ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ថ្កោលទោស​​កូរ៉េខាង​ជើង​ថា​ «គ្មាន​សីលធម៌»​ នៅក្នុង​សុ​ន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ

  • Brian Padden

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ស្តី​ «ស្ថានភាព​សហព័ន្ធ» របស់​លោក​ទៅ​កាន់​សភា​អាមេរិក​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​អង្គារ ​​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ បាន​ផ្តោត​លើ​ជន​រងគ្រោះ​នៃ​របប​កូរ៉េ​ខាង​ជើង​ជិះជាន់​សង្កត់​សង្កិន ​ខណៈ​ដែល​បញ្ចៀស​ពី​ប្រធាន​បទ​នៃ​លទ្ធភាព​នៃការ​វាយ​ប្រហារ​ខាង​យោធា។

ដោយ​ហៅ​ប្រទេស​កូរ៉េខាង​ជើង​ថា ជា​របប​ផ្តាច់​ការ​គ្មាន​ «សីលធម៌‍»​ និង «សាហាវ ព្រៃផ្សៃ» ​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថាន​ភាព​សហ​ព័ន្ធ​លើក​ទី​១​របស់​លោក ​ជាថ្មី​ម្តងទៀត​បាន​សន្យា​ដាក់​ការ​គៀប​សង្កត់​អតិបរមា​ដើម្បី​រារាំងរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កុំ​ឲ្យ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីលដែល​អាច​គំរាម​កំហែង​ដីគោក​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​មាន​ប្រសាសន៍ថា៖ «បទ​ពិសោធន៍​កាល​ពី​អតីត​កាល​បាន​បង្រៀន​យើង​ថា ការ​មិន​ខ្វល់ខ្វាយ​និង​ការ​ផ្តល់​សម្បទាន​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ភាពគក្លើន​និង​ការ​បង្កហេតុ​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​រដ្ឋបាល​មុនៗ​ទេដែល​បាន​ដាក់​យើង​ចូល​ក្នុងទីតាំង​ដ៏​គ្រោះ​ថ្នាក់​នេះ‍»។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​ប្រធានា​ធិបតី​ត្រាំ​មាន​ភាព​អត់​ធ្មត់​ច្រើន​ជាង​កាល​ពី​ពេល​មុន​នៅពេល​ដែល​លោក​បាន​ហៅ​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ​ជុងអ៊ុន ​ថា «បុរស​រ៉ុក្កែត​តូច‍»។ លោក​ប្រធានា​ធិបតី​ត្រាំ​មិន​បាន​រំឭក​ពី​លទ្ធភាព​នៃ​ការ​ប្រើ​កម្លាំង ​ថ្វីបើ​មានរបាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​រដ្ឋ​បាល​របស់​លោក​ត្រាំ​កំពុង​ពិចារណា​ពី​ការ​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​ខាង​យោ​ធា​មាន​កម្រិត​មួយ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​ការ​បង្ក​ហេតុ​នៅ​ពេល​អនាគត។

លោក Bong Young-shik ជា​អ្នក​វិភាគ​នយោបាយ​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ពី​ប្រទេស​កូរ៉េខាង​ជើង​នៃ​សាកល​វិទ្យា​ល័យ Yonsei ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​បាន​និយាយ​ថា៖ «ខ្ញុំ​មិនដឹង​ថា​តើនេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​រដ្ឋ​បាល​របស់​លោក​ត្រាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស​ការ​ទាក់​ទង​ខាង​ការ​ទូត​កាន់​តែ​ច្រើន​ឡើង​ឆ្ពោះ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ឬ​រដ្ឋ​បាល​របស់​លោក​ត្រាំ​កំពុង​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​អំពីការ​ចាត់​វិធានការ​ផ្សេង​ទៀត ​រួមមាន​ជម្រើស​ខាង​យោ​ធា​ផង»។

កាល​ពី​ឆ្នាំ​ទៅ ​ការតាន​តឹង​រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក​បាន​រីកកាន់​តែ​ធំឡើង​ដោយ​សារការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​ដែល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ដែល​មាន​លទ្ធភាព​បាញ់​ដល់​សហរដ្ឋ​អាមេរិក។​ រដ្ឋបាល​របស់​លោកត្រាំបាន​ដឹកនាំ​ការ​ខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ​ក៏ប៉ុន្តែ ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កម្លាំង​យោធា​នៅតែ​ជា​ជម្រើស​មួយ​ដើម្បី​ដោះ​ស្រាយ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក។

ថ្នាក់​ដឹកនាំ​កូរ៉េខាង​ត្បូង​បាន​គាំទ្រ​ដើម្បី​បង្កើន​ការ​ទាក់​ទង​ដើម្បីកាត់​បន្ថយការ​តាន​តឹង ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បានចរចា​យ៉ាង​ហោច​ណាស់​ឲ្យ​មាន​ការ​ផ្អាក បណ្តោះ​អាសន្ន​នៅ​ក្នុងការ​សាកល្បង​កាំជ្រួច​មីស៊ីល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ដោយការ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួតកីឡា​អូឡាំពិក​រដូវ​រងា​ក្រុង Pyeong Chang ​នៅ​ពេល​ខាង​មុខ​នេះ។​សហរដ្ឋ​អាមេរិក​ក៏​បាន​យល់​ព្រម​ពន្យារ​ពេលសមយុទ្ធ​ខាង​យោ​ធា​រួម​គ្នា​ជាមួយ​កូរ៉េខាង​ត្បូង​រហូត​ទាល់​តែ​ក្រោយ​ការ​ប្រកួត​កីឡា​អូឡាំពិក​ដើម្បីឲ្យ​មាន​ការ​ចូល​រួម​ដោយ​សន្តិវិធី​របស់​កូរ៉េ​ខាង​ជើង។

ក្នុង​សុន្ទករថា​របស់​លោក ​ប្រធានា​ធិបតី​ត្រាំ​ហាក់​ដូចជា​ជជែក​ឲ្យ​ហេតុផល​ថា មិន​មានការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​ព្រៃផ្សៃ​និង​ជិះជាន់​សង្កត់​សង្កិន​របស់​គីម ជុង​អ៊ុន ទេ។

​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា៖ «យើង​ចាំ​បាច់​ពិនិត្យ​មើល​អាកប្បកិរិយា​គ្មាន​សីលធម៌​របស់​របប​កូរ៉េខាង​ជើង​ដើម្បី​យល់​ពីលក្ខណៈ​នៃ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ដែល​អាច​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​យើង‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​រំឭក​ឡើង​វិញថា បទពិសោធន៍ដ៏​ខ្លោចផ្សា​របស់​លោក Otto Warmbier ​ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ខណៈ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាពភ្លឹក។ និស្សិត​អាមេរិកាំង​រូប​នោះ​បាន​ទៅ​ទស្សនា​ប្រទេស​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​២០១៦ ​ហើយ​បាន​ត្រូវ​ចាប់​ខ្លួន​លើបទ​ចោទ​ប្រកាន់​ពី​ការ​ប៉ុនប៉ង​លួច​ខិត​ប័ណ្ណ​ឃោសនា។​លោក​បាន​ត្រូវ​កាត់​ទោសឲ្យធ្វើ​ការងារ​ជាទម្ងន់​ចំនួន​១៥ឆ្នាំ ក៏ប៉ុន្តែ ​បាន​ភ្លឹក​ភ្លាមៗ​ដោយ​លោក​មិន​បាន​ដឹង​ខ្លួនឡើង​វិញ។ លោក Warmbier បាន​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​១ឆ្នាំ​ដោយ​មិន​មាន​ការ​ថែទាំ​ខាង​សុខ​ភាព​ត្រឹមត្រូវ​នៅ​ពេល​ដែល​ស្ថាន​ភាព​របស់​លោក​បាន​បន្ត​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងៗ។

​លោក Fred និង​លោកស្រី Cindy Warmbier ដែល​ជាឪពុកម្តាយ​របស់​លោក​បាន​ត្រូវលោក​ប្រធានា​ធិបតី​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថាន​ភាព​របស់​សហព័ន្ធ ​បាន​យំ​នៅពេល​ដែល​ប្រធានា​ធិបតីត្រាំ​បាន​ចង្អុល​ពួក​អស់​លោក​នៅ​ក្នុង​សាល​ប្រជុំ​ដែល​ជា «សាក្សី​ដ៏​សំខាន់ដល់​ការ​គំរាម​កំហែង​ដែល​គំរាម​កំហែង​ពិភពលោក​របស់​យើង‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចុច​យក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ម្នាក់​ទៀតគឺ​លោក Ji Seong-ho ​អ្នក​រត់​ចោល​ប្រទេស​ជាតិ​កូរ៉េខាង​ជើង ​ថា​ជា «សាក្សី​ដ៏​ខ្លាំង​ម្នាក់​ទៀត​ដល់ការ​គំរាម​កំហែង​របស់​របប​នេះ‍»។ ក្នុង​ឆ្នាំ​១៩៩៦លោក Ji បាន​បាត់​បង់​ដៃ​ម្ខាង​និង​ជើង​ម្ខាងនៅពេល​ដែល​លោក​បាន​ធ្លាក់​ពី​រទេះភ្លើង​ដែល​កំពុងបើក​ខណៈ​ដែល​លួច​ធ្យូង​ថ្ម​ដើម្បី​ចម្អិន​ម្ហូប ​ក្នុង​អំឡុង​នៃ​ការ​អត់​ឃ្លាន​ដែល​ពលរដ្ឋ​កូរ៉េខាង​ជើង​រាប់​លាន​នាក់​បាន​ស្លាប់​ដោយ​សារការ​អត់​អាហារ។​ លោក​បាន​ពិការ​ជើង ហើយ​ក្រោយ​មក​បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​មុន​ពេល​គេចខ្លួនចេញ​ពី​កូរ៉េខាងជើង​ដោយ​ប្រើ​ឈើ​ច្រត់។

លោក Ji ឥឡូវនេះ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ជាមួយ​អង្គការ Now Action And Unity សម្រាប់​សិទ្ធិ​មនុស្ស​ ហើយបាន​ទាក់​ទិន​នៅ​ក្នុង​ការ​ផ្សាយ​វិទ្យុ​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង ​ដែល​នៅ​ទី​នោះ​រដ្ឋ​ព្យាយាម​រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ស្តាប់​ការ ផ្សាយ​របស់​បរទេស។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា៖ «លោក Ji សព្វថ្ងៃ​នេះរស់​នៅ​ទីក្រុង​សេអ៊ូល ​ដែល​នៅ​ទី​នោះ​លោក​បាន​ជួយ​សង្គ្រោះ​ពួក​អ្នក​រត់​ចោល​ប្រទេស​ផ្សេង​ទៀត ​ហើយ​បាន​ផ្សាយ​វិទ្យុទៅ​កាន់​កូរ៉េខាង​ជើង​អំពី​អ្វី​ដែល​របប​នោះ​ភ័យ​ខ្លាច​បំផុត‍​គឺ​អំពី​ការ​ពិត»។

អ្វី​ដែល​នាំ​ឲ្យ​មានការ​ព្រួយ​កង្វល់​ថា សហរដ្ឋ​អាមេរិក​ប្រហែល​ប្រុងប្រៀប​សកម្ម​ភាព​ខាង​យោធា​ជាមុន​ដើម្បី​ដោះស្រាយ​ការគំរាម​កំហែង​របស់​កូរ៉េខាង​ជើង​គឺ​សេចក្តី​រាយការណ៍​ដែល​និយាយថា ការតែងតាំង​លោក Victor Cha ជាឯក​អគ្គ រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ត្រូវ​ដក​វិញ។ លោក Cha ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Georgetown ហើយ​និង​ជាអតីត​ទីប្រឹក្សាក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​ស្តីពី​កិច្ចការ​កូរ៉េ​ខាង​ជើង​ក្នុង​អំឡុងរដ្ឋបាល​របស់​ប្រធានា​ធិបតី George W​. Bush។

​សរសេរ​នៅ​ក្នុង​កាសែត Washington Post កាល​ពី​ថ្ងៃ​អង្គារ ​លោក Cha បាន​និយាយថា ​លោកជំទាស់​ប្រឆាំងពួក​មន្ត្រី​សេតវិមាន​ដែល​ប្រើ​កម្លាំង​ប្រឆាំង​នឹង ​កូរ៉េខាង​ជើង ​ខណៈ​ដែលលោក​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​សម្រាប់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​នោះ។

លោក Cha បាន​និយាយទៀត​ថា ​លោក​សង្ឃឹម​ថា «ការវាយ​ប្រហារ​ខាង​យោធា​ជាមុននឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដឹងពី​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​ ក៏ប៉ុន្តែ​សេចក្តី​សង្ឃឹម​នេះ​ត្រូវ​តែពិចារណា​អំពី​ផលប៉ះពាល់​ជាក់​ស្តែង»។

លោក Cha បាន​ជជែក​ឲ្យ​ហេតុផល​ថា ដោយសារ​សមត្ថភាព​កាំ​ជ្រួចមីស៊ីល​និង​កាំភ្លើង​ធំ​របស់​កូរ៉េខាង​ជើង លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់​ដោយ​ការសន្មត់​ថា មេដឹកនាំ​ល្ងីល្ងឺ​និង​មាន​គំនិត​អន់​នឹង​ត្រូវ​ភិតភ័យ​ដោយ​ការ​បង្ហាញ​កម្លាំង​យ៉ាង​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG