ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ថៃ​នៅ​តែ​មាន​ភាព​តាន​តឹង


លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្រ្តី​ថៃ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្រ្តី​ថៃ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​ស៊ើប​អង្កេត​​ថៃ​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២០នាក់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ប៉ុន្តែ​អត្តសញ្ញាណ​របស់​ពិរុទ្ធ​ជន​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ។

ប្រភព​ពី​មន្រ្តី​ប៉ូលីស​ថៃប្រាប់ VOA ឲ្យ​ដឹង​ថា មនុស្ស​៧​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​តាម​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង និង​បង្ក​ឲ្យ​មនុស្សជាង​ ៣០​នាក់ស្លាប់ ឬ​របួស។

យោង​តាម​ក្រុម​ប្រឹក្សា​ជាតិ​រក្សា​សន្តិភាព​ ឬ (NCPO) ​នៃ​របប​យោធា​ថៃ បាន​ឲ្យ​ដឹង​ថា ក្រុម​អុ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​យោធា​ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការវាយ​ប្រហារ​ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រី​ថៃ។

ប៉ុន្តែ​បក្ស​នយោបាយ​មួយ​ចំនួន​ដូច​ជា​ គណបក្ស​ ភឿថៃ​ (Pheu Thai Party) ដែល​ត្រូវ​បាន​គេ​ទម្លាក់​ដោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពីឆ្នាំ​២០១៤ រួម​ទាំង​អ្នក​គាំទ្រ​របស់ខ្លួន​ និង​គណបក្ស​រណសិរ្ស​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​ជន​ផ្ដាច់​ការ ឬ ​(UDD) បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ។

អ្នក​ស៊ើបអង្កេត​កំពុង​ធ្វើ​ការ​នៅ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ក្រុង Hua Hin ប្រមាណ​ជា​២៤០គ.ម ពី​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​បាងកក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។
អ្នក​ស៊ើបអង្កេត​កំពុង​ធ្វើ​ការ​នៅ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ក្រុង Hua Hin ប្រមាណ​ជា​២៤០គ.ម ពី​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​បាងកក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក ​កើត​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​ ក្រោយ​ពេល​ប្រជាជន​ថៃ​បាន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​នៃ​រដ្ឋាភិបាល​យោធា​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ។

រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​មិន​ត្រឹម​តែ​បន្ទច់​បង្អាក់​តួនាទី​របស់​គណបក្ស​នយោបាយ​ឈាន​មុខ​មួយ​ចំនួន​ដូចជា ​គណបក្ស​ ភឿថៃ​ (Pheu Thai Party) និង​គណបក្ស​ប្រជាធិបតេយ្យ​ថៃ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ពង្រីក​អំណាច​យោធា​យ៉ាង​ហោច​ណាស់​ក៏​៥ឆ្នាំ​ទៅ​មុខ​ទៀត​ដែរ។

ទីតាំងវាយប្រហារ

ការ​វាយ​ប្រហារនេះ​កើត​ឡើង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ ដែល​ភាគ​ច្រើន​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ដែល​សម្បូរ​ដោយ​ប្រជាជន​ឥស្លាម​រស់​នៅ​ដូចជា ខេត្ត​យ៉ាឡា (Yala) ប៉ាតានី (Pattani) និង​នារាធីវ៉ាត់ (Narathiwat)។ ហើយ​ខេត្ត​ដែល​រង​ការ​វាយ​ប្រហារ សុទ្ធ​តែ​ជា​ខេត្ត​ដែល​មិន​បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ពួក​បះបោរ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ការ​បះ​បោរ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ថៃ ​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ជាង ​៦០០០​នាក់ និង​រាប់​ពាន់​អ្នក​ទៀត​រង​របួស ចាប់​ពីឆ្នាំ​២០០៤​មក។

ការ​វាយ​ប្រហារ​ដោយ​បង្កប់​គ្រាប់​បែក​ជាច្រើន​កន្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​ត្រាង (Trang) ក្រាប៊ី ​(Krabi) ភូកេត ​(Phuket) ផាងញ៉ា (Phangnga) ណាខនស៊ី ធម្មារ៉ាត (Nakhon Si Thammarat) ស៊ូរ៉ាត ថានី (Surat Thani) និង​ប្រាឈួបគិរីខាន់ (Prachuap Khiri Khan) ជា​ទី​កន្លែង​ដែល​គ្រួសារ​ព្រះ​រាជ​វង្ស​ថៃ​មាន​ព្រះ​រាជ​ដំណាក់​លំហែ​ព្រះ​កាយ​នៅ​តំបន់​មាត់​សមុទ្រ​ក្នុង​ក្រុង​ហួហ៊ីន (​Hua Hin)។

សមត្ថកិច្ច​ថៃ​បានសុំ​ជំនួយ​ពី​ប្រទេសម៉ាឡេស៊ី ពី​ព្រោះ​ទូរស័ព្ទ​ដែល​ប្រើ​ដើម្បី​បំផ្ទុះ​គ្រាប់​បែក​មាន​ប្រភព​មក​ពី​ប្រទេស​នេះ។ ក្រុម​អ្នក​វិភាគ​ផ្នែក​សន្តិសុខ​អះ​អាង​ថា ចលនា​បះបោរ​បដិវត្ត​ជាតិ​និយម Barisan National Revolutionary និងក្រុម​ដទៃ​ទៀត​នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ក៏​បាន​ធ្វើ​ដំណើរ​ស្វែង​រក​ និង​ទទួល​បាន​ជំនួយ​ពី​ក្រុម​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែរ។

ការ​ស៊ើប​អង្កេត​នេះ​កើត​ឡើង​ខណៈ​ពេល​ដែល លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​អ្នក​ដឹក​នាំ​របប​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) គ្រោង​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ណាជីប រាហ្សាក់ (Najib Razak) អំពី​ការ​ស៊ើប​អង្កេត​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ។

អធិការ​ប៉ូលិស​ជាន់​ខ្ពស់​ថៃ លោក ផុងស្បាត ផុងឆារឿន (Pongspat Pongcharoen) ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ជឿ​ថា​ ការ​វាយ​ប្រហារ​នេះ​ពាក់​ព័ន្ធ​នឹង​ពួក​បះ​បោរ​នៅ​តំបន់​ព្រំប្រទល់​ភាគ​ខាង​ត្បូង​ឡើយ។

ប៉ុន្តែ​ជំនួយ​ការ​ប្រធាន​ប៉ូលិស​ជាតិ​លោក​ ស៊ូឆាត ធីរ៉ាសាវ៉ាត់ (Suchart Theerasawat) បាន​និយាយ​ថា គ្រាប់​បែក​ដែលគេ​ប្រើ​បី​ដង​ចុង​ក្រោយ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រាប់​បែក​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​កន្លង​មក​នៅ​ក្នុង​តំបន់​ព្រំ​ប្រទល់​ភាគ​ខាង​ត្បូង។

សមាជិក​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​ប្រឹក្សា​ឥស្លាម​ប្រចាំ​ខេត្ត​យ៉ាឡា (Islamic Yala Council) លោក នីមូ មីខាស (Nimu Makache) ប្រាប់ VOA ថា​ការ​បំផ្ទុះ​គ្រាប់​បែក​ទាំង​នេះ​ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​ថាពួក​បះ​បោរ​កំពុង​រីក​រាល​ដាល​ចេញ​ពី​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​ទាំង​បី ប៉ុន្តែ​លោក​និយាយ​ថា៖ «ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​របស់​ក្រុម​ប្រឆាំង​ ឬ​ក្រុម​ដែល​មិន​ចូល​ចិត្ត​រដ្ឋាភិបាល​យោធា។ ដូច្នេះ​វា​គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង»។ លោក​ក៏​បាន​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​របស់​ចលនា​បះបោរ​បដិវត្ត​ជាតិ​និយម Barisan National Revolutionary ក្នុង​ការ​វាយ​ប្រហារ​នេះ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​ថៃ​ម្នាក់​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ប្រាប់​ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា ​ការ​វាយ​ប្រហារដោយ​គ្រាប់​បែក​ពាក់​ព័ន្ធ​ទៅ​នឹង​ចលនា​បះ​បោរ​បដិវត្ត​ជាតិ​និយម BRN។

អ្នក​វិភាគ​រូប​នេះ​លើក​ឡើង​ថា៖ «ជា​ការ​ពិត​ណាស់​ដែល​ ចលនា​បះបោរ​បដិវត្ត​ជាតិ​និយម BRN គឺ​ជា​អ្នក​ផលិត​គ្រាប់​បែក​ទាំង​នោះ​។ ប៉ុន្តែ​រឿង​ដែល​យើង​មិន​អាច​បំបែក​បាន​គឺ​ថា តើ [ការ​វាយ​ប្រហារ​នេះ] ជា​គោល​បំណង​ផ្ទាល់​របស់​ចលនា​បះ​បោរ​បដិវត្ត​ជាតិ​និយម BRN (ដើម្បី​ពង្រីក​ការ​បះ​បោរ) ឬ​ចលនា​នេះ​កំពុង​សហការ​ជា​មួយ​ក្រុម​ណា​មួយ​នៅ​ក្នុង​នយោបាយ​ថៃ»។

ពេល​វេលា​បំផ្ទុះ​គ្រាប់​បែក​គឺ​ជា​សារ​មួយ

អ្នក​វិភាគ​ម្នាក់​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​ឡើង​ចំ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រី​ថៃនេះ គឺ​ជា​ចេតនា​របស់​ចលនា​បះ​បោរ​បដិវត្ត​ជាតិ​និយម​ BRN ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល និង​បំពេញ​បំណង​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ឲ្យ​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​ភាគ​ខាង​ត្បូង។ លើស​ពី​នេះ​គឺ​ដើម្បី​អុក​ឡុក​នយោបាយ​ក្នុង​ស្រុក។

លោក​និយាយ​ថា​ ការ​កំណត់​ពេល​វេលា​បំផ្ទុះ​គ្រាប់​បែក​ មួយ​ម៉ោង​ក្រោយ​ការ​ប្រារព្ធ​ពីធី​បែប​សាសនា​បង្ក​ឲ្យ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ។

លោកថា៖ «វា​គឺ​ជា​សារ​មួយ។​ ពួក​គេ​អាច​សម្លាប់​មនុស្ស​បាន​ច្រើន​ជាង​នេះ ​នៅ​ពេល​ដែល​មនុស្ស​កំពុង​ប្រមូល​ផ្ដុំ​គ្នា​បួងសួង។ ប៉ុន្តែ​ពួក​គេ​ចាំ​រហូត ដល់​ក្រោយ​ពេល​គោរព​ទង់​ជាតិ​ ជា​ពេល​ដែល​អ្នក​ចូល​រួម​ជា​ច្រើន​បាន​ចាក​ចេញ​បាត់​ទៅ​ហើយ»។

អ្នក​វិភាគ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា ការ​បំផ្ទុះ​គ្រាប់​បែក​លើក​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ឆ្នាំ២០០៦​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ពេល​នោះ​គ្រាប់​បែក​ ៩គ្រាប់​បាន​ផ្ទុះ​ក្នុង​ពិធី​បុណ្យ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ជាង​៣០នាក់​រង​របួស។

ការ​វាយ​ប្រហារ​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​គាំ​ទ្រ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) ដែល​ត្រូវ​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០០៦ ដែល​ធ្វើ​ឡើង​ដើម្បី​មូល​បង្កាច់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​របប​យោធា​នៅ​ពេល​នោះ។

លោកស្រី អង់ខាណា នីឡាបផៃឈីត (Angkhana Neelapaichit) សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​អំពាវនាវ​ឲ្យ​យោធា​ថៃ​បង្កើន​ការ​ការពារ​ និង​ការស៊ើប​អង្កេត​ដើម្បី​ទប់​ស្កាត់​អំពី​ហិង្សា​នា​ពេល​អនាគត។

លោកស្រី អង់ខាណា (Angkhana) បន្ថែមថា៖ «ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​គួរ​ប្រឹង​ប្រែង​ធ្វើ​ការ​ជាង​នេះ ពី​ព្រោះ​ពួក​គេ​គួរ​តែ​ទទួល​បាន​ព័ត៌មាន​ខ្លះៗ​ពី​ទីកន្លែង​មួយ​ចំនួន​ដែល​អាច​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ ដូច្នេះ​ពួក​គេ​អាច​ផ្ដល់​ដំណឹង​ជា​មុន​ដល់​ប្រជាជន»។

លោកស្រី ក៏​បាន​អំពាវ​នាវ​ឲ្យ​សមត្ថកិច្ច​ថៃ​អនុវត្ត​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព គោរព​តាម​ច្បាប់ និង​គោរព​សិទ្ធិ​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ផង​ដែរ៕

​ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG