ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក៖ ​«គ្មាន​ប្រទេស​ណា​ជួយ​ច្រើន​ជាង»​ អាមេរិកក្នុងការ​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទេ​


រូបឯកសារ៖ លោក ​Tibor Nagy អ្នក​ការ​ទូត​កំពូល​អាមេរិក​ទទួល​កិច្ចការ​ទ្វីប​អាហ្វ្រិក ថ្លែងនៅ​អំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

លោក ​Tibor Nagy អ្នក​ការ​ទូត​កំពូល​អាមេរិក​ទទួល​កិច្ចការ​ទ្វីប​អាហ្វ្រិក ​និយាយ​ថា​ ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ សហរដ្ឋអាមេរិក​បាន​ហ្វឹក​ហ្វឺន​ពួក​អ្នក​ធ្វើការ​ខាង​ការ​ថែ​ទាំ​សុខភាព​ ដើម្បី​ជួយ​ប្រទេស​ជាតិ​ក្នុង​ទ្វីប​អាហ្វ្រិក​លើកកម្ពស់​ប្រព័ន្ធ​សុខាភិបាល​របស់​ពួក​គេ។​

ហើយ​នៅ​ពេល​នេះ​ ការងារ​នេះ​កំពុង​ត្រូវ​សាក​ល្បង​ជាមួយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៧​ម៉ឺន​នាក់​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិកហើយ​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ប្រមាណ​១​ពាន់​នាក់​បាត់​បង់ជីវិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​ដែល​ជា​ចំនួន​តិច​បំផុត​នៅ​ក្នុង​តំបន់​មួយ​នៃ​ពិភពលោក​ដែល​អង្គការ​សុខភាព​ពិភពលោក​បំពេញ​ការងារ​របស់​ខ្លួន។​

លោក​ Nagy ​ដែល​ជា​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​នៃ​ការិយាល័យ​កិច្ចការ​ទ្វីប​ អាហ្វ្រិក​បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៦ ​ខែ​ឧសភា​ទៅ​កាន់​ពួក​អ្នក​កាសែតនៅ​ក្នុង​ទ្វីបអាហ្វ្រិក​ថា៖​

«រហូត​មក​ដល់​ពេល​នេះយើង​ជា​ប្រទេស​ជាតិ​ផ្តល់​ជំនួយ​ច្រើន​បំផុត​ដល់​ទ្វីប​អាហ្វ្រិក ។​ផល​ប្រយោជន៍​ជំនួយ​របស់​យើង​នេះ​មាន​នៅ​ទូទាំង​ទ្វីប​នេះហើយ​នៅ​ពេល​នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ការ​ប្តេជ្ញា​នេះ​មាន​ត​ទៅ​ទៀត។​ គ្មាន​ប្រទេស​ណា​មួយ​ជួយ​ទ្វីប​អាហ្វ្រិក​ច្រើន​ជាង​យើង​ទេ។ ​ក្នុង​ចំណោម​ទឹក​ប្រាក់​ជាង​៧៨០​លាន​ដុល្លារ​ដែល​សហរដ្ឋអាមេរិក​សន្យា​ជួយ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​នោះ​ ​ប្រាក់​ចំនួន​ជិត​២៥០​លាន​ដុល្លារ​គឺ​សម្រាប់​ជួយ​ទ្វីប​អាហ្វ្រិក»។​

ក៏​ប៉ុន្តែ​អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​សួរ​ថា​ តើ​សហរដ្ឋអាមេរិក​គិត​គូរ​បែប​ណា​អំពី​សេចក្តី​ប្រកាស​របស់​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ថា ​ខ្លួន​នឹង​ផ្អាក​ការ​បង់​ប្រាក់​ឱ្យ​អង្គការ​សុខភាព​សាកល​ធំ​បំផុត​ដែល​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា?​ ហើយ​ដែល​ប្រធាន​នៃ​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ បាន​ហៅ​សេចក្តី​សម្រេច​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បញ្ឈប់​ការ​បង់​ប្រាក់​នេះ​ថា​ជា​ «ការ​គួរ​ឱ្យ​ស្តាយ»​ ហើយ​ពួក​អ្នក​រិះគន់​និយាយ​ថា​ សេចក្តី​សម្រេច​របស់​អាមេរិក​នេះ​អាច​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ដែល​អាច​បញ្ចៀស​បាន​នៅ​ទូទាំង​ពិភពលោក។​

លោក​ Nagy​ និយាយ​ថា៖​

«យើង​បាន​វាយ​តម្លៃ​ពី​៦០​ថ្ងៃ​ទៅ​៩០​ថ្ងៃ​អំពី​ការ​ឆ្លើយ​តប​របស់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ក្នុង​ពេល​មាន​ភាព​អាសន្ន​បណ្តាល​មក​ពី​ជំងឺ​កូវីដ។​ដូច​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Mike Pompeo​ បាន​មាន​ប្រសាសន៍​អ៊ីចឹង។​ និយាយ​ជារួម​លោក​បាន​ថ្លែង​ថា​ទាក់ទង​នឹង​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ យើង​ដឹង​ថា​ ​ពួក​គេ​មាន​ការ​ងារ​ត្រូវ​ធ្វើ​ដែល​ជា​បេសក​កម្ម​តែ​មួយ​គត់​គឺ​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​រាត​ត្បាត​ជំងឺ​ជា​សាកល។​ ការ​បញ្ចៀស​នេះ​មិន​បាន​កើត​មាន​ទេ។​ នេះ​មិន​មែន​ជា​បរាជ័យ​លើក​ទី​មួយ​ទេ... យើង​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ផ្តល់​ប្រាក់​ច្រើន​ជាង​គេ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ហើយ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ​រដ្ឋាភិបាល​ក៏​គិត​អំពី​ផល​ប្រយោជន៍​នៃ​ពួក​អ្នក​បង់​ពន្ធ​អាមេរិកាំង​ដែរ​ដែល​បាន​ផ្តល់​ប្រាក់​ពី​៤​រយ​លាន​ដុល្លារ​ទៅ​៥​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឱ្យ​ អង្គការ​សុខភាព​ពិភពលោក​(WHO)។ ​ដូច្នេះ​ពាក្យ​និយាយ​ដោយ​ត្រឹម​ត្រូវ​គឺ​មិនមែន​ការ​ដកមូល​និធិ​ទេ​គឺ​បញ្ឈប់​ការ​ផ្តល់​មូលនិធិ ​អំឡុង​ដំណើរ​ការ​វាយ​តម្លៃ»។​

លោក​បាន​និយាយ​ថា​ លោក​មិន​អាច​ប្រាប់​អំពី​ចំនួន​សម្ភារៈ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រដាប់​ជួយ​ដក​ដង្ហើម​ដែល​សហរដ្ឋអាមេរិក​បាន​បញ្ជូន​ឬ​គ្រោង​នឹង​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ជាតិ​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ទេ។​

លោក​សាស្ត្រាចារ្យ​ Salim Abdool Karim ​ជា​អ្នក​ជំនាញ​ល្បី​ឈ្មោះ​ខាង​មេរោគ​ HIV ​ហើយ​លោក​ជា​ប្រធាន​គណៈ​កម្មាធិការ​ផ្តល់​យោបល់​របស់​រដ្ឋាភិបាល​អំពី​ជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​ករណី​មនុស្ស​មាន​ផ្ទុក​វីរុស​នេះ​ច្រើន​ជាង​គេ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។​

លោក​និយាយ​ថា​ ប្រទេស​នៅអាហ្វ្រិក ​ដែល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​បទ​ពិសោធន៍​ច្រើន​គួរ​សម​សម្រាប់​ចែក​រំលែក​ជាមួយ​ពិភព​លោក។​ លោក ​Karim​ និយាយ​ថា៖​

«ខ្ញុំ​យល់​ថា ​មាន​បទពិសោធន៍​មួយ​ដែល​យើង​បាន​រៀន​ច្រើន​គឺ​ធ្វើ​បែបណា​ចែក​ចាយ​ព័ត៌មាន​ឱ្យ​បាន​ឆាប់។​ ហើយ​យើង​មាន​វិធីច្រើន​ដែល​យើង​ធ្វើការ​នេះ​គឺ​តាម​រយៈ​ផ្លូវការ​និង​តាម​រយៈ​ក្រៅ​ផ្លូវ​ការ។ ​ដូច្នេះ​យើង​បែងចែក​បទ​ពិសោធន៍​និង​ជំនាញ​របស់​យើង​ពី​ព្រោះ​សមាជិក​ភាគ​ច្រើន​របស់​យើង​នៅ​ក្នុង​គណៈ​កម្មាធិការ​ផ្តល់​យោបល់​នេះ​ជា​មនុស្ស​មាន​ជំងឺ​ឆ្លង​ដោយ​មាន​ផ្ទុក​មេរោគ ​HIV។​ ហើយ​យើង​ប្រាប់​ឱ្យ​ដឹង​ច្រើន​អំពី​អ្វី​ដែល​យើង​ដឹង​អំពី ​HIV»។​

លោក ​Nagy​ ថ្លែង​ថា​ សហរដ្ឋអាមេរិក​ស្តាប់​ពួក​អ្នក​ជំនាញ​អាហ្វ្រិក​ដោយ​យក​ចិត្ត​ទុក​ដាក់។​ លោក ​Nagy និយាយ​ថា៖

«យើង​ទទួល​ស្គាល់​ជំនាញ​នៅ​គ្រប់​កន្លែង​ទាំង​អស់។​ មាន​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក ​ដែល​មាន​ជំនាញ​ដោយ​សារ​ប្រវត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​នៅ​ទី​នោះ​ដែល​ពួក​គេ​ត្រូវ​តែ​ដោះស្រាយ។​ ប្រទេស​ទាំង​នេះ​មាន​ជំនាញ​ច្រើន​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​មួយ​ចំនួន។​ យើង​ទាំង​អស់គ្នា​ត្រូវ​រៀន​ច្រើន​ពី​គ្នា»។

លោក ​Karim ​កត់​សម្គាល់​ថា​ ទ្វីប​អាហ្វ្រិក​គ្មាន​លក្ខណៈ​ឬ​ស្នេហ៍​មុខ​ពិសេស​ដែល​នឹង​បញ្ឈប់​មិន​ឲ្យ​វីរុស​នេះ​រាតត្បាត​នៅ​ទូទាំង​ទ្វីប​នេះ​បាន​ទេ។​ លោក​បាន​ថ្លែង​ថា​ ទោះ​ជា​មាន​ការ​ប្រុង​ប្រៀប​ឬ​មិន​មាន​ក៏​ដោយ​ ក៏​វីរុស​នេះ​មក​ដល់​ហើយ។

ប្រែសម្រូល​ដោយ​ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG