ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នូវែលសេឡង់​និង​ថៃ​មិន​មាន​ករណី​ឆ្លង​ថ្មី​ ខណៈ​មន្ត្រី​សុខាភិបាល​ព្រមាន​មិន​ឲ្យ​ប្រញាប់ប្រញាល់​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត


រូបឯកសារ៖ អតិថិនអង្គុយទទួលទានអាហារតាមចិញ្ចើមថ្នល់នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អតិថិនអង្គុយទទួលទានអាហារតាមចិញ្ចើមថ្នល់នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ប្រទេសថៃ​និង​នូវែលសេឡង់​រាយការណ៍​កាល​ពីថ្ងៃ​ពុធថា ពួក​គេ​ពួក​គេ​មិន​មានករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ទេ​ ខណៈ​ដែល​មន្ត្រី​សុខាភិបាល​បន្ត​ព្រមាន​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ពី​ការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ប្រសិន​បើ​ពួក​គេ​ប្រញាប់ប្រញាល់​បន្ធូរ​បន្ថយ​វិធានការ​ដាក់​កំហិត​ក្នុង​សង្គម។

អាជ្ញាធរ​នូវែលសេឡង់​ថាខ្លួន​មិន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​អស់​រយៈ​ពេល​២​សប្តាហ៍​មក​ហើយ ដែល​ជា​ជោគជ័យដ៏​ល្អ​ក្រោយ​ពីបទបញ្ជា​តឹងតែងហាមពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ផ្ទះរយៈ​ពេល​មួយ​ខែ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នូវែលសេឡង់​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ហាង​និង​ភោជនីយដ្ឋាន​ភាគ​ច្រើន​អាច​បើក​ឡើង​វិញ​បាន ដោយ​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។​

ចំណែក​ប្រទេស​ថៃ​វិញ​បាន​សម្រេចជោគជ័យ​នៃ​ការ​មិន​រក​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក ប៉ុន្តែ​អាជ្ញាធរ​ថៃ​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​ពាក់​ម៉ាស់​ពេល​ពួក​គេ​ចេញ​ទៅ​ទី​សាធារណៈ ហើយ​អាជ្ញាធរ​នឹង​សម្រេច​នៅ​ថ្ងៃ​សុក្រ​ថា​តើគួរ​អនុញ្ញាត​ឲ្យ​កន្លែង​ផ្សេង​ទៀត​ដូច​ជា​ផ្សារ​ទំនើប​ជា​ដើម​អាច​បើក​ឡើង​វិញ​ដែរ​ឬ​ទេ។

ប៉ុន្តែ​ទោះ​បី​ជា​ប្រទេស​ជា​ច្រើន​ ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប ចង់​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា​បើក​ទ្វារ​ឡើង​វិញ​ក្តី ក៏​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​ថា ការ​ប្រញាប់​ប្រញាល់បើក​សកម្មភាព​សង្គម​អាច​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​រាលដាល​ជា​ថ្មី​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩។

អ្នក​ជំនាញនាំ​មុខ​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​គឺ​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ថ្លែង​ប្រាប់គណៈកម្មាធិការ​មួយ​របស់ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារថា លោក​មាន​ការ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​រដ្ឋ​នានា​នៅ​អាមេរិករំលង​ដំណា​ក់កាល​ចាំបាច់​ដូច​ជា​មិន​រង់​ចាំ​ឲ្យ​តួលេខ​ឆ្លង​ថ្មី​ធ្លាក់​ចុះ​ឲ្យ​បាន​ពីរ​សប្តាហ៍​សិន​មុន​នឹង​ឲ្យ​អាជីវកម្មបើក​វិញ នោះ​អាច​នឹង​មាន​ផ្ទុះ​រាតត្បាតថ្មី។

សហរដ្ឋ​អាមេរិកពេល​នេះមាន​ករណី​ឆ្លង​កូវីដ១៩​ច្រើន​ជាង​គេក្នុង​ពិភពលោក ហើយ​នៅ​ថ្ងៃ​ពុធ​បាន​រាយការណ៍អំពី​ករណី​ឆ្លង​ថ្មី១០.០០០​ករណី។

គិតមក​ត្រឹម​ថ្ងៃ​ពុធ​ នៅទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ប្រមាណ​៤លាន​៣​សែន​នាក់ ហើយ​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​កូវីដ១៩​ចំនួន​ជាង​២៩២.០០០នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG