អូបាម៉ា៖ ពិភពលោក​ត្រូវ​តែ​ប្រឈមមុខ​ជាមួយ​អ្នក​ជ្រើសរើស​ពួកភេរវករ​

ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅឯ​សេតវិមាន​ស្តីពី​ការ​តទល់​ជាមួយ​អំពើ​ជ្រុល​និយម​ដោយ​ហិង្សា​ កាល​ពីថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​ពិភព​លោកចាំបាច់​ត្រូវតែតទល់​ជាមួយ​នឹង​ពួកអ្នក​ជ្រើសរើស​និង​ពួក​អ្នក​ឃោសនា​ឲ្យ​លទ្ធិ​ជ្រុល​និយមហិង្សាពី​ព្រោះ​តែ​កម្លាំង​យោ​ធា​មិន​អា​ច​បញ្ឈប់​ភេរវកម្មនោះ​បាន​ទេ។

មេដឹកនាំ​អាមេរិក​រូប​នេះ ​បាន​បញ្ចេញ​គំនិត​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​បញ្ចេញមតិ​ដែល​បាន​បោះ​ពុម្ភផ្សាយនៅ​ក្នុង​កាសែត ​Los Angeles Times ​មុនពេល​ថ្លែង​សន្ទរកថា​ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នៅ​ឯ​សន្និសីទ​កំពូល​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោនស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​រារាំង​លទ្ធិ​ជ្រុល​និយម​ហិង្សា។

​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​សរសេ​រ​ថា ​យើង​ដឹង​ថា ​កងកម្លាំង​យោ​ធាតែ​មួយ​មុខ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​បាន​ទេ។ យើង​ក៏​ត្រូវ​ប្រឈម​ជាមួយ​ពួកជ្រុល​និយម ​ពួក​អ្នក​ឃោសនា​ ​ពួក​អ្នក​ជ្រើសរើស​ប្រើ​អំហិង្សា ​ដែល​អាច​មិន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សកម្មភាព​ភេរវកម្ម ​ក៏ប៉ុន្តែ ​ជា​អ្នក​ដែលជ្រើសរើស​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដូចនេះ។

​សន្និសីទ​កំពូល​កើត​មាន​ឡើងនៅ​ពេល​ដែល​សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធ​មិត្ត ​កំពុង​ខិត​ខំ​ទប់​ស្កាត់​ការ​កើន​ឡើង​ការ​បង្ហូរឈាម​ដ៏​ឆាប់​រហ័ស​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ​ហើយ​និងការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​កាណា​ដា ​និង​ប្រទេស​ដាណាម៉ាក។​

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ក្រុម​នានា​ដូចជារដ្ឋ​អ៊ីស្លាមនិង​ក្រុម​អាល់កៃដា​ (al-Qaida) ​បានឆ្លៀត​កេង​ប្រយោជន៍​ពីការ​ខឹង​សម្បារ​ដែល​ផ្ទុះ​ឡើងនៅពេល​ដែល​មនុស្ស​មាន​អារម្មណ៍​ថា ​អំ​ពើ​អយុត្តិធម៌និង​អំពើ​ពុករលួយ ​បាន​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​ជី​វិត​របស់​ខ្លួន​ប្រសើរ​ឡើង។ដូច្នេះ​ ពិភពលោក​ត្រូវ​តែផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​មនុស្ស​ក្មេង​ៗ​ទាំង​នោះ៕