថា​ការវិវត្ត​របស់​ចិន​ទៅ​ជា​ប្រទេស​បែប​នោះ​ នឹង​មិន​អាច​កើត​ឡើង​បាន​ទេ។

លោក​ Balding​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ហើយ​ថា​ នឹង​ធ្វើ​ជា​ប្រទេស​ផ្តាច់ការ​ ហើយ​ប្រសិន​មាន​ប្រទេសណា​មិន​យល់​ស្រប​ជាមួយចិន នោះ​ចិន​នឹង​ផ្តាច់ការ​ធ្វើជំនួញ​ជាមួយ​ប្រទេស​នោះ»។

ផ្លូវ​ដែល​ត្រូវ​ដើរ​ទៅ​មុខ

ក្រសួង​ការបទេស​ចិន​បាន​ច្រាន​ចោល​ការប្រកាស​របស់​លោក​ប្រធានាធិបតី ត្រាំ​ ថា​រដ្ឋាភិបាល​ក្រុង​ប៉េងកាំង​ជាគូប្រជែង​របស់​សហរដ្ឋអាមេរិក​ និង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ឈប់​ប្រើ​វិធានការណ៍​«សង្គ្រាម​ត្រជាក់» ​និង​«ល្បែង​យក​ចាញ់​ឈ្នះ​នេះ» ​នៅ​ក្នុង​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ។

លោក ​Hua Chunying ​អ្នក​នាំពាក្យ​ក្រសួង​ការបទេស​ចិន​ បាន​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​បន្ទាប់​ពី​សុន្ទរកថា​នោះ​ថា៖ «កិច្ចសហ​ប្រតិបត្តិការ​គឺ​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ចិន​ និង​សហរដ្ឋ​សហរដ្ឋ​អាមេរិក។ យុទ្ធសាស្រ្ត​ឈ្នះ​ឈ្នះ​ គឺ​វិធីសាស្ត្រ​មួយ​ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​អនាគត​ល្អ​ប្រសើរ»។

នៅក្នុង​សុន្ទរកថា​របស់​លោក ត្រាំ​ បាន​បន្ទន់​ឥរិយាបថ​ពេល​និយាយ​ពី​ប្រទេស​ចិន​ខុស​ពី​របាយការណ៍​យុទ្ធសាស្រ្តថ្មីៗ​នេះ​របស់​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ ដែល​បាន​លើក​ឡើង​ថា​ អំណាច​យោធា​របស់​រុស្ស៊ី​ និង​ចិន​គឺជា​ការ​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក​ ខ្លាំង​ជាង​អំពើ​ភេរវកម្ម​ទៅ​ទៀត។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អំពី​ស្ថានភាព​សហព័ន្ធ​កាល​ពី​យប់​ថ្ងៃអង្គារ​បាន​លើក​ឡើង​ថា៖ «យើង​ប្រឈម​នឹង​របប​គ្រប់​គ្រង​ដែល​មាន​សភាព​អាក្រក់​ ក្រុម​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក ហើយ​គូប្រជែង​ដូចជា​ប្រទេស​ចិន​និង​រុស្ស៊ី​ គឺ​ជា​ឧបសគ្គ​រារាំង​ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង។ ដើម្បី​ទប់​ទល់​នឹង​គ្រោះថា្នក់​ទាំង​នេះ​ យើង​ដឹង​យ៉ាង​ច្បាស់​ថា​ ភាព​ទន់​ខ្សោយ​គឺ​ហេតុផល​នាំ​ឲ្យ​មាន​ជម្លោះ​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​អំណាច​ដែល​គ្មាន​អ្នក​ណា​អ្នក​ប្រជែង​បាន​គឺ​ជា​វិធីសាស្រ្ត​ការពារ​ខ្លួន​បាន​យ៉ាង​ពិត​ប្រាកដ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា