ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បន្ត​អះអាង​ថា​ការ​បោះ​ឆ្នោត​ត្រូវ​បាន​លួច​បន្លំ​មក​លើ​រូប​លោក


លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ និយាយ​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​ Bangor កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា។
លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ និយាយ​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​ Bangor កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា។

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​បង្កើន​ការ​អះ​អាង​របស់​លោក​ថា​ការ​បោះឆ្នោត​ស.រ.អា.​មាន​ការ​បន្លំ​ទៅ​លើ​រូប​លោក។ លោក​និយាយ​ថា​ពួក​មេដឹក​នាំ​គណបក្ស​លោក​ឆាប់​ជឿ​ដោយ​មិន​បាន​គិត​ពិចារណា​ឲ្យ​ស៊ី​ជម្រៅការ​អះអាង​អំពី​ការ​បន្លំឆ្នោត​ដែល​អាច​នាំ​ឱ្យ​លោកស្រី​ Hillary Clinton​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​ជ័យជម្នះ។​

លោក ​Trump​ បាន​សរសេរ​នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ក្នុង​បណ្តា​អត្ថាធិប្បាយ​នានា​តាម​ Twitter ​ថា​ «ជា​ការ​ពិត​មាន​ការ​បន្លំ​ខាង​ការ​បោះឆ្នោត​ក្នុង​កម្រិតធំ​ដែល​កំពុង​កើត​មាន​នៅ​មុន​ថ្ងៃ​បោះឆ្នោត។ ​ហេតុ​ដូច​ម្តេច​បាន​ជា​ពួក​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បដិសេធ​ថា​គ្មាន​ការ​បន្លំទេ?​ នេះ​ជា​ការ​ឆោត​ល្ងង់!»។

ដោយ​នៅ​ពី​ក្រោយ​លោកស្រី​ Clinton​ នៅ​ក្នុង​ការ​ស្ទង់​មតិ​តែ​បី​សប្តាហ៍​នៅមុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ មហា​សេដ្ឋី​អចលនទ្រព្យ​រូប​នេះ​បានអះអាង​ដោយ​គ្មាន​បង្ហាញ​ភ័ស្តុតាង​ថា​ លោកស្រី​ Clinton​ បាន​ទទួល​សំណួរ​សម្រាប់​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​មុន​ពេល​កំណត់។​ លោក​បានបង្អាប់​បណ្តាញ​ផ្សាយ​ព័ត៌មានជាតិ​ថា​ «មិន​ស្មោះ​ត្រង់​និង​បំភ្លៃ​ព័ត៌មាន»​ដែល​លោក​បាន​និយាយ​ថា ​បាន​គាំទ្រ​បេក្ខភាព​របស់​លោក​ស្រី Clinton ​ហើយ​លោក​បាន​ត្អូញ​ត្អែរ​អំពី​ការ​រាយការណ៍​អំពី​ស្ត្រី​៩នាក់​និង​ «រឿង​ក្លែង​ក្លាយ​ទាំង​ស្រុង»​របស់​ពួក​គេ​ ដែល​ថា​លោក​បាន​បំពាន​ខាង​ស្នេហាលើ​ពួក​គេ​ច្រើន​ទសវត្សរ៍មក​ហើយ។​

លោក​ Mike Pence​ ដែល​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក​ Trump បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ «យើង​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ»។ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​បន្ថែម​ថា​ «ប្រជារាស្ត្រ​អាមេរិកាំង​ធុញ​ទ្រាន់​នឹង​ការលម្អៀង​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជាតិ។​ នេះ​ជាអត្ថន័យ​នៃ​ការ​បន្លំឆ្នោត​នៅ​ក្នុង​បរិបទ​នេះ»។

ការ​ស្ទង់​មតិ​សាធារណជន​ក្នុង​ប្រទេសចុងក្រោយ​បំផុត​នេះ​គឺ​កាល​ពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា ​លោក​ស្រី​ Clinton​ មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​លើស​លោក ​Trump។ សាកលវិទ្យាល័យ​ Minmouth ​និយាយ​ថា​ការ​ស្ទង់មតិ​របស់ខ្លួន​បាន​បង្ហាញ​ថា​លោកស្រី ​Clinton​ នាំមុខ​លោក ​Trump​ ៥០​ភាគ​រយ​ទល់​នឹង​៣៨​ភាគរយ។ចំណែក​ឯ​សាកលវិទ្យាល័យ​ George Washington ​វិញ​បាន​និយាយ​ថា​ ការ​ស្ទង់​មតិ​របស់​ពួក​គេ​បង្ហាញ​ថា​ លោក​ស្រី Clinton ​នាំ​មុខ​លោក ​Trump​ ៤៧​ភាគ​រយ​ទល់​នឹង​៣៩​ភាគរយ។

លោកស្រី ​Clinton​ ដែល​ស្វះ​ស្វែង​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​នៃ​ប្រទេស​អាមេរិក​ និងលោក​ Trump ដែល​ធ្លាប់​ជា​អ្នករៀប​ចំកម្មវិធិ​ជីវិត​ពិត​តាម​ទូរទស្សន៍​ហើយ​ដែល​ឈរ​ឈ្មោះ​លើក​ដំបូង​ដើម្បី​តំណែង​សាធារណៈ​នឹង​ជជែក​ដេញ​ដោល​គ្នា​ជា​លើក​ទី​បី​ និង​ជា​លើក​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ៕

XS
SM
MD
LG