ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ​សារភាព​ថា​លោក​បាត់​បង់ការ​គាំទ្រ​ពី​ក្រុម​ស្ត្រី​អ្នក​បោះ​ឆ្នោត


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ថើប​បដា​ដែល​សរសេរ​ថា «ស្ត្រី​សម្រាប់​លោក​ Trump» ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅ Lakeland។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ថើប​បដា​ដែល​សរសេរ​ថា «ស្ត្រី​សម្រាប់​លោក​ Trump» ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅ Lakeland។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អ.ខាង​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ ​បា​ន​ទទួល​សារភាព​ថា​លោក​បាត់​បង់​ការ​គាំទ្រ​ពី​ក្រុម​ស្ត្រី​អ្នក​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​លោក​បាន​បន្ទោស​អំពីការ​ខាតបង់ការ​គាំទ្រ​នេះ​ទៅ​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​បាន​រាយការណ៍អំពី​ស្ត្រី​ដែល​លោក​បាន​និយាយ​ថា​ បាន​ចោទ​ប្រកាន់​លោក​ដោយ​ខុស​ថា​លោក​បាន​លូក​លាន់​ខាង​កាមគុណ​លើ​ពួក​គេ។​

លោក Trump បាន​និយាយ​នៅ​ក្នុង​គណនី Twitter ​របស់​លោក​ថា​ការ​ស្ទង់មតិ​ក្នុង​ប្រទេសបង្ហាញ​ថា​ ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រឆាំង​នឹង​លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ប្រកិតៗ​គ្នា។ លោក​និយាយ​ថា៖ «ក៏​ប៉ុន្តែ​លោក​អ្នកអាច​ជឿឬ​ទេ​ថា​ខ្ញុំ​បាន​បាត់​បង់​ការ​គាំទ្រ​ពី​អ្នកបោះ​ឆ្នោត​ស្ត្រីច្រើន​នាក់​ ផ្អែក​ទៅ​លើ​ហេតុការណ៍​ដែល​បាន​ត្រូវ​ប្រឌិត​ដែល​មិន​បាន​កើត​មាន​សោះ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​ប្រើ​មធ្យោបាយ​មិន​សុចរិត​អំពី​ការបោះឆ្នោត»។

នៅ​ក្នុង Tweet មួយ​ទៀត ​លោក Trump ​ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​បាន​និយាយ​អះអាង​ទៀត​ថា​ បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​លម្អៀង​ប្រឆាំង​នឹង​លោក​ នៅ​ក្នុង​កិច្ចខិត​ខំប្រឹង​ប្រែង​មួយ​មាន​ការ​សម្រប​សម្រួល​ជា​មួយ​ក្រុម​អ្នក​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោកស្រី Clinton ​ដោយ​ផ្សព្វផ្សាយ​រឿង​ដែល​មិន​បាន​កើត​មាន​សោះ​នៅ​ក្នុង​ព័ត៌មាន​របស់​ពួក​គេ។

បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោកស្រី Clinton គឺ​លោក​ Tim Caine ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Virginia បាន​ចំអកដល់​ការ​ចោទ​ប្រកាន់​របស់​លោក Trump​ ដោយ​លោក​បាន​មានប្រសាសន៍​ប្រាប់​អ្នក​សម្ភាសន៍​លោក​ម្នាក់​ថា៖ «គាត់​បន្ទោសបណ្តាញ​ផ្សាយ​ព័ត៌មាន។ គាត់​បន្ទោស​ពួក​សាធារណរដ្ឋ។ គាត់​និយាយ​ថា​ប្រទេស​អាមេរិក​មិន​អាច​រៀប​ចំការបោះ​ឆ្នោត​ដោយ​យុត្តិធម៌​បាន​ទេ។ គាត់​យោល​ទៅ​យោល​មក​តាម​ការ​ស្រមើស្រមៃ​របស់​គាត់​ថា​មាន​ពួក​សត្រូវ​យាយី​គាត់​ពីព្រោះ​គាត់​ដឹង​ខ្លួន​ថា​គាត់​នឹង​ចាញ់​ឆ្នោត»។

ការ​ស្ទង់​មតិ​មួយ​នៅ​ទូទាំង​ប្រទេស​ធ្វើ​ឡើង​ដោយ​ Real Clear Politics ​បង្ហាញ​ថា​លោក​ស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា.​នាំ​មុខ​លោក​ Trump ចំនួន​៥,៥ភាគ​រយ។​ ការ​ស្ទង់​មតិ​ធំៗ​ពីរ​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ការ​ស្ទង់មតិ​រួម​រវាង​កាសែត​ The Washington Post ​និង​ទូរទស្សន៍​ ABC បង្ហាញ​ថា​ លោក​ស្រី​ Clinton ​ឈ្នះ​លោក Trump​ ៤៧​ភាគរយ​ទល់​នឹង​៤៣ភាគ​រយ​ក្នុង​ចំណោម​ក្រុម​ប្រជារាស្ត្រ​អាមេរិកាំង​ដែល​ទំនង​ជា​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៨ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

​ចំណែក​ឯ​បណ្តាញ​ទូរទស្សន៍​ NBC News និង​កាសែត​ The Wall Street Journal ​បាន​និយាយ​ថា​ ការ​ស្ទង់មតិ​របស់​ពួក​គេ​បង្ហាញ​ថា​ លោក​ស្រី​ Clinton ​ឈ្នះ​លោក​ Trump ​៤៨​ភាគរយ​ទល់នឹង​៣៧​ភាគរយ៕

XS
SM
MD
LG