​ថៃ​សង្ឃឹម​ថា​វិស័យ​ទេសចរណ៍​នឹង​ប្រសើរ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក

រូបឯកសារ៖ ភ្ញៀវ​ទេសចរណ៍​នៅ​ស្ថានីយ៍​រថភ្លើង​នៅ​ទីក្រុង​ ហួ ហ៊ីន។ ទីក្រុង​នេះ​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ជា​ច្រើន​ករណី​​កាល​ពី​សប្តាហ៍​មុន។

មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​៣០​នាក់​ស្លាប់​បាត់បង់​ជីវិត និង​រង​របួស ដែល​ក្នុង​នោះ​ក៏​មាន​ជនបរទេស​ផង​ដែរនោះ វិស័យ​ទេសចរណ៍​ដែល​មិន​ងាយ​ទ្រុឌ​ទ្រោម​មួយ​នេះ​សង្ឃឹម​ថា​នឹង​អាច​ងើប​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស។

ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅថ្ងៃ​មុខ​ទៀត​នោះ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ចំពោះ​វិស័យ​ទេសចរណ៍ ដោយ​តែ​វិស័យ​នេះ​គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ។

អ្នក​សេដ្ឋសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ​ ថ្លែង​ថា​ការ​វាយប្រហារ​ដែល​កើត​ឡើង​ក្នុង​បណ្តា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដែល​សុទ្ធ​តែ​ជា​ខេត្ត​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍​នោះ បាន​បណ្តាល​ឲ្យ​បាត់​បង់​ភ្ញៀវ​ទេសចរ​ចំនួន​៣៦៥.០០០​នាក់ ហើយ​ខាត​បង់​ជា​ទឹក​ប្រាក់​ចំនួន ១៧០​លាន​ដុល្លារ។

ការ​វាយ​ប្រហារ​ទាំង​នោះ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ទេសចរ​ឆ្នេរសមុទ្រ​នានា ក្នុង​នោះ​មាន​ឆ្នេរ​សមុទ្រ​ ហួ​ហ៊ីន (Hua Hin) ដែល​រាជវង្ស​ព្រះ​មហាក្សត្រ​ថៃ​មាន​ព្រះរាជដំណាក់សម្រាក​លំហែ​ព្រះ​កាយ​នៅ​មាត់​ឆ្នេរ​មួយ​ផង​ដែរ។

អ្នក​ស្រី Lisa Onghang ប្រធាន​សមាគម​ទេសចរ Hua Hin Cha Am​ បាន​ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​រន្ធត់​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​រួច​មក ឥឡូវ​នេះមាន​ភាព​ប្រក្រតី​វិញ​ហើយ៕