ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សវនាការ​ឈូក បណ្ឌិត​ចាប់​ផ្តើម​ដោយ​គ្មាន​ជនសង្ស័យ​សំខាន់

  • ហេង ​រស្មី

​កម្មករ​ដែល​រងរបួស​ក្នុង​ការ​បាញ់​ប្រហា​រ ដែល​សង្ស័យ​​ថា ប្រព្រឹត្ត​​ដោយ​​លោក​ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​។
តុលាការ​ខេត្ត​ស្វាយរៀង​នៅថ្ងៃ​ពុធ​នេះ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​កម្មករ​ចំនួន​បី​នាក់​ឱ្យរង​របួស។​នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ។​

សវនាការ​ថ្ងៃទី​មួយ​នេះ​ពុំ​មាន​វត្តមាន​លោក​ ឈូក បណ្ឌិត​ ទេ​គឺ​មាន​វត្តមាន​តែ​ជន​រង គ្រោះ​តែ​បីនាក់​ប៉ុណ្ណោះ​ព្រមទាំង​លោក​ ស ចន្ថា​ មន្ត្រី​នគបាល​ក្រុង​បាវិត​ដែល​ត្រូវ​ឆ្លើយ​បំភ្លឺក្នុង​នាម​ជាជន​ជាប់​ចោទ​ថា​បាន​បាញ់ទៅ​លើ​ក្រុម​កម្មករ។​

នៅពេល​ចាប់​ផ្តើម​សវនាការ​មេធាវី​ការពារ​ក្តី​លោក​ ឈូក​ បណ្ឌិត​គឺលោក​ស៊ុន ប៊ុនរិទ្ធ​បាន​ទាមទារ​ឱ្យតុលាការ​ពន្យាពេល​សវនាការ​ដោយ​លើក​ហេតុផល​ពី​កំហុស​បច្ចេកទេស​របស់​រដ្ឋបាល​តុលាការ​ថា​បាន​កោះហៅ​កូន​ក្តី​របស់​លោក​មកក្នុង​នាម​ជាសាក្សី​មិន​មែន​ក្នុង​នាម ជាជន​ជាប់​ចោទទេ​ក៏​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​តុលាការ​បដិសេធ។

លោក​ មឿន តុលា​ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍បាន​និយាយ​ថា​នៅក្នុង​បន្ទប់​សវនាការ​តុលាការ​បាន​ដាក់​បង្ហាញ​អាវុធ​ខ្លី​មួយ​ដើម​ទុកជា​ភស្តុតាង​ជា​កម្មសិទ្ធិ​របស់​លោក​ ស ចន្ថា​ដោយ​ឡែក ​អាវុធ​ខ្លី​មួយ​ដើម​ផ្សេង​ទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឈូក បណ្ឌិត​មិន​បាន​ដាក់​បង្ហាញជា​ភស្តុតាង​ក្នុង​បន្ទប់​សវនាការ​ទេ។​

លោក​បាន​និយាយ​ថា​សាក្សី​ដែល​យក​មក​បង្ហាញ​ក្នុង​សវនាការ​មាន​ចំនួន​១៨នាក់​ហើយ​តុលាការ​ទើបតែ​បញ្ចប់​ការសាកសួរ​តែ៥នាក់​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា​ក្នុង​ចំណោម​សាក្សី​ទាំង​៥​នាក់​មាន​៤នាក់​បាន​និយាយ​ថា​លោក​ឈូក បណ្ឌិត​ជា​អ្នក​បាញ់​ទៅ​លើ​ក្រុម​កម្មករ​ហើយ​មាន​តែម្នាក់​ប៉ុណ្ណោះ​ដែល​និយាយ​ថា​លោក​ ស ចន្ថា​ជាអ្នក​បាញ់។

លោក​មឿន តុលា​បន្ថែម​ថា៖​
«តាម​ចម្លើយ​សាក្សី​ទាំង​៥នាក់​មាន​សាក្សី​បួន​នាក់​គឺបាន​ផ្តល់​ចម្លើយ​ស្រដៀងៗគ្នា​។តាម​ចម្លើយ​របស់​ពួកគាត់​ហ្នឹង​គឺមាន​ន័យថា​លោក​ឈូក បណ្ឌិត​ជាជន​សង្ស័យ​តែមួយគត់​ក្នុង​ការ​បាញ់​ធ្វើ​ឱ្យរបួស​កម្មករ​ហ្នឹង»។​

លោក ស ចន្ថាមន្ត្រី​នគបាល​ក្រុង​បាវិត​បាន​និយាយ​ប្រាប់​តុលាការ​ថា​លោក​មិន​បាន​បាញ់​កម្មករ​ទាំង​បីនាក់​ហ្នឹង​ទេ។ ​លោក​បាន​និយាយ​ថា​នៅថ្ងៃ​កើត​ហេតុ​លោក​ត្រូវ​បាន​ទទួល​បញ្ជា​ឱ្យទៅ​ឃ្លាំមើល​និង​ការពារ​រថយន្ត​បាញ់​ទឹក​ហើយ​ប៉ូលិស​ទាំង​អស់​មិន​អនុញ្ញាត​ឱ្យកាន់​កាំភ្លើង​ទេ។​

អ្នកស្រីកែវ នា​អាយុ១៩​ឆ្នាំ​កម្មការិនី​មួយ​ដែល​បាន​រង​របួស​ក្នុង​ចំណោម​កម្មការិនី​ទាំងបី​នាក់​នៅ​តែ​ចោទ​ប្រកាន់​ថា​លោក​ឈូក បណ្ឌិត​ជាអ្នក​បាញ់​មក​លើក្រុម​កម្មករ។​
អ្នកស្រី​នៅ​តែ​បន្ត​ទាមទារ​ឱ្យតុលាការ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​និង​ទាមទារ​សំណង​ជំងឺចិត្ត​ក្នុង​ម្នាក់ៗ​ពី​៤៥.០០០​ទៅ​៥០.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។​

អ្នកស្រី​កែវ នា​បន្ថែម​ថា៖ «ព្រោះ​ខ្ញុំគិតថា​៤៥.០០០​ហ្នឹង​មិន​ស្មើ​ជីវិត​ខ្ញុំ​មួយ​ទេ​បងពីព្រោះ​ពេល​ដែល​គាត់​បាញ់​មកលើ​នាង​ខ្ញុំ​គាត់​គិត​ថា​ជីវិត​របស់​នាង​ខ្ញុំ​គ្មាន​តម្លៃ​សម្រាប់​គាត់ទេ​បាន​ជាគាត់​ហ៊ាន​ធ្វើ​អញ្ចឹង​ចំពោះ​ខ្ញុំ»។​

លោក​ អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ដែល​តាម​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ​បាន​និយាយ​ថា​ឆ្លង​តាម​សវនាការ​មួយថ្ងៃ​ពុធ​នេះ​នៅតែ​បាន​អះអាង​ថា​លោក​ឈូក បណ្ឌិត​ជា​អ្នក​ជាប់ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ។​

លោកនិយាយថា៖ «សាក្សី​ដែល​ជា​ប៉ូលិស​នៅក្នុង​កន្លែង​កើត​ហេតុហ្នឹង​គាត់​បាន​បញ្ជាក់​ថា​គាត់​ឃើញ​លោក​ឈូក បណ្ឌិត​កាន់​កាំភ្លើង​នៅ​ពេល​ហ្នឹង​លោក​ឈូក បណ្ឌិត​ចូលទៅ​ហើយ​ឮសូរ​ផ្ទុះកាំភ្លើង​ពេល​ដែល​គាត់​មើល​ គាត់​ឃើញ​លោក​ឈូក បណ្ឌិត​គឺ​បាន​កាន់​កាំភ្លើង​នៅ​នឹង​ដៃ»។​

បន្ទាប់​ពី​បាន​សាកសួរ​ដេញ​ដោល​សាក្សី​និង​ជនរងគ្រោះ​លោក​ប្រធាន​ចៅក្រម​ជំនុំជម្រះ​ លោក​ លាង សួរ​បាន​ប្រកាស​ថា​សវនាការ​និង​បន្ត​នៅថ្ងៃ​ព្រហស្បតិ៍​ទៀត​ដោយ​ត្រូវ​បន្ត​សាកសួរ​សាក្សី​ចំនួន​១៣​នាក់​ផ្សេងទៀត។​

លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​ជាប់​សង្ស័យ​ថា​បានបាញ់​កម្មករ​ចំនួន​បីនាក់​ឈ្មោះ កែវ នា​ នុត សាខន​និង​ប៊ុន ចិន្តា​ ឱ្យរង​របួស​កាលពី​ថ្ងៃទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២។​
ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​បន្ទាប់​ពី​មាន​ក្រុម​កម្មករ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​ប្រសើរ​ឡើង៕
XS
SM
MD
LG