មន្ត្រីសុខាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត Rick Bright ដែលចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងរបស់លោកថា លោកត្រូវបានគេដកចេញពីតំណែង ដោយសារតែលោកបានផ្ដល់អាទិភាពលើផ្នែកវិទ្យាសាស្ត្រនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវិបត្តិវីរុសកូរ៉ូណា គ្រោងបញ្ជាក់ប្រាប់សមាជិករដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះថា សាធារណជនត្រូវតែដឹងការពិត ដោយមិនត្រូវឲ្យគេបញ្ច្រៀបព័ត៌មានសម្រាប់គោលបំណងនយោបាយណាមួយទេ។
លោកវេជ្ជបណ្ឌិត Bright បញ្ជាក់នៅក្នុងសេចក្ដីថ្លែងបើក ដែលផ្សព្វផ្សាយមុនពេលសវនាការធ្វើឡើងដោយអនុគណៈកម្មាធិការសុខាភិបាលនៃគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់រដ្ឋសភា ថា៖ «យើងត្រូវតែដឹង និងទទួលយកនូវស្ថានការណ៍ដ៏លំបាកដែលយើងកំពុងប្រឈម។ យើងមានអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ អ្នកវិទ្យាសាស្ត្រទាំងនោះត្រូវតែបានគេអនុញ្ញាតឲ្យដឹកនាំលើបញ្ហានេះ»។
លោក Bright បាននិយាយថា លោកបានចាប់ផ្ដើមរំឮកថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសេវាកម្មមនុស្សកាលពីខែមករាអំពី «ការខ្វះខាតខ្លាំងក្លា» នូវឧបករណ៍ការពារដែលបុគ្គលិកសុខាភិបាលនៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវការដើម្បីការពារអ្នកជំងឺកូវីដ១៩។
លោកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងរបស់លោក ដូច្នេះថា៖ «ខ្ញុំបានជំរុញឲ្យក្រសួងសុខាភិបាល និងសេវាកម្មមនុស្សបង្កើនការផលិតម៉ាស់ ប្រដាប់ដកដង្ហើម និងឧបករណ៍សំខាន់ៗផ្សេងទៀត ដូចជាថ្នាំ ពេទ្យ ម្ជុលចាក់ថ្នាំ និងសំឡីត្បាល់ច្រមុះជាដើម។ ជាថ្មីម្ដងទៀត ការជំរុញរបស់ខ្ញុំនេះត្រូវបានគេច្រានចោល ហើយខ្ញុំត្រូវបានគេកាត់ចេញពីការប្រជុំកម្រិតខ្ពស់សំខាន់ៗនានា ទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»៕