ប្រជាពលរដ្ឋថៃជិត ៥០ លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ត្រូវគេរំពឹងថានឹងធ្វើការសម្រេចចិត្តចំពោះអនាគតនៃច្បាប់ពង្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសថៃ ដែលរដ្ឋធម្មនុញ្ញនេះត្រូវគេមើលឃើញថាមានសារៈសំខាន់ចំពោះគម្រោងរបស់រដ្ឋាភិបាលយោធាក្នុងការធ្វើឲ្យការបោះឆ្នោតជាតិមានភាពប្រសើរឡើង។
ប៉ុន្តែបើតាមការស្ទង់មតិ លទ្ធផលដែលបានមកពីការធ្វើប្រជាមតិនេះនៅតែមានភាពស្រពេចស្រពិលដដែល ហើយក្នុងនោះ អ្នកបោះឆ្នោតប្រហែលជា ៦០ ភាគរយ នៅមិនទាន់សម្រេចចិត្តឲ្យបានច្បាស់មុនពេលការបោះឆ្នោតធ្វើប្រជាមតិនេះចូលមកដល់នៅថ្ងៃទី ៧ ខែសីហា ខាងមុខនេះ។
ពួកយោធា ដែលបានគ្រប់គ្រងអំណាចតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ បានដាក់កំហិតយ៉ាងតឹងរ៉ឹងមិនឲ្យមានការពិភាក្សាដេញដោលណាមួយលើរឿងពង្រាងរដ្ឋធម្មនុញ្ញថ្មីនេះទេ ដោយបានចាប់ខ្លួនអ្នកណាដែលធ្វើយុទ្ធនាការប្រឆាំងមិនបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះ ជារឿយៗគឺពួកនិស្សិត ថែមទាំងបានសម្រុកចូលបង្ក្រាបការិយាល័យប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។
គេឃើញមានការចោទប្រកាន់ថា ច្បាប់រដ្ឋធម្មនុញ្ញថ្មី នឹងតម្រូវឲ្យមានការកាត់បន្ថយនូវចំណាយនៅក្នុងវិស័យសេវាសុខាភិបាលសាធារណៈ ដែលការចោទប្រកាន់នេះត្រូវបានបដិសេធដោយរដ្ឋាភិបាល។
រដ្ឋាភិបាលយោធាបានជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ប៉ុន្តែអ្នកវិភាគយល់ឃើញថា មានអ្នកបោះឆ្នោតតិចតួចប៉ុណ្ណោះ ដែលទំនងជាបានអានពង្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីនេះ ដើម្បីធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតឯកភាព ឬមិនឯកភាព។
លោក Gothom Arya អតីតសមាជិកមួយរួបនៃគណៈកម្មការបោះឆ្នោត និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូបផងដែរ បាននិយាយថា ប្រជាពលរដ្ឋមានព័ត៌មានមិនគ្រប់គ្រាន់អំពីច្បាប់រដ្ឋធម្មនុញ្ញនេះ ដោយហេតុថាមានការដាក់កំហិតចំពោះការពិភាក្សាដេញដោល និងមានការចាប់ខ្លួនអ្នកណាដែលធ្វើយុទ្ធនាការប្រឆាំងមិនបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះ៕