នៅឯកិច្ចប្រជុំកំពូលមួយនៅចក្រភពអង់គ្លេសក្នុងសប្ដាហ៍នេះ មេដឹកនាំពិភពលោកប្រារព្ធខួបទី៧០របស់អង្គការអូតង់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរិះគន់អង្គការនេះនិងបានធ្វើអត្ថាធិប្បាយអំពីការកាត់ផ្ដាច់ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះអង្គការនេះ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ នៅក្នុងសហរដ្ឋអាមេរិកវិញ ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងចំពោះការប្រព្រឹត្តខុសឆ្គងរបស់លោកប្រធានាធិបតីបន្ដចូលដល់ដំណាក់កាលថ្មីមួយទៀត។
កាលពីសប្ដាហ៍មុននៅឯការប្រមូលផ្ដុំសាធារណៈមួយក្នុងរដ្ឋ Florida លោកប្រធានាធិបតី ត្រាំ បាននិយាយបន្ទុចបង្អាប់ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែង។ ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលលោក ត្រាំ ទំនងជាបានស្នើឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតទៅលើលោក Joe Biden ដែលអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាមួយនឹងលោក ត្រាំ។
សមាជិកគណបក្សប្រជាធិបតេយ្យនិយាយថា ទង្វើរបស់លោក ត្រាំ អាចចាត់ទុកថាជាការគំរាមកំហែងឬជាការសូកប៉ាន់។ លោកប្រធានាធិបតីនិយាយថា ការស៊ើបអង្កេតនេះមានលក្ខណៈនយោបាយ។
កសិណសាក្សីសំខាន់ៗបានផ្ដល់សក្ខីកម្មកាលពីពេលថ្មីៗនេះនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែង ដែលត្រូវបានចាក់ផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍។
រដ្ឋបាលលោក ត្រាំ បានព្យាយាមរារាំងដល់ដំណើរការស៊ើបអង្កេតនេះ ដែលដឹកនាំដោយរដ្ឋសភាដែលគ្រប់គ្រងដោយសមាជិកគណបក្សប្រជាធិបតេយ្យ។ ក្នុងសប្ដាហ៍នេះ សមាជិកគណបក្សប្រជាធិបតេយ្យនឹងអញ្ជើញមន្ត្រីសេតវិមានឲ្យចូលរួមផ្ដល់សក្ខីកម្មក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះ។
សមាជិកគណបក្សសាធារណរដ្ឋស្វាគមន៍ចំពោះឱកាសនេះ ប៉ុន្តែមានការមិនពេញចិត្តដែលពួកគេមិនអាចហៅកសិណសាក្សីរបស់ខ្លួនទាំងអស់ឲ្យមកចូលរួមបាន៕