​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សន្យា​សហការ​ជាមួយ​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ដើម្បី​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ

លោក Moon Jae In ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្លែង​ក្នុង​ពិធី​ខួប​ទី​៧៣​នៃ​ការ​រំដោះ​ប្រទេស​ពី​អាណានិគម​ជប៉ុន​ កាលពី​ឆ្នាំ​១៩៤៥ នៅ​សារ​មន្ទីរ​ជាតិ​​ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃទី​១៥ សីហា ២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក ​Moon Jae In បាន​និយាយ​ថា​ លោក​និង​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក ​គីម ជុងអ៊ុន​ នឹង​ចាត់​ «វិធានការ​ម៉ឺង​ម៉ាត់‍» នៅ​ក្នុង​ជំនួប​កំពូល​របស់​លោក​ទាំង​ពីរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​ក្រោយ​នេះ ដើម្បី​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​រយៈ​ពេល ​៦ ទសវត្សរ៍​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ Moon Jae In បាន​ប្រកាស​ដូច​នេះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ៧៣ នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​ពី​ការ​ត្រួត​ត្រា​របស់​អាណានិគម​ជប៉ុន។

រដ្ឋាភិបាល​កូរ៉េ​ទាំង​ពីរ​បាន​ប្រកាស​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ​លោក​ Moon Jae In និង​លោក គីម ជុងអ៊ុន​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ខែ​ក្រោយ។ ​មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​ពីរ​ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ភូមិ​ Panmunjom នៃ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ។

នៅ​ក្នុង​អំឡុង​ពេល​ជំនួប​លើក​ដំបូង​របស់​ពួកគេ​កាល​ពី​ខែ​មេសា​ លោក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ដែល​កាល​នោះ​សង្គ្រាម​នេះ​បាន​បញ្ចប់​ដោយ​ការ​ផ្អាក​សង្គ្រាម​ មិន​មែន​ដោយសារ​សន្ធិសញ្ញា​សន្តិភាព​នោះ​ទេ ​ដែល​នេះ​មាន​ន័យ​ថា​ ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​សង្គ្រាម​ជាមួយ​នឹង​គ្នា។

លោក ​Moon Jae In បាន​និយាយ​ថា ​ទោះ​បី​ជា «ការ​បង្រួប​បង្រួម​នយោបាយ‍»​ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​មិន​អាច​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ក៏​ដោយ ក៏​ការ​បង្កើត​សន្តិភាព ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​រវាង​កូរ៉េ​ទាំង​ពីរ និង​ការ​បង្កើត​នូវ​សហគមន៍​សេដ្ឋកិច្ច​រួម​គ្នា​មួយ «នឹង​ក្លាយជា​ការ​រំដោះ​ដ៏​ពិត​ប្រាកដ​របស់​ពួក​យើង‍»៕