ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ម្នាក់​និង​បុគ្គលិក​នៅ​តុលាការ​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត​នៅ​តួកគី​


ប៉ូលិស​ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​នៅ​ក្នុង​ក្រុង Izmir ប្រទេស​តួកគី កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
ប៉ូលិស​ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​នៅ​ក្នុង​ក្រុង Izmir ប្រទេស​តួកគី កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

ក្រុម​សកម្មប្រយុទ្ធ Kurd ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ​ក្បែរ​អគារ​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង Izmir ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​ប្រទេស​តួកគី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​សម្លាប់​ប៉ូលិស​ម្នាក់​និង​បុគ្គលិក​នៅ​ក្នុង​តុលាការ​ម្នាក់។ នេះ​បើ​យោង​តាម​សម្តី​របស់​អាជ្ញាធរ។ ​

លោក Erol Ayyildiz ​អភិបាល​ខេត្ត​នោះ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ដែល​ផ្សាយ​ផ្ទាល់​ថា «ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង បន្ទាប់​ពី​ប៉ូលិស​របស់​យើង​ចង់​បញ្ឈប់​រថយន្ត​មួយ​គ្រឿង​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលិស នៅ​ខាង​មុខ​អគារ​តុលាការ​នៅ Bayrakli។ នៅ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ ក្រុម​ភេរវករ​បាន​បំផ្ទុះ​រថយន្ត​នោះ ខណៈ​ដែល​ព្យាយាម​រត់​គេច​ខ្លួន»។ អាជ្ញាធរ​និយាយ​ថា ជន​ដៃ​ដល់​២​នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ហើយ​មាន​សេចក្តីរាយការណ៍​ថា ជនសង្ស័យ​ទី៣​កំពុង​ត្រូវ​បាន​តាម​ចាប់​ខ្លួន។ VOA សេវា​តួកគី​ បាន​ឲ្យ​ដឹង​ថា រថយន្ត​នៅ​កន្លែង​កើត​ហេតុ​បាន​ឆេះ។ មនុស្ស​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​វាយប្រហារ​នោះ។ រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើតហេតុ ដើម្បី​បញ្ជូន​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ ខណៈ​ដែល​ប៉ូលិស​នៅ​យាមត្បាត​សន្តិសុខ​នៅ​កន្លែង​កើត​ហេតុ។

លោក​អភិបាល​ខេត្ត Ayyildiz ក៏​បាន​មាន​ប្រសាសន៍​ថា ជន​ដៃដល់​មាន​ប្រដាប់​ដោយ​កាំភ្លើង​វែង​ស្វ័យប្រវត្តិ កាំភ្លើង​ធំ និង​គ្រាប់​បែក​ដៃ ដែល​ការ​វិនិច្ឆ័យ​ដំបូង​បង្ហាញ​ថា គឺ​ក្រុម​ PKK ដែល​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​នេះ។ ក្រុម​ក្រៅ​ច្បាប់ PKK ត្រូវ​បាន​តួកគី​ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវករ។ លោក​អភិបាល​ខេត្ត​ក៏​បាន​មាន​ប្រសាសន៍​ថា ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ទី​២ ដែល​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា។

នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បំផ្ទុះ​រថយន្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុងIzmir នេះ នៅ​ឡើយ​ទេ។

ហេតុការណ៍​បំផ្ទុះ​រថយន្ត​នេះ​បាន​កើតឡើង​ក្រោយ​ពី​ការបាញ់​សម្លាប់​រង្គាល​កាល​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ឯ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៣៩​នាក់៕ ​

XS
SM
MD
LG