ប៉ូលិសនៅក្នុងទីក្រុង Boston និយាយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយដែលរថយន្តតាក់ស៊ីមួយគ្រឿងបានបើកចូលទៅបុកហ្វូងមនុស្សនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុងនេះ មិនទំនងជាកើតឡើងដោយចេតនានោះទេ។
លោក David Procopio អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា មនុស្សចំនួន១០នាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ។ ជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រថយន្តតាក់ស៊ីនោះបានបើកចូលទៅបុកហ្វូងអ្នកថ្មើរជើងនៅក្បែរកន្លែងសម្រាប់រថយន្តតាក់ស៊ី នៅឯអាកាសយានដ្ឋានអន្តរជាតិ Logan។ ប៉ូលិសបានថ្លែងថា អ្នកបើកបររថយន្តតាក់ស៊ីនេះកំពុងសហការជាមួយនឹងអ្នកស៊ើបអង្កេត ហើយថាគ្មានភស្តុតាងបង្ហាញថា ហេតុការណ៍គ្រោះថ្នាក់នេះជាចេតនានោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍នៅទីក្រុង Boston នៃរដ្ឋ Massachusetts បានឲ្យដឹងថា អ្នកបើកបររថយន្តតាក់ស៊ីនោះទំនងជាបាត់បង់ការបញ្ជាទៅលើរថយន្តតាក់ស៊ីនោះ និងបានជាន់ឈ្នាន់បន្ថែមល្បឿនជាជាងជាន់ហ្វ្រាំងបន្ថយល្បឿន។ រថយន្តតាក់ស៊ីនោះបានបើកទៅបុកជញ្ជាំង បន្ទាប់ពីបើកទៅបុកមនុស្សម្នាដែលរង់ចាំជិះរថយន្តនៅឯអាកាសយានដ្ឋាន៕