ដោយ​មើល​ឃើញ​ពី​ជ័យជម្នះ​ លោក​ស្រី​ Clinton​ បន្ថែម​ការ​ឃោសនា​ទៅ​លើ​រដ្ឋ​ដែលគាំទ្រគណបក្ស​សាធារណរដ្ឋ

លោក​ស្រី Hillary Clinton ថតរូប​ជាមួយ​អ្នក​គាំទ្រ។

ដោយមាន​កំណើន​ការ​ទុក​ចិត្តថា​លោក​ស្រី​នឹង​ឈ្នះនៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ លោក​ស្រី​ Hillary Clinton ​បេក្ខជនប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ពង្រីក​ការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​ទៅ​កាន់​រដ្ឋ​នានា​ដែល​ជា​ប្រពៃណី​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ ក្នុង​សេចក្តី​សង្ឃឹម​ថា ​នឹង​រារាំង​មាគារ​មួយ​ទៅ​កាន់​ជ័យជម្នះ​សម្រាប់​លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្សសាធារណរដ្ឋ​ និង​ដើម្បី​គាំទ្រ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​ជាប់​ឆ្នោត​ច្រើន​ជាងមុន​នៅ​ក្នុង​សភា​ស.រ.អា.។

ដោយ​នៅ​សល់​ពេល​តែ​បី​សប្តាហ៍​ទៀត​នឹង​ដល់ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ជូន​លោកស្រី​ Clinton ​និយាយ​ថា ​ពួកគេ​នឹង​ចំណាយ​ប្រាក់​២លាន​ដុល្លារ​ថែម​ទៀត​នៅ​ក្នុង​ការ​ផ្សាយ​ការ​ឃោសនា​នៅ​ក្នុង​រដ្ឋ​ Arizona ​នា​ប៉ែកខាង​លិច​ស.រ.អា.​ដែល​ប្រជារាស្ត្រ​នៅ​ក្នុង​រដ្ឋនេះ​បាន​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តែ​ម្តង​គត់​ក្នុង​ពេល​មាន​ការ​បោះ​ឆ្នោត​១៦​លើក​កន្លង​ទៅ​នេះ។

ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ជូន​លោកស្រី​ Clinton ​ក៏​គ្រោង​នឹង​បញ្ជូន​អ្នក​តំណាង​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នក​តំណាង​មាន​ប្រជាប្រិយភាព​បំផុត​របស់​ពួក​គេ​គឺ​លោកស្រី​ Michelle Obama ស្ត្រីទី​មួយ​ស.រ.អា.​ ទៅ​កាន់រដ្ឋ ​Arizona ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដើម្បី​ធ្វើការ​ប្រជុំ​ឃោសនា​មួយ​សម្រាប់​លោក​ស្រី​ Clinton។​ ការ​ស្ទង់​មតិ​ថ្មីៗ​បំផុតបង្ហាញ​ថា​ លោកស្រី​ Clinton ​និង​លោក Trump ​មាន​ការ​គាំទ្រប្រកិតៗ​គ្នា​នៅ​ក្នុង​រដ្ឋ​នេះ​ដែល​ឋិត​នៅ​ខាង​ជើង​ព្រំដែន​ប្រទេស​ម៉ិកស៊ិក។

បន្ថែមពី​លើនេះ​ ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ជូន​លោកស្រី​ Clinton ក៏​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋ​ពីរ​ក្នុង​ប៉ែកកណ្តាល​ខាង​លិច​ស.រ.អា.​ដែល​នៅ​ទី​នោះ​លោក ​Trump ​នាំ​មុខ​ គឺ​រដ្ឋ​ Missouri ​និង​រដ្ឋ​ Indiana។​ ក៏​ប៉ុន្តែ​រដ្ឋទាំង​ពីរ​នេះ​ក៏​មានការ​ប្រកួត​ប្រជែង​ប្រកិតៗ​ដែរ​សម្រាប់​តំណែង​ជា​សមាជិកព្រឹទ្ធ​សភា​ស.រ.អា.​ដែល​ពួក​ប្រជាធិបតេយ្យ​និង​ពួក​សាធារណរដ្ឋយល់​ឃើញ​ថា​មា​នសារៈ​សំខាន់​នៅ​ក្នុង​ការ​ខិតខំប្រឹង​ប្រែង​របស់​ពួក​គេ​ដើម្បី​ឱ្យ​មានការ​ត្រួតត្រា​ខាង​នយោបាយ​នៅ​ឆ្នាំ​ក្រោយ​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ ដែល​នៅ​ទី​នោះ​ពួក​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន។

ការ​ស្ទង់មតិ​ថ្មី​ៗបំផុត​បង្ហាញ​ថា ​លោកស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ស្វះស្វែង​ឱ្យ​បានក្លាយ​ទៅ​ជាប្រធានាធិបតី​ស្ត្រី​ទី​មួយ​របស់​ប្រទេស​អាមេរិក​ មាន​ការ​នាំ​មុខ​ច្រើន​លើស​លោក ​Trump ​ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ឈរ​ឈ្មោះ​ដំបូង​សម្រាប់​តំណែង​សាធារណៈ។ គេហទំព័រ​នយោបាយ​ Real Clear Politics ​និយាយ​ថា​ការ​ស្ទង់​មតិ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ជាតិ​បង្ហាញ​ថា​ លោកស្រី​ Clinton ​នាំ​មុខ​លោក​ Trump ​៧ភាគ​រយ។ចំណែក​ឯពួក​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​បាន​និយាយ​ថា​ លោកស្រី​មាន​ឱកាស​ប្រមាណ​៩​លើ​១០​ ក្នុង​ការ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ទី៤៥​របស់​ប្រទេស​អាមេរិក។​

លោកស្រី​ Clinton និង​លោក Trump ​នឹង​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​ជា​លើកទី​បី​និង​ជា​លើកចុង​ក្រោយ​បង្អស់នៅ​ថ្ងៃ​ពុធ​ដោយ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​នឹង​ប្រឈម​មុខ​នឹង​សំណួរ​ពិបាកៗ៕