នៅពេលតៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដោយបង្ហាញសកម្មភាពឱ្យដូចព្រឹត្តិការណ៍នៃការលុកលុយដោយចិន លោក Biden និងលោក Xi និយាយគ្នាតាមទូរសព្ទ ដែលជាការសន្ទនាគ្នាលើកទីប្រាំរបស់អ្នកទាំងពីរតាំងពី លោក Biden ចូលកាន់តំណែងមក។
អ្នកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានថ្លែងថា៖ «លោកទាំងពីរនាក់បានប្តូរទស្សនៈគ្នាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងផលប៉ះពាល់សាកលនៃសង្គ្រាមនេះ។ ស្តីពីតៃវ៉ាន់ លោក Biden បានគូសបញ្ជាក់ថាគោលនយោបាយអាមេរិកមិនប្រែប្រួលទេ ហើយថាអាមេរិកប្រឆាំងខ្លាំងដល់កិច្ចប្រឹងប្រែងជាឯកតោភាគីដើម្បីកែប្រែភាពដូចដើមឬការធ្វើឱ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់»។
ពួកមន្ត្រីមិនបាននិយាយទេថាតើការសន្ទនានេះបានបន្ថយភាពតានតឹងឬយ៉ាងណា ហើយភាគីទាំងពីរបានផ្តល់ព័ត៌មានមានកម្រិត។
លោក Robert Daly នាយកវិទ្យាស្ថាន Kissinger នៃមជ្ឈមណ្ឌល Wilson ថ្លែងថា៖ «នៅក្នុងការបង្ហាញជាសាធារណៈនៃជំនួបទាំងនេះរបស់ពួកគេ ចិននិងអាមេរិកតែងតែពណ៌នាអ្វីដែលប្រធានាធិបតីទាំងពីរនាក់បាននិយាយ។ គ្មានភាគីណាមួយពណ៌នាអ្វីដែលខ្លួនបានឮមកវិញទេ ដែលនេះជាការសំខាន់ជាង។ ពួកគេហហាក់ដូចជាបានឮតិចតួចណាស់»។
តែបញ្ហាតៃវ៉ាន់ជាការផ្តោតការយកចិត្តទុកដាក់ធំមួយ។ តៃវ៉ាន់បានធ្វើការហ្វឹកហ្វឺនត្រៀមសម្រាប់មានការវាយប្រហារតាមអាកាស នៅពេលមានភាពតានតឹងកាន់តែខ្លាំងបណ្តាលមកពីផែនការទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក នៅកោះនេះ។ ចិនចាត់ទុកតៃវ៉ាន់ថាជាខេត្តបំបែកខ្លួនរបស់ខ្លួន។
លោកស្រី Pelosi ថ្លែងថា៖ «ខ្ញុំយល់ថាជាការមានសារៈសំខាន់សម្រាប់យើង ក្នុងការបង្ហាញការគាំទ្រដល់តៃវ៉ាន់។ ខ្ញុំក៏យល់ដែរថា គ្មាននរណាម្នាក់ក្នុងបណ្តាពួកយើងបាននិយាយថាយើងគាំទ្រតៃវ៉ាន់ឯករាជ្យទេ។ ស្រេចតែតៃវ៉ាន់សម្រេចអំពីការណ៍នេះដោយខ្លួនឯង»។
ចិនបានព្រមានច្រើនដងថាខ្លួននឹងឆ្លើយតបខ្លាំងក្លា។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា៖ «ប្រសិនបើអាមេរិកជំរុញឱ្យមានទស្សនកិច្ចនេះ ហើយប្រឆាំងនឹងចិន អាមេរិកនឹងប្រឈមនឹងវិធានការប្រឆាំងម៉ឺងម៉ាត់។ អាមេរិកនឹងរងផលវិបាកទាំងអស់ដែលកើតចេញពីទស្សនកិច្ចនេះ»។
ចិនក៏បានរិះគន់ដែរដល់ច្បាប់ CHIPS ដែលត្រូវបានអនុម័តដោយរដ្ឋសភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា។ ច្បាប់នេះនឹងបង្កើនការផលិតបន្ទះអេឡិចត្រូនិក semiconductor របស់អាមេរិក និងផ្តល់ប្រាក់សម្រាប់ការផលិតនិងការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់បង្កើនភាពប្រកួតប្រជែងរបស់អាមេរិក។ គេចាត់ទុកវិធានការនេះថាជាការប្រឹងប្រែងដើម្បីទប់ទល់នឹងចិន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ