ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាឧទ្ធរណ៍​បញ្ចប់​សវនាការ​រឿង​ឈូក បណ្ឌិត​

  • ហេង រស្មី

លោក ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត
ភ្នំពេញ៖ សាលា​ឧទ្ធរណ៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បិទបញ្ចប់​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​បាញ់​កម្មករ​ចំនួន​បី​នាក់​ឱ្យ​រង​របួស​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ប្រកាស​សាល​ក្រម​ភ្លាមៗ​ទេ។​
លោក​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​គឺ​លោក ឃុន លាង​ម៉េង​បាន​និយាយ​ថា​សំណុំរឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​៤​ខែមិ​នា​ខាង​មុខ។​

សាលា​ឧទ្ធរណ៍​បាន​លើក​យក​សំណុំ​រឿង​បាញ់​កម្មករ​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​កាល​ពីខែកុម្ភៈ​ឆ្នាំ២០១២​យកមក​ជំនុំជម្រះ​រយៈ​ពេល​ពីរ​ថ្ងៃ​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​អង្កេត​ការណ៍​ឬ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ឡើយ​គឺបានធ្វើ​ជា​អសាធារណៈ។​

បើ​តាម​ការ​បញ្ជាក់​ពីជន​រងគ្រោះ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​អង្គសវនាការ​បាន​សួរ​ដេញ​ដោល​យ៉ាង​តឹង​សរសៃ​ក។ ក្រោយ​ពី​មាន​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ជាង​២០​នាក់​ជាមន្ត្រី​ប៉ូលិស​នៅ​តែ​ប្រកាន់​ជំហរ​ចោទប្រកាន់ថា​លោក ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ជាអ្នក​បាញ់​កម្មករ​ដោយ​ផ្ទាល់​ដៃ។​

ការ​សួរ​ដេញ​ដោល​នៅ​ក្នុង​បន្ទប់​សវនាការ​ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​សាលា​ក្តី​បាន​មើល​ឃើញ​តាម​កញ្ចក់​ថា​សាក្សី​រូប​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​និង​ចៅ​ក្រម​បានលើក​បង្ហាញ​ផែន​ទី​ទីតាំង​រោង​ចក្រ​និង​បញ្ជាក់​ពី​ទី​កន្លែង​ដែល​លោក​ឈូក បណ្ឌិត​បាន​បាញ់​ទៅលើ​ក្រុម​កម្មករ។​

ការ​ឆ្លើយ​បញ្ជាក់​របស់​សាក្សី​ជាញឹក​ញាប់​ត្រូវ​បាន​លោក​ឈូក បណ្ឌិត​សំឡឹង​មុខ​ដោយ​មិន​មាន​ការ​ហាម​ឃាត់​ពី​អង្គសវនាការ​ថា​នេះ​ជាការ​គំរាម​កំហែង​ដោយ​ប្រយោល​របស់​ជនជាប់​ចោទ​មកលើ​សាក្សី​នោះ​ទេ។​

លោក​ឈូក បណ្ឌិត​បានអង្គុយ​គង​អន្ទាក់​ខ្លា​នៅ​ពី​មុខ​ចៅ​ក្រម​ហើយ​ជា​រឿយៗ​ត្រូវ​បាន​គេមើល​តាម​កញ្ចក់​ឃើញ​លោក​បាន​ញាក់​ជើងដោយ​មាន​ឥរិយាបទ​ក្រអឺត​ក្រទម​ក្នុង​បន្ទប់​អង្គសវនាការ។​

លោក​ ឡុង ភន​ នាយរង​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ប្រាសាទ​បាន​ប្រាប់​អ្នក​កាសែត​ថា​លោក​បាន​ឃើញ​លោក​ឈូក​ បណ្ឌិត​ជាអ្នក​បាញ់​កម្មករ។​ជំហរ​របស់​លោក​នៅ​ក្នុង​អង្គសវនាការ​មិន​មាន​ការ​ផ្លាស់​ប្តូរតាំង​ពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិញមកម្ល៉េះ​ក្នុង​ខណៈ​ពេល​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​ផ្លាស់​ប្តូរ​ចម្លើយ​របស់​ខ្លួន​ដោយ​បាន​ឆ្លើយ​មិន​ច្បាស់​លាស់​ចំពោះ​ករណី​នេះ។​

«​បាទ​ដូចកាល​ពី​ម្សិល​ម៉ិញ​បាន​ឃើញ​។​ឃើញ​បាញ់​កម្មករ​ដួល»។​

មន្ត្រី​ប៉ូលិស​ផ្សេងទៀត​ដែល​បាន​មក​ធ្វើ​សាក្សី​នៅ​ក្នុង​តុលាការ​បាន​ព្យាយាម​គេច​ចេញ​ពី​អ្នក​កាសែត​ដោយ​បូក​រួម​ទាំង​លោក​ ស ចន្ថា​ ដែល​ជាប់​ចោទ​ថា​បាន​បាញ់​កម្មករ​ជាមួយ​លោក​ឈូក បណ្ឌិត​ផង​ដែរ។​

«ខ្ញុំ​អត់​មាន​ប្រាប់​អ្វី​ផង​គ្រាន់​តែ​ខ្ញុំថា​ពេល​ហ្នឹង​ខ្ញុំអត់​បាន​នៅ​កន្លែង​កើត​ហេតុ។​ខ្ញុំ​យល់​តែ​អ្វី​ក៏​ដោយ​ខ្ញុំ​សុំ​រក្សា​សិទ្ធិ​សិន»។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវឈុត​ជា​មន្ត្រី​ជាន់​ខ្ពស់។​លោក​ ឈូក បណ្ឌិត​ដែល​សង្ស័យ​ថា​ជា​ជន​ជាប់ចោទបាញ់​កម្មករ​បី​នាក់​ឱ្យ​រង​របួស​នៅ​តែ​បដិសេធ​មិន​ឆ្លើយ​និង​សំណួរ​របស់​អ្នកកាសែត​នៅ​ពេល​ដែល​បាន​ចោម​រោម​សាកសួរ​លោក។​

លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖

«បើ​បាញ់​គេ គេ​ដេញ​ដោល​ហើយ»។​

កញ្ញា ម៉ៅ សំពុទ្ធាវី​ មេធាវី​ការពារក្តី​លោក​ឈូក បណ្ឌិត​ បាននិយាយ​ថាការចោទ​ប្រកាន់​កូន​ក្តី​របស់​អ្នក​ស្រី​គឺ​ចេញ​ពី​សាក្សី​តែ​ប៉ុណ្ណោះ។​អ្នក​ស្រី​បាន​និយាយ​ថា​អាស្រ័យ​ទៅ​លើ​តុលាការ​ជាអ្នក​សម្រេច។​

«ខ្ញុំ​មិន​ឆ្លើយទេ​គឺអាស្រ័យ​ទៅ​លើ​តុលាការ​ជាអ្នក​សម្រេច»។​

កញ្ញា​បាន​បន្ត​ថា៖​«​ធម្មតា​សាក្សី​ជាអ្នក​និយាយ​តែតុលាការ​មិន​បាន​ចោទ​ប្រកាន់​ផង»។​

អ្នក​ស្រី​ប៊ុន ចិន្តា​ ជនរងគ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងបី​រូប​បាន​និយាយ​ថា​ចម្លើយ​សាក្សី​ដែល​ថា​លោក​ឈូក បណ្ឌិត​ជាអ្នក​បាញ់​កម្មករ​អ្នក​ស្រី​អាច​ទទួល​យក​បាន​ក៏​ប៉ុន្តែ​មាន​មន្ត្រី​ប៉ូលិស​ខ្លះ​បាន​ស្បថ​រួច​ហើយ​តែ​បាន​និយាយ​ខុស​ពី​ការ​ពិត។​

«​ខ្ញុំ​ជឿទុក​ចិត្ត​តែពូ​ម្នាក់​ហ្នឹង​ក្រៅពី​ហ្នឹង​និយាយ​ថា​លោក​ឈូក បណ្ឌិត​នៅ​ផ្ទះ​ អ្នក​ខ្លះទៀត​ថា​ឈូក បណ្ឌិត​មិនបាន​មកទេ​។ដូចថា​គាត់​និយាយ​ភាព​ជាក់​ស្តែង​តែ​ពូ​ម្នាក់​ហ្នឹង​។​អ្នកណា​និយាយ​មិន​ស្មោះត្រង់​ចេញ​មក​ក្រៅ​ចង់​ឱ្យ​ប្រកាច់​ងាប់​តែ​ម្តង»។​
លោក​អំ​ សំអាត​ មន្ត្រីផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ថាការ​ពិភាក្សា​សួរ​ដេញ​ដោល​ជារឿង​សំខាន់​ដែល​បញ្ជាក់​ច្បាស់​ពី​ការ​ពិត។​លោក​បាន​និយាយ​ថា​សាក្សី​ដែល​ហ៊ាន​និយាយ​ការពិត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នឹង​តាម​ឃ្លាំ​មើល​ពី​សុវត្ថិភាព​របស់​លោក៕​
XS
SM
MD
LG