អាជ្ញាធរប៉ូលិសកម្ពុជាអះអាងថាខ្លួនកំពុងធ្វើការដោយមិនមានការធ្វេសប្រហែលនិងបន្ធូរដៃទេក្នុងការតាមរកចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិត ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបាញ់ប្រហារលើកម្មការិនីរោងចក្រចំនួនបីនាក់។
លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យប៉ូលិសជាតិបានថ្លែងតាមសារវីដេអូមួយផ្សាយតាមគេហទំព័រអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃអង្គារថាប្រទេសកម្ពុជា បានស្នើសុំទៅអគ្គលេខាធិការនគរបាលអន្តរជាតិ អាំងទែប៉ូល ដើម្បីចេញនិវេទក្រហមទៅប្រទេសជាង១៩០ តាមចាប់ខ្លួនជននោះហើយ។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជាត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែដោយសារបានបាញ់ឱ្យរបួសកម្មការិនីចំនួន៣នាក់ក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
ប៉ុន្តែរហូតមកដល់ពេលនេះលោកឈូក បណ្ឌិតនៅកំពុងរត់គេចខ្លួននៅឡើយដែលនាំឱ្យជនរងគ្រោះទាំងបីនាក់បានដាក់ពាក្យប្តឹងមករដ្ឋសភាជាតិកាលពីថ្ងៃអាទិត្យដើម្បីសុំអន្តរាគមន៍តាមចាប់ខ្លួននិងទាមទារយុត្តិធម៌។ ពួកគេបានប្រៀបធៀបសំណុំរឿងរបស់ពួកគេជាមួយនឹងសំណុំរឿងកញ្ញាឯក សុជាតាហៅសាសាអតីតពិធីការិនីទូរទស្សន៍ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលនៅពេលដែលនាងត្រូវឧកញ៉ា សុខ ប៊ុន វាយតប់ធ្វើបាបយ៉ាងសាហាវឃោរឃៅ។
លោក គៀត ច័ន្ទថារិទ្ធិបានបញ្ជាក់ថា៖
«ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិនឹងបន្តដុតដៃដុតជើងរឿងនេះឱ្យចប់ចុងចប់ដើមគឺថាធ្វើម៉េចឱ្យជនរងគ្រោះក្មួយៗ ប្អូនៗជាកម្មការិនីបានទទួលយុត្តិធម៌ដូចអ្វីដែលក្មួយៗនិងប្អូនៗបានទាមទារអញ្ចឹង»។
លោកគៀត ច័ន្ទថារិទ្ធិក៏បានអំពាវនាវឱ្យមហាជនចូលរួមផ្តល់ព័ត៌មានជាក់លាក់ដែលអាចតាមចាប់ខ្លួនលោកឈូក បណ្ឌិតបាន ដោយលោកបញ្ជាក់ថាកន្លងមកអាជ្ញាធរទទួលបានព័ត៌មានពីកន្លែងលាក់ខ្លួនហើយប៉ុន្តែពេលទៅដល់ជនរូបនោះបានគេចខ្លួនបាត់៕