ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ថៃ​ជះ​ឥទ្ធិពល​ដល់​វិស័យ​សេដ្ឋកិច្ច​


រូបភាព​ឯកសារ៖ រថយន្ត​ជាច្រើន​កំពុង​បើក​ឆ្លង​កាត់​ស្ពាន​មិត្តភាព​ថៃ​ ជប៉ុន ក្នុង​ទីក្រុង​បាំង​កក​ប្រទេស​ថៃ។

សេដ្ឋកិច្ច​ប្រទេស​ថៃ ដែល​បង្ហាញ​ពី​ការ​ងើបឡើង​ខ្លះ​នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ នៅតែ​ជា​ចំណាប់​ខ្មាំង​នៃ​ភាព​ចលាចល​ផ្នែក​នយោបាយ​ដដែល ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រៀម​រៀបចំ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ខាង​មុខ​នេះ។

ការ​ធ្វើ​ប្រជាមតិ​នេះ​នឹង​សម្រេច​ថា​តើ​អ្នក​បោះ​ឆ្នោត​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​ជំរុញ​ឲ្យ​ពួក​យោធាកាន់តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ថែម​ទៀត​នៅ​ក្នុង​វិស័យ​នយោបាយ​បន្ទាប់ពី​ការ​បោះ​ឆ្នោត ដែល​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ឆ្នាំ​ក្រោយ​នេះ ឬ​ក៏​យ៉ាង​ណា​នោះ។

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹង​បង្កើត​ព្រឹទ្ធសភា​មួយ ដែល​មាន​សមាជិកតែងតាំង​ជ្រើស​ចេញ​ពី​ពួក​យោធា​ចំនួន ២៥០ នាក់ និង​រដ្ឋសភា​មួយ​ដែល​មាន​តំណាងរាស្ត្រ ៥០០ រូប។

ភាព​ស្រពេចស្រពិល​នៅតែ​ទាក់ទិន​នឹង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ថៃ​ទូទៅ​ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​នៅតែ​ទិតៀន​ចំពោះ​ការ​គាំទ្រ​ឲ្យ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​មាន​ពួក​យោធា​នៅ​គាំទ្រ​ពី​ក្រោយ តាម​រយៈ​កិច្ចប្រជុំ​នៃ​សភា​ទាំង​ពីរ ជាជាង​តាមរយៈ​គណបក្ស​ដែល​ជាប់​ឆ្នោត ឬក៏​ការ​បង្កើត​រដ្ឋាភិបាល​រួម​គ្នា​មួយ​ជាមួយ​នឹង​គណបក្ស​ណា​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​នោះ​ទេ។

អ្នកស្រី Krystal Tan សេដ្ឋវិទូ​មកពី​វិទ្យាស្ថាន Capital Economics ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា អ្នក​វិនិយោគទុន​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ដោយសារ​តែ​ភាព​ស្រពេច​ស្រពិល​មិន​ច្បាស់​ថា​តើ​ការ​ធ្វើ​ប្រជាមតិ​នេះ​នឹង​ត្រូវ​បាន​គេ​អនុម័ត ឬ​ក៏​យ៉ាង​ណា​នោះ។

អ្នកស្រី Tan បាន​ប្រាប់ VOA ថា៖ «មនុស្ស​ម្នាក់ៗ​កំពុងតែ​តាមដាន​មើល​ថា​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ការ​ធ្វើ​ប្រជាមតិ​នេះ ហើយ​បញ្ហា​គឺ​យើង​មិន​ច្បាស់​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ ប្រសិនបើ​ការ​ធ្វើ​ប្រជាមតិ​នេះ​មិន​ត្រូវ​បាន​គេ​អនុម័ត​នោះ។ ហើយ​ករណី​នេះ នឹង​ជំរុញ​ឲ្យ​មាន​ការ​ពន្យា​ពេល​នៃ​ការ​បោះ​ឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​នៅ​ក្នុង​ចន្លោះ​ពេល​នោះ ពួក​យោធា​នឹង​នៅតែ​គ្រប់​គ្រង​ប្រទេស​ដដែល»។

ចាប់តាំង​ពី​ពួក​យោធា​បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ មក សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ជួប​បញ្ហា​ជាច្រើន ហើយ​ស្ថិត​នៅ​ក្រោម​កម្រិត​នៃ​ការ​រីកចម្រើន​ធម្មតា​ប្រហែល ៣.៥ ភាគរយ។ មន្ត្រី​ធនាគារ​ថៃ​បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​នឹង​កើនឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ៕

XS
SM
MD
LG