វាមានរយៈពេលជាង៣០ឆ្នាំមកហើយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ដែលប្រជាជនរាប់រយគ្រួសារនៅក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មិនទាន់មានអគ្គិសនីប្រើប្រាស់។
ជីវិតគ្មានអគ្គិសនីនេះ នាំឲ្យមានការត្អូញត្អែរពីអ្នកភូមិ ដោយសារវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អ្នកភូមិដែលរស់នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីក្រុងបាវិត បានចោទជាសំណួរអំពីមូលហេតុដែលមិនមានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់ដែលពួកគេកំពុងរស់នៅ ខណៈបង្គោល និងខ្សែភ្លើង ត្រូវបានរៀបចំរួចហើយ។
ទោះជាយ៉ាងណា ដើម្បីបំភ្លឺផ្ទះ និងបំពេញតម្រូវការមួយចំនួនទៀត ពួកគេបានប្រើប្រាស់បន្ទះកញ្ចក់សូឡា ដើរដោយព្រះអាទិត្យ ដើម្បីអាចទទួលបានថាមពលខ្លះសម្រាប់ប្រើប្រាស់នៅពេលយប់។
លោក សាន់ សុធា អាយុ៣៥ឆ្នាំ ជាអ្នកលក់អីវ៉ាន់ នៅលើផ្លូវគ្រួសក្រហមធំមួយក្នុងភូមិ បានថ្លែងប្រាប់ VOAថា លោកមានការងឿងឆ្ងល់ ថាមានបង្គោល និងខ្សែអគ្គិសនីនៅជិតភូមិ ពីរបីឆ្នាំមកហើយ តែហេតុអ្វីមិនមានអគ្គិសនីប្រើប្រាស់រហូតមកដល់ពេលនេះ។
លោកបន្តថា ការរស់នៅប្រចាំថ្ងៃ មានភាពលំបាកច្រើន ដោយសារមិនមានភ្លើងប្រើប្រាស់ ក្នុងនោះមានដូចជាការបំភ្លឺផ្ទះនៅពេលយប់ជាដើម។
ដើម្បីមានភ្លើងបំភ្លឺផ្ទះ និងប្រើប្រាស់តាមតម្រូវការចាំបាច់មួយចំនួន លោក សុធា មានប្រសាសន៍ថា កាលពីឆ្នាំមុន លោកបានសម្រេចទិញបន្ទះកញ្ចក់សូឡាខ្នាតកណ្ដាលតម្លៃប្រមាណ៤០០ដុល្លារអាមេរិក។
លោកបន្តថា លោកអាចប្រើប្រាស់បន្ទះកញ្ចក់សូឡាដើរដោយថាមពលព្រះអាទិត្យនេះ ដើម្បីបំភ្លឺអំពូលភ្លើង និងសម្រាប់កង្ហារ បើទោះជាមិនអាចប្រើប្រាស់ជាមួយឧបករណ៍អេឡិចត្រូនិកធំដុំផ្សេងទៀតបានក៏ដោយ។
លោក សាន់ សុធា ដែលបានបើកសេវាកម្មលាងម៉ូតូនៅផ្ទះផងនោះ បានអំពាវនាវឲ្យអាជ្ញាធររៀបចំឲ្យមានអគ្គិសនីប្រើប្រាស់ក្នុងភូមិឆាប់ៗខាងមុខនេះ។
លោកបានថ្លែងប្រាប់ VOA ថា៖
«ចង់សំណូមពរឲ្យមានភ្លើងចូលមកឆាប់ៗ ដូចថាយើងរកស៊ីលាងម៉ូតូអញ្ចឹង យើងមិនពិបាកបញ្ឆេះម៉ាស៊ីន យើងប្រើតែភ្លើងដោតម៉ូទ័រ»។
ប្រជាពលរដ្ឋម្នាក់ទៀត លោក អ៊ិន បយ អាយុ៦៥ឆ្នាំ បានរៀបរាប់ថា កន្លងទៅប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធររួចមកហើយអំពីអគ្គិសនីនេះ តែលោកថាមិនទាន់មានដំណោះស្រាយនៅឡើយទេ។ លោកបន្តថា ការរស់នៅប្រចាំថ្ងៃមានការលំបាក ដោយសារមិនមានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ។
លោកបានថ្លែងប្រាប់ VOA ថា៖
«វាដូចជា មកដល់ឥឡូវដល់អត់ភ្លើង បានន័យថាដូចធុញថប់ មានការតប់ប្រមល់ក្នុងចិត្ត។ យើងឧទាហរណ៍ចេញដើរផុតពីហ្នឹង ឃើញគេសុទ្ធតែភ្លើងព្រោងព្រាត ដល់ឯងពីនោះមកហ្នឹង វាអត់មានដែរ យើងមិនដឹងនិយាយថាម៉េច»។
លោកបន្តថា កាលពីឆ្នាំ២០១៤ លោកបានសម្រេចចិត្តទិញបន្ទះកញ្ចក់សូឡា ដើម្បីទទួលបានថាមពលប្រើប្រាស់។
លោកមានប្រសាសន៍ថា៖
«យើងរាល់ថ្ងៃនេះ បានន័យថាយើងចាំប្រព័ន្ធភ្លើងអគ្គិសនីវាយូរ។ វាយូរពេលវេលា អញ្ចឹងសុខចិត្តចំណាយលុយ ជាលក្ខណៈគ្រួសារ ប្រើភ្លើងផ្ទាំងសូឡានេះតែម្ដង»។
ក្រៅពីការប្រើប្រាស់បន្ទះកញ្ចក់សូឡានេះ អ្នកភូមិមួយចំនួននៅតែប្រើប្រាស់អាគុយសម្រាប់បំភ្លឺផ្ទះ។
អ្នកនាង ឈឹម ឆៃយ៉ា អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ និងជាពលរដ្ឋរស់នៅភូមិច្រកឫស្សី ក្នុងសង្កាត់បាទីដដែល បានថ្លែងប្រាប់ VOA ថា សព្វថ្ងៃនេះ អ្នកនាងប្រើប្រាស់អាគុយដើម្បីបំភ្លឺផ្ទះនៅពេលយប់ ដោយចំណាយប្រាក់មួយខែប្រហែល២ម៉ឺនរៀល។
អ្នកនាងបន្តថា អ្នកនាងមិនទាន់មានលទ្ធផល ដើម្បីទិញបន្ទះកញ្ចក់សូឡាប្រើប្រាស់ដូចអ្នកភូមិផ្សេងទៀតនោះទេ។
អ្នកនាងបានស្នើឲ្យមានអគ្គិសនីឆាប់ៗនៅក្នុងតំបន់ដែលកំពុងរស់នៅ ដើម្បីអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន។
អ្នកនាងមានប្រសាសន៍ថា៖
«ឥឡូវចង់បានភ្លើងប្រើឆាប់ៗហ្មង។ ធ្វើម៉េចឲ្យតែបានភ្លើងមកប្រើក្នុងក្រុមគ្រួសារ សប្បាយចិត្តណាស់ បានភ្លើងភ្លឺ»។
ចៅសង្កាត់បាទី លោក ចាន់ សារ៉ុន បានថ្លែងប្រាប់ VOAថា លោកក៏មិនដឹងពីមូលហេតុដែលមិនទាន់មានអគ្គិសនីចូលមកតំបន់នេះដែរ ដោយលោកបង្វែរសំណួរនេះទៅខាងអាជ្ញាធរថ្នាក់លើ និងខាងអគ្គិសនីវិញ។
ក្នុងខេត្តស្វាយរៀង រោងចក្រថាមពលសូឡាដើរដោយពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនសិង្ហបុរី ឈ្មោះ Sunseap តម្លៃជាង១២លានដុល្លារអាមេរិក ដែលអាចផលិតអគ្គិសនីបាន១០មេហ្គាវ៉ាត់ នឹងអាចត្រូវបានដាក់ឲ្យប្រើប្រាស់នៅចុងខែសីហា ខាងមុខនេះ។
ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Sunseap លោក Kelvin Ang បានថ្លែងប្រាប់ VOA តាមរយៈអ៊ីមែល ឬសារអេឡិចត្រូនិកថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្ដើមដំណើរការផលិតថាមពលនៅចុងខែសីហានេះ។
លោកបន្ថែមថា ថាមពលដែលបានមកពីរោងចក្រសូឡានេះ នឹងតភ្ជាប់ដោយផ្ទាល់ទៅនឹងបណ្ដាញថ្នាក់ជាតិរបស់អគ្គិសនីកម្ពុជា (EDC) ដែលមានចម្ងាយប្រមាណ៥,៥គីឡូម៉ែត្រពីរោងចក្រ។
លោកមានប្រសាសន៍ថា៖
«…វានឹងជួយបំពេញការខ្វះខាតថាមពលនៅគ្រប់តំបន់ដែលស្ថិតក្នុងបណ្ដាញរបស់ EDC។ យើងយល់ថា EDC កំពុងតែធ្វើការយ៉ាងខ្លាំង ដើម្បីពង្រីកបណ្ដាញជាបន្តបន្ទាប់ទៅក្នុងតំបន់ដាច់ស្រយាល ដែលមិនទាន់មានភ្លើងប្រើប្រាស់ រួមបញ្ចូលទាំងខេត្តស្វាយរៀងផងដែរ»។
បើតាមលោក Kelvin ក្នុងម៉ោងប្រើប្រាស់ច្រើនបំផុត ខេត្តស្វាយរៀងត្រូវការថាមពលច្រើនជាង២០មេហ្គាវ៉ាត់ ដូច្នេះថាមពល១០មេហ្គាវ៉ាត់ដែលបានមកពីរោងចក្រសូឡា នឹងជួយផ្គត់ផ្គង់ស្ទើរតែពាក់កណ្ដាលនៃថាមពលដែលត្រូវការនៅក្នុងខេត្តមួយនេះ។
ប្រទេសកម្ពុជា អាចផលិតថាមពលអគ្គិសនីប្រើប្រាស់ខ្លួនឯងប្រមាណ៥០ភាគរយ ដែលបានមកពីទំនប់វារីអគ្គិសនី ដូច្នេះប្រទេសនេះ ត្រូវការការនាំចូលអគ្គិសនីពីប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ។ ខេត្តស្វាយរៀង ក៏បាននាំចូលថាមពលអគ្គិសនីពីប្រទេសវៀតណាមផងដែរ។
អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានថ្លែងប្រាប់ VOA ថា បច្ចុប្បន្ននេះទំហំអគ្គិសនីនៅខេត្តស្វាយរៀង គឺគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទូទាំងខេត្ត។ ប៉ុន្តែ លោកបញ្ជាក់ថា តំបន់ខ្លះ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ដោយសារមិនទាន់មានបណ្ដាញតភ្ជាប់ គឺមានតែបង្គោល និងខ្សែភ្លើងតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«វាមិនខ្វះទេ ក៏ប៉ុន្តែសំខាន់លើខ្សែបណ្ដាញត បង្គោលភ្លើង បង្គោលអី ដាំសឹងតែអស់ហើយ មួយខេត្តហ្នឹង។ អញ្ចឹងកន្លែងណាមកទាន់ គេរៀបចំបណ្ដាញទាំងហ្នឹងហើយ ព្រោះគេមិនអាចទុកភ្លើងនៅសល់ទេ»។
អភិបាលខេត្តរូបនេះបន្តថា រោងចក្រសូឡាដើរដោយថាមពលព្រះអាទិត្យ នឹងបង្កើនថាមពលអគ្គិសនីបន្ថែមទៀតសម្រាប់ប្រើប្រាស់នៅក្នុងខេត្តមួយនេះ។
អ្នកភូមិផ្សេងទៀតដែលរស់នៅក្បែររោងចក្រសូឡា ក្នុងភូមិថ្លក ឃុំច្រកម្ទេស មានអគ្គិសនីរដ្ឋប្រើប្រាស់រួចហើយមកដល់ពេលនេះ ដែលមានតម្លៃ៦៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
អ្នកនាង គឹម ណាវី អាយុ២៦ឆ្នាំ ជាអ្នកលក់អីវ៉ាន់ម្នាក់នៅក្នុងភូមិថ្លក មានប្រសាសន៍ថា កាលពីមុន អ្នកនាងប្រើប្រាស់អគ្គិសនីឯកជនដែលមានតម្លៃខ្ពស់រហូតដល់១.២០០រៀល។ បន្ទាប់មកអ្នកនាងបានផ្លាស់ប្ដូរមកប្រើប្រាស់ភ្លើងរដ្ឋវិញ ដែលមានតម្លៃ៦៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ អ្នកនាងបានឲ្យដឹងទៀតថា អ្នកនាងបានប្រើប្រាស់ភ្លើងរដ្ឋនេះ ៣ទៅ៤ឆ្នាំមកហើយ ដោយចំណាយថវិកាប្រមាណ៥ទៅ៦ម៉ឺនរៀលក្នុងមួយខែ។
អ្នកនាងបញ្ជាក់ថា បើតម្លៃអគ្គិសនីចុះក្រោមនេះ រឹតតែល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកនាងមានប្រសាសន៍ថា៖
«បើបានចុះកាន់តែល្អ ក្រែងលោ សូឡានេះ គេដាក់ភ្លើងថ្មី ក្រែងលោគេថោកជាង បើខ្លាំងដូចគ្នា ល្អវិញ។ យើងប្រើច្រើន មិនសូវខ្លាចអស់គីឡូច្រើន អស់លុយច្រើន»។
ចំណែកអ្នកភូមិម្នាក់ទៀត អ្នកស្រី ស៊ឹម សុភាព អាយុ៤៩ឆ្នាំ បានប្រសាសន៍ថា អ្នកស្រីបានផ្លាស់ប្ដូរពីការប្រើប្រាស់អាគុយ មកអគ្គិសនីរដ្ឋជាង៥ឆ្នាំមកហើយ។ អ្នកស្រីរៀបរាប់ថា បើមិនមានភ្លើងអគ្គិសនីប្រើប្រាស់ ការរស់នៅប្រចាំថ្ងៃមានភាពលំបាក។
អ្នកស្រីមានប្រសាសន៍ថា៖
«ខុសគ្នាខ្ញុំទៅស្រុកដន្លង់ខ្ញុំ ទៅនៅ អត់មានភ្លើង ងងឹតឈឹង ប្រើអាគុយ។ ហើយយើងភ្លើង ភ្លឺពេញភូមិ ដាក់តែមួយពីរ ភ្លឺពេញហ្នឹង ហើយប្រើអាគុយមើលទៅស្លុងៗ ខ្ញុំថាធ្លាប់នៅផ្ទះឯង ភ្លឺចេះ ដល់ទៅផ្ទះគេ ពិបាកណាស់»។
អ្នកស្រីបន្តថា អ្នកស្រីបានប្រើប្រាស់ភ្លើងប្រចាំថ្ងៃ សម្រាប់ផ្សាដែក បូមទឹកស្រោចដំណាំ បូមទឹកដាក់ពាង និងប្រើប្រាស់សម្រាប់មើលទូរទស្សន៍ និងចាក់បទចម្រៀងស្ដាប់ជាដើម។
អ្នកស្រីមានប្រសាសន៍ថា ក្នុងមួយខែអ្នកស្រីបានចំណាយប្រាក់ចន្លោះពី៨ទៅ១០ម៉ឺនរៀលក្នុងការប្រើប្រាស់អគ្គិសនី។ ទោះជាយ៉ាងណា អ្នកស្រីសង្ឃឹមថា ភ្លើងនឹងចុះថ្លៃបន្តិច នៅពេលខាងមុខ៕