តុលាការខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនលោកឈូក បណ្ឌិតដាក់ក្នុងពន្ធនាគារទៅតាមបទចោទប្រកាន់លើសំណុំរឿងបាញ់ឲ្យរបួសកម្មការិនីចំនួន៣នាក់នៅក្នុងព្រឹត្តិការណ៍បង្រ្កាបការតវ៉ារបស់ក្រុមកម្មករ ដែលបានធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារឲ្យប្រសើរឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង កាលពីបីឆ្នាំមុន។
ការសម្រេចឃុំខ្លួនលោកឈូក បណ្ឌិតធ្វើឡើងក្រោយពេលដែលទណ្ឌិតរូបនេះបានចូលខ្លួនទទួលកំហុសនៅស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ។ ការបង្ហាញខ្លួនរបស់លោកឈូក បណ្ឌិតបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាសថា កម្លាំងប៉ូលិសនឹងមានកំហុស ប្រសិនជាលោកឈូក បណ្ឌិតមិនត្រូវបានចាប់ខ្លួន។
លោកផាន់ រតនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង មានប្រសាសន៍ប្រាប់វីអូអេថា លោកឈូក បណ្ឌិតត្រូវបានបញ្ជូនពីស្នងការដ្ឋាននគរបាលជាតិនៅរាជធានីភ្នំពេញមកដល់សាលាដំបូងខេត្តស្វាយរៀងនាល្ងាចថ្ងៃសៅរិ៍ ហើយលោកបញ្ជាក់ថា ទណ្ឌិតរូបនេះត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងហើយ។
«ខាងកម្លាំងស្នងការខេត្តបញ្ជូនគាត់ពីតុលាការយកទៅពន្ធនាគារ ប៉ុន្តែពេលមកពីភ្នំពេញ ខាងកម្លាំងប៉ូលិសភ្នំពេញ»។
លោកបន្តថា ការចូលខ្លួនទទួលទោសរបស់លោកឈូក បណ្ឌិតមិនមានការធ្វើអន្តរាគមន៍ពីមន្ត្រីរូបណាទេ ហើយថា លោកឈូក បណ្ឌិតពុំមានខ្នងបង្អែកដែលអនុញ្ញាតឲ្យលោកបានគេចខ្លួនជិតពីរឆ្នាំ ក្រោយពីតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារនោះទេ។
«ទេ នេះគាត់ចូលមកបញ្ចប់អាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំហ្នឹងណ៎ា។ ខ្ញុំសួរថា មានថ្នាក់ដឹកនាំណា? លោកមានលាក់ខ្លួននៅផ្ទះអ្នកធំណាដូចព័ត៌មាននិយាយអី? គាត់ថា អត់មានទេ គឺអត់មាននៅផ្ទះអ្នកធំណា អត់មានគេជួយគាត់ទេ»។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក់ក្នុងខេត្តកណ្តាលកាលពីថ្ងៃច័ន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសបញ្ជាឲ្យកម្លាំងប៉ូលិសតាមចាប់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សាមួយនៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ រវាងក្រុមបាតុករនៃគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសន្តិសុខជួលដោយសាលាខណ្ឌដូនពេញ។ នៅក្នុងពេលនោះ លោកក៏បានរំឮកដល់ទណ្ឌិតឈូក បណ្ឌិតផងដែរ។
«ឥឡូវសន្ទនានៅតែសន្ទនា ប៉ុន្តែរឿងច្បាប់ទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ អត់សន្ទនាជាមួយ។ បិទផ្លូវតវ៉ា។ អាហ្នឹង ខ្ញុំអត់មានសិទ្ធិ។ ហើយបញ្ជាតាមចាប់ខ្លួន ចេះតែតាមចាប់ខ្លួន ព្រោះអាហ្នឹងវារឿងព្រហ្មទណ្ឌ។ លោកឯងមិនតាមចាប់! ប៉ូលិសខុស! សូម្បីតែរឿងឈូក បណ្ឌិត មិនតាមចាប់ខ្លួនគឺប៉ូលិសខុស។ ទើបដល់ឥឡូវទើបឮអីចេញអាដែងស្អីអាំងតែប៉ូល ចេញតាមចាប់។ ឥឡូវអាបទល្មើសនៅថ្ងៃ១៥កក្កដា លោកឯងមិនតាមចាប់ បន្តិចទៀតលោកឯងនឹងខុស។ ខ្ញុំអត់ដាក់បញ្ជាជាថ្មីទេ តែខ្ញុំថ្ងៃមុនគ្រាន់តែរំឭក»។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែដោយសារបានបាញ់ឱ្យរបួសកម្មការិនីចំនួន៣នាក់ក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
លោកនី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោកទទួលបានដំណឹងពីការចូលខ្លួនទទួលទោសរបស់លោកឈូក បណ្ឌិតនេះតាមរយៈបណ្តាញសង្គម។ លោកយល់ថា ការចូលខ្លួនទទួលទោសរបស់លោកឈូក បណ្ឌិតនេះគឺដោយសារតែឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ដោយលោកបានបន្ថែមថា ករណីនេះបានឆ្លុះបញ្ចាំងពីភាពគ្មានម្ចាស់ការលើខ្លួនឯងរបស់តុលាការ។
«ត្រង់ហ្នឹងហើយដែលមានការទិតៀនពីបណ្តាអង្គការអន្តរជាតិ ដែលមានការទិតៀនថា តុលាការមិនឯករាជ្យ តុលាការគឺស្ថិតនៅក្នុងអំណាចនៃនីតិប្រតិបត្តិហ្នឹង»។
កាលពីចុងខែកក្កដាកន្លងទៅ ជនរងគ្រោះទាំងបីនាក់ដែលរងការបាញ់ប្រហារពីលោកឈូក បណ្ឌិតបានដាក់ពាក្យប្តឹងមករដ្ឋសភាជាតិដើម្បីសុំអន្តរាគមន៍តាមចាប់ខ្លួនលោកឈូក បណ្ឌិត និងទាមទារយុត្តិធម៌។ ពួកគេបានប្រៀបធៀបសំណុំរឿងរបស់ពួកគេជាមួយនឹងសំណុំរឿងកញ្ញាឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល នៅពេលដែលនាងត្រូវឧកញ៉ាសុខ ប៊ុនវាយតប់ធ្វើបាបយ៉ាងសាហាវឃោរឃៅ៕