ការស្រាវជ្រាវ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​មេរោគ​កូរ៉ូណា​បង្ក​ឲ្យ​មាន​ការ​តាន​តឹង

រូបឯកសារ៖ វ៉ាក់សាំង​ Dengvaxia ការ​ពារ​ជំងឺ​គ្រុន​ឈាម​ផលិត​ដោយ​ក្រុម​ហ៊ុន Sanofi នៅ​ប្រទេស​ហ្វីលីពីន។

នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​ឮ​ថា​ មាន​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩​ទេ ក៏ប៉ុន្តែ ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ថ្នាំ​វ៉ាក់​សាំង​ទាំង​នោះ​បាន​ចាប់​ផ្តើម​ហើយ។

ក្រុម​ហ៊ុន Sanofi ​ដែល​ជា​មហា​ក្រុមហ៊ុន​ឱសថ​របស់​បារាំង​ បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ផ្ដល់​ក្តី​សង្ឃឹម​ឲ្យ​សហ​រដ្ឋ​អាមេរិក​ ទទួល​បាន​មុន​គេ​នូវ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ​១៩។ លោក ​Edouard Philippe ​នាយក​រដ្ឋមន្រ្តី​បារាំង បាន​និយាយ​ទទូច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ណា​មួយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង​ នឹង​ត្រូវ​មាន​សិទ្ធិ​ស្មើៗ​គ្នា។

កំណត់​សម្គាល់​នេះ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក ​Paul Hudson​ អគ្គនាយក​ក្រុមហ៊ុន​ឱសថ ​Sanofi​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Bloomberg News ​ថា​ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក ​មាន​សិទ្ធិ​បញ្ជា​ទិញ​មុន​ដ៏​ច្រើន​បំផុត​ ពីព្រោះ​តែ​អាមេរិក​ បាន​វិនិយោគ​យ៉ាង​ច្រើន។ ក្រុមហ៊ុន​បារាំង​នោះ ​មាន​រោងចក្រ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ក៏ប៉ុន្តែ រោងចក្រ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​អឺរ៉ុប។​

លោក ​Serge Weinberg ​ប្រធាន​ក្រុមហ៊ុន​ Sanofi ​ប្រាប់​ទូរទស្សន៍​បារាំង​២​ថា​ «នឹង​មិន​មាន​ការ​ផ្តល់​អាទិភាព​ពិសេស​ដល់​ប្រទេស​ណា​មួយ​ទេ»។

មាន​ភាព​ចម្រូង​ចម្រាស​ស្រដៀង​គ្នា​នេះ​កាល​ពី​ខែ​មីនា​ សាធារណជន​ និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ​មាន​ប្រតិកម្ម​ខឹង​សម្បា​ដល់​សេចក្តីរាយការណ៍​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បានស្នើ​ផ្តល់​ចំនួន​១ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ឱសថ​អាល្លឺម៉ង់​ឈ្មោះ CureVac​ ដើម្បី​ទទួល​បាន​ថ្នាំវ៉ាក់សាំង​មិន​ខ្វះ​សម្រាប់​សហរដ្ឋ​អាមេរិក។

លោក ​Heiko Maas​ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ បាន​និយាយ​នៅ​ពេល​នោះ​ថា​ ពួក​អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់ បាន​ធ្វើ​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ជាក់​ការ​ពារ​ជំងឺ​កូវីដ​ ១៩​ជាផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​សាកល​លោក។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក បាន​ឆ្លើយ​តប​ថា សេចក្តី​រាយការណ៍​នោះ ​បាន​បំផ្លើស​ ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឱសថ​មួយ​ចំនួន ​

ទូទាំង​ពិភព​លោក​ដែល​កំពុង​ធ្វើការងារ​លើ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​នោះ។មន្រ្តី​ម្នាក់​និយាយ​ថា ក្រុមហ៊ុន​ឱសថ​ភាគ​ច្រើន​ បាន​ទទួល​ប្រាក់​ខ្លះ​ពី​ពួក​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក៕