អ្នក​ស៊ើប​អង្កេត​ព្យាយាម​រក​មូល​ហេតុ​ការ​បាញ់​ប្រហារ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​អាមេរិក

រូបឯកសារ៖ ច្រក​ចូល​ទៅ​កាន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក Pensacola ក្នុង​​ទីក្រុង Pensacola រដ្ឋ Florida។

ក្រុម​អ្នក​ស៊ើប​អង្កេត​សហ​រដ្ឋ​អាមេរិក​កំពុង​ព្យាយាម​រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​អាកាស​យានិក​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ ដែល​មក​បណ្តុះ​បណ្តាល​នៅ​សហរដ្ឋ​អាមេរិកធ្វើ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​មួយ​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក​នៅ​រដ្ឋ​ Florida។​

ការ​បាញ់​ប្រហារ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​កន្លែង​ទ័ព​អាកាស​នៃ​មូលដ្ឋាន​នាវា​ Pensacola ​បាន​ធ្វើ​ឱ្យ​មនុស្ស​បួន​នាក់​ស្លាប់ ​រួម​ទាំង​អ្នក​បាញ់​ប្រហារ​ផង។​ មន្ត្រី​អនុវត្ត​ច្បាប់​បាន​និយាយ​ថា​ មនុស្ស​៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​

មន្ត្រី​កងទ័ព​ជើង​ទឹក​និង​មន្រ្តី​អនុវត្ត​ច្បាប់​សហ​រដ្ឋ​អាមេរិក​បាន​កំណត់​អត្តសញ្ញាណ​ថា ​អ្នក​បាញ់​ប្រហារ​គឺ​ជា​អាកាស​យានិក​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពី​២០០​ទៅ​៣០០នាក់​ ដែល​បាន​មក​ហ្វឹក​ហាត់​នៅ​មូលដ្ឋាន ​Pensacola។

សារ​ព័ត៌មាន​ NBC​ បាន​ដក​ស្រង់​សម្តី​មន្ត្រី​អនុវត្ត​ច្បាប់ ​ដោយ​បាន​បញ្ជាក់​បន្ថែម​ថា ​អ្នក​បាញ់​ប្រហារ​នោះ​ឈ្មោះ Mohammed Saeed Alshamrani។​

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ បណ្តាញ​ទូរទស្សន៍​ Fox News ​បាន​រាយ​ការណ៍​ថា​ FBI បាន​ចាប់​ខ្លួន​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ចំនួន​៦​នាក់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ។ ​

មុន​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​មូលដ្ឋាន​នោះ​ ខ្មាន់​កាំភ្លើង​បាន​សរសេរតាម ​Twitter ​អំពី​ឆន្ទះខ្លួន​ និង​បាន​ដក​ស្រង់​សម្តី​របស់ ​Osama bin Laden ​ដើម្បី​បញ្ជាក់​ពី​សកម្ម​ភាព​របស់​ខ្លួន។ ​នេះ​បើ​យោង​តាម​ក្រុម់​ស៊ើប​ការណ៍​សម្ងាត់​អំពី​ការ​គំរាម​កំហែង​និង​ទំនាក់​ទំនង​របស់​ក្រុម​ជីហាដ៕