ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសនៅថ្ងៃអង្គារនេះ អំពីអ្វីមួយដែលប្រទេសនេះ បានហៅថា ជាសម្ព័ន្ធភាពយោធាឥស្លាមថ្មីមួយ ដែលមានសមាសភាព៣៤ប្រទេសចូលរួមដើម្បីប្រឆាំងនឹងភេរវកម្ម។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលគ្រប់គ្រងដោយរដ្ឋបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍មួយដោយនិយាយថា គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលមណ្ឌលប្រតិបត្តិការមួយនៅក្នុងរាជធានីរីយ៉ាដ (Riyadh) របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសម្របសម្រួលប្រតិបត្តិការណ៍យោធា។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា ភេរវកម្ម៖ «គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិតនិងសិទ្ធិរស់នៅដោយឥតភ័យខ្លាច»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖ «អំពើពុករលួយនិងអំពើភេរវកម្ម មិនអាចត្រូវបានអះអាងថាជាទង្វើសមហេតុផល តាមគ្រប់រូបភាពទាំងអស់។»
ព្រះអនុជនៃព្រះរាជបុត្រគ្រងរាជ្យ និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman បានមានបន្ទូលនៅក្នុងសន្និសីទសារព័ត៌មានមួយថា សម្ព័ន្ធភាពយោធានេះនឹងមិនផ្តោតទៅលើក្រុមភេរវជនជាក់លាក់ណាមួយទេ។ សម្ព័ន្ធភាពយោធានេះរួមមានប្រទេសស៊ូដង់ បារ៉ែន តួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី ជាផ្នែកមួយនៃក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងក្រុមរដ្ឋឥស្លាម។
ប្រទេសដទៃទៀតមកពីមជ្ឈឹមបូព៌ាដែលជាសមាជិកនៃសម្ព័ន្ធយោធាថ្មីនេះ រួមបញ្ចូល ប្រទេសទុយនីស៊ី លីបង់ លីបេរីយ៉ា និងអេហ្ស៊ីប។ ប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងម៉ាឡេស៊ី ក៏ជាផ្នែកនៃកិច្ចប្រឹងប្រែងនេះដែរ រួមជាមួយនឹងប្រទេសនៅអាហ្វ្រិកមួយចំនួនទៀតដូចជា សូម៉ាលី ម៉ាលី និងនីហ្សេរីយ៉ាជាដើម។
សេចក្តីថ្លែងការណ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសដទៃទៀតក៏បាន «សម្តែងការគាំទ្ររបស់ពួកគេ» ផងដែរ ដោយរួមទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានពលរដ្ឋកាន់សាសនាឥស្លាមច្រើនជាងគេបង្អស់លើលោក៕