ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អភិបាល​ក្រុង​ដែល​បាញ់​កម្មករ​របួស​នៅ​មាន​សេរីភាព​ក្រោយ​តុលាការ​កាត់​ទោស

  • ធីតា វីន

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ខែ​មុន​ នៅ​ក្រុង​បាវិត​
ពីរ​ខែ​គត់​ បើ​គិត​ចាប់​តាំងពី​ថ្ងៃ​ដែល​តុលាការខេត្ត​ស្វាយរៀង​សម្រេច​ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត ​និង​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ តែ​អតីត​អភិបាល​ក្រុង​បាវិតរូបនេះ​នៅតែ​មានសេរីភាព ​ដោយ​មិនមាន​ដាន​អ្វី​ជាក់​លាក់​ឡើយ។​

ការណ៍​នេះ​បណ្តាល​ឲ្យមន្រ្តី​សង្គម​ស៊ីវិល​ និង​ជន​រង​គ្រោះ​រិះគន់​ជា​ខ្លាំង​ថាការ​កាត់​ទោស​លោក​ឈូក ​បណ្ឌិត​គ្រាន់​តែ​ជា​ឆាក​ល្ខោន​នយោបាយ​តែ ប៉ុណ្ណោះ។​

កាលពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា​កន្លង​មក​នេះ​ តុលាការខេត្ត​ស្វាយរៀង​បាន​សម្រេច​ផ្តន្ទាទោស​លោក​ឈូក ​បណ្ឌិត​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​ ៦​ខែ​ពីបទ​ហិង្សា​ដោយ​អចេតនា ​និង​ពិន័យ​ជា​ប្រាក់​សរុប​ជិត​៤០​លាន​រៀល​គឺ​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ទៅ ​ឱ្យ​ជន​រងគ្រោះ​ដែល​ជា​កម្មការិនី​ចំនួន​បី​រូប។​

ការ​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា​ លោក​ឈូក ​បណ្ឌិត​មានទោសបាញ់​លើ​ស្ត្រី​ទាំងបី​នាក់​ដោយ​កាំភ្លើង​ខ្លី​ក្នុង​ពេល​ដែល​ពួកនាង​និង​កម្មករ​ជាង​១០០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី២០​ខែកុម្ភៈ​ឆ្នាំ២០១២​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយ​រៀង​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​គោរព​លក្ខ​ខណ្ឌ​ការងារ​ក្នុង​រោងចក្រ។​ ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏បាន​ចេញ​ដីការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ ​ក្រោយ​ពី​ការ​សម្រេច​ទោស​នោះ​ដែរ។​

លោក​មឿ​ន តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ឲ្យដឹង​ថា ​សមត្ថកិច្ចមិន​មាន​បំណង​ចាប់​លោក​ឈូក ​បណ្ឌិត​មក​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ទេ ​ពីព្រោះ​លោក​ឈូក​ បណ្ឌិត​ត្រូវ​បាន​គេ​ឃើញ​កំពុង​រស់​នៅ​យ៉ាង​មាន​សេរីភាព​ក្នុង​ប្រទេស។​

លោក​បាន​ចាត់​ទុក​ថា​ ការ​កាត់ទោស​លោក​ឈូក ​បណ្ឌិត​គ្រាន់តែ​ជា​ឈុត​ឆាក​ដើម្បី​បង្ហាញ​ពី​វិធាន​ការ​ច្បាប់​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​មុន​ការ​បោះឆ្នោត។​ ក៏ប៉ុន្តែ​ការ​មិន​ចាប់ខ្លួន​លោក​ឈូក បណ្ឌិត​បាន​ក្លាយ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​សំឡេង​ឆ្នោត​ទៅវិញ។​

លោក​និយាយថា៖​ «ការ​សម្រេច​នេះ​វា​ជា​ល្ខោន​នយោបាយ​មួយ​ដើម្បីឲ្យសង្គម​ស៊ីវិល​ ដើម្បីឲ្យសហជីព​នោះ​ស្ងប់ចិត្ត​ ពីព្រោះ​កន្លង​មក​គឺ​មាន​ការ​ទាមទារ​ខ្លាំង។​ ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង​គឺ​យើង​ឃើញ​ បើ​ទោះជា​មាន​ដីកា​ចាប់ខ្លួន​រួច​ក៏ដោយ។​ បើសិនជា​តុលាការ​ ឬក៏​អាជ្ញាធរ​ពិតជា​ចង់​ចាប់ខ្លួន​លោក​ឈូក​ បណ្ឌិត​មែន​ គឺថា ​លោក​ឈូក​ បណ្ឌិត​មិនគួរ​អាច​ទៅ​ណា​រួច​នោះ​ទេ។ ​ហើយ​មក​ដល់​ពេលនេះ​គឺ​យើង​នៅ​តែ​ទទួល​ព័ត៌មានថា​ គាត់​នៅ​ក្នុង​ប្រទេស​នៅ​ឡើយ​ទេ។​ វា​ជា​រឿង​មួយ​ដែល​ច្បាស់​តែម្តង​គឺ​អាជ្ញាធរ​គាត់​មិន​មាន​ចេតនា​ណាមួយ​ក្នុង​ការ​ចាប់​លោក​ឈូក ​បណ្ឌិត​មក​ដាក់​ពន្ធនាគា​រ​នោះ​ទេ»។​

លោក​មឿ​ន តុលា​ព្រមាន​ថា​ បើសិន​ជា​សមត្ថកិច្ចនៅតែ​ព្រងើយ​កន្តើយ​ក្នុង​ការ​ចាប់ខ្លួន​លោក​ឈូក​ បណ្ឌិត​ទៀត​នោះ ​ក្រុម​សង្គម​ស៊ីវិល​ និង​ក្រុម​កម្មករ​នឹង​ធ្វើ​កូដ​កម្ម​ធំ​មួយ​ទូទាំង​ប្រទេស ​បន្ទាប់ពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់។​

ការកាត់ទោស​លោក​ឈូក បណ្ឌិត​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​មានការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ជន​រងគ្រោះ​ កម្មករ​រោងចក្រ​កាត់ដេរ​ និង​សមាគម​កម្មករ​រោង​ចក្រ​ រួមទាំង​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ផង ​ក្រោយពេល​តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​កាលពី​ថ្ងៃ​ទី១៤​ខែ​ធ្នូ​២០១២​ ដោយ​លុប​ចោល​ការ​ចោទ​ប្រកាន់​លោក​ឈូក បណ្ឌិត​ ហើយ​ថា ​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​មិន​បាន​បាញ់​កម្មការិនី​ទាំងបី​នាក់​នេះ​ឡើយ​ បើ​ទោះ​បី​ជា​ជនសង្ស័យ​ខ្លួន​ឯង​ធ្លាប់​បាន​សារភាព​ថា ​ខ្លួន​ជា​អ្នក​បាញ់ ​មុន​ពេល​ដែល​ប្តូរ​ចម្លើយ​ក៏ដោយ​ ​ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​បាន​បញ្ជាក់​ថា​ ការ​ស៊ើប​អង្កេត​ចង្អុល​ថា ​ជន​នោះ​ជា​អ្នក​ដៃ​ដល់​ដែរ។​ កម្មការិនី​រង​របួស​ទាំងបី​នាក់ ​មាន​ឈ្មោះ​កែវ ​នៀ ​នុត ​សាខន ​និង​ប៊ុន ចិន្តា។​

អ្នក​ស្រី​កែវ នៀ​គឺ​ជា​ជនរង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​រងគ្រោះ​ទាំងបី​នាក់​នេះ។ ​នាង​បាន​សម្តែងការ​ភ័យ​ខ្លាច​ជាខ្លាំង​ នៅ​ពេល​ពិរុទ្ធ​ជន​នៅ​មិន​ទាន់​បាន​ចាប់​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ​ហើយ​នៅ​ពេល​នេះ​សំណង​ក៏​មិន​ទាន់​បាន​ផ្តល់​ឲ្យផង​ដែរ។​

នាង​និយាយ​ថា៖​ «រហូត​មក​ទាល់​ដល់​ពេល​ឥឡូវ​ហើយ ​លោក​ឈូក ​បណ្ឌិត​នៅ​តែ​នៅ​ក្រៅ​ឃុំ​ដដែល។ ​អ​ញ្ជឹ​ង​ហើយ​ពួក​ខ្ញុំ​៣​នាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច​តែ​ម្តង។​ ខ្ញុំ​គិត​ថា​ គាត់​ប្រកាស​ចោល​ ឲ្យរួច​ផុតពី​មាត់​គាត់​ទៅ។​ អានេះ​គេ​មាន​ខ្នង ​គេ​ធំ​ ហើយ​ម៉្យាង ​គេ​មាន​មុខមាត់។​ បើសិន​គេ​ចង់​ចាប់ ​គេ​ចាប់​បាន​ហើយ។ ​ខ្ញុំ​ចង់ឲ្យតុលាការ​ដំបូង​ខេត្ត​ស្វាយរៀង​ចាប់​ជន​ដៃដល់​ដាក់ទោស​ឲ្យ​បាន​ ហើយ​ឲ្យសង​ជំងឺចិត្ត​ដល់​ពួក​ខ្ញុំ។​ ឥឡូវ​ដៃ​ខ្ញុំ​ឡើង​ហើម​ប៉ុណ្ណា​ ប៉ុណ្ណី​ទៀត​ហើយ»។​

លោក​គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ​បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​តាម​ដាន​ចាប់​ខ្លួន​ទណ្ឌិត​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក​បាន​បញ្ជាក់​ថា ​សមត្ថកិច្ចនឹង​អាច​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​បាន​ជា​មិន​ខាន​ បើ​ទោះបី​ជា​នៅ​ពេលនេះ​មិន​ទាន់មាន​តម្រុយ​អ្វី​ពី​លោក​ឈូក​បណ្ឌិត​ក៏​ដោយ។​

លោក​និយាយថា៖​ «ឥឡូវ​ថ្មីៗ​នេះ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការ​បាន​ហៅ​ជំនាញ​មក​សង្កត់​បន្ថែម ​ដាក់​បញ្ជា​ថា​ ធ្វើ​យ៉ាងម៉េច​ឲ្យតាមរក​ចាប់​ឲ្យ​បាន ដាច់ខាត​ត្រូវ​ចាប់​ឲ្យ​បាន។ យើង​ខំប្រឹង​រក​តែ ​មិនទាន់មាន​តម្រុយ។ ​ មុន​បោះឆ្នោត​គឺ​យើង​មាន​តម្រុយថា​ គាត់​នៅ​មណ្ឌល​គី​រី។ ​យើង​មាន ចាត់​ចែង​ស្រាវជ្រាវ​រក​ទៅ ​វា​អត់​ឃើញ។ ​នៅតែ​តាមរក​អញ្ជឹង ​ហើយ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ច្បាស់លាស់»។​

សូម​រំឭក​ថា​ ក្រោយពី​បាន​បាញ់​លើ​ហ្វូង​បាតុករ​ លោក​ឈូក បណ្ឌិត​ត្រូវ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងស្រុក​រាយ​ការណ៍​ថា ​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោណ​ក្នុង​ភូមិ​គ្រឹះ​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​រូប។​

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ វប្បធម៌​នៃ​ការ​ឱ្យ​អ្នកធំ​និង​មាន អំណាច​រួចខ្លួន​ពី​ការប្រព្រឹត្ត​បទ​ល្មើស​របស់​ខ្លួននៅតែ​គ្រប​ដណ្តប់​សង្គម​កម្ពុជា​យ៉ាង​ក្រាស់​ក្រែល​ ហើយ​បញ្ហា​នេះ​ក៏​ជា​ចំណុចមួយ​ដែល​បាន​ទាញ​ទម្លាក់សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​អស់​រយៈ​ពេល​ជាង​៣០ឆ្នាំ​មក​ហើយ៕
XS
SM
MD
LG