ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ស៊ើបអង្កេត​ផ្តោត​លើ​​ការស្អប់​​ជាតិសាសន៍​ក្នុង​ករណី​បាញ់​សម្លាប់នៅ​រដ្ឋ​តិចសាស​


មនុស្ស​ម្នា​នាំ​គ្នា​មក​កាន់​ទុក្ខ​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​អនុវិទ្យាល័យ​ El Paso បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ហាងទំនិញ​ Walmart ក្នុង​ទីក្រុង​ El Paso រដ្ឋ​តិចសាសកាលពី​ថ្ងៃទី​០៣ សីហា ឆ្នាំ២០១៩។
មនុស្ស​ម្នា​នាំ​គ្នា​មក​កាន់​ទុក្ខ​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​អនុវិទ្យាល័យ​ El Paso បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ហាងទំនិញ​ Walmart ក្នុង​ទីក្រុង​ El Paso រដ្ឋ​តិចសាសកាលពី​ថ្ងៃទី​០៣ សីហា ឆ្នាំ២០១៩។

មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​អែលប៉ាសូ រដ្ឋ​តិចសាសកំពុងតែ​ស៊ើបអង្កេតផ្តោត​លើឧក្រិដ្ឋកម្ម​សម្អប់​ជាតិសាសន៍​ចំពោះ​ការបាញ់​សម្លាប់​មនុស្ស​នៅ​ផ្សារទំនើប​ Walmart ​ដែល​មានមនុស្សស្លាប់អស់​យ៉ាងហោចណាស់​២០​នាក់​និង​របួស​២៦នាក់កាលពី​ថ្ងៃ​សៅរ៍។

លោក ​Greg Allen ​ប្រធាន​ប៉ូលិស​បាន​និយាយ​ថា​ពួកគេ​មាន​សារមួយ​បង្ហោះ​តាម​បណ្តាញ​សង្គមដែល​សរសេរ​ដោយ​ជនសង្ស័យ​ស្បែកសរូបនោះបញ្ជាក់​ថា​ការបាញ់​ប្រហារ​នេះ​គឺ​មាន​គោល​បំណង​សំដៅ​លើ​ជនជាតិ​ដែលមាន​ដើម​កំណើត​អេស្ប៉ាញ។ ឥឡូវ​នេះ​យុវជន​សង្ស័យ​ដែល​មាន​អាយុ​២១ឆ្នាំ​រូបនេះ​កំពុងតែ​ជាប់​ឃុំឃាំង។ ​

សារ​តាម​អ៊ីនធឺណិត​នោះ​ត្រូវ​បាន​បង្ហោះ​មួយ​ម៉ោង​មុន​ពេល​ការបាញ់​ប្រហារ​កើតឡើង​ហើយ​ក្នុងនោះ​មានពាក្យ​ពេចន៍​ដែល​ត្អូញត្អែ​អំពី​«ការចូលឈ្លានពាន​របស់​ជន​ដើមកំណើត​អេស្ប៉ាញ‍»​នៅ​រដ្ឋ​តិចសាស។ អ្នកសរសេរ​សារនោះ​បាន​បន្ថែម​ថា​ខ្លួន​រំពឹង​ថា​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​វិញ​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ។

លោក​វ៉ាគីន កាស្ត្រូ (Joaquin Castro) អ្នកតំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ​តិចសាស​បាន​បញ្ជាក់​នៅ ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«អំពើ​ភេរវកម្ម​ដ៏​អាក្រក់ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អេស្ប៉ាញ​នេះ​គឺ​ត្រូវ​បាន​ជំរុញ​លើក​ទឹកចិត្ត​ដោយ​វោហាសាស្រ្ត​ប្រឆាំង​ជាតិសាសន៍​និងបំបែក​បំបាក់និង​អាច​ធ្វើ​បាន​ដោយ​សារតែ​មាន​អាវុធ​ដែល​ប្រើ​ក្នុង​សង្គ្រាម‍»។​

លោក​កាស្ត្រូ​ បាន​បន្ថែម​ថា​៖

«ពាក្យពេចន៍​នៅ​ក្នុង​សារ​របស់​ជន​វាយប្រហារ​នេះ​ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​ការរៀបរាប់​របស់​លោក​ត្រាំ​អំពី​ជនអន្តោប្រវេសន៍​ដើមកំណើត​អេស្ប៉ាញ​ថា​«ជា​ជន​ឈ្លានពាន‍»។ ការបាញ់​ប្រហារ​នៅថ្ងៃនេះ​ជាការរំលឹក​យ៉ាងច្បាស់​ពី​គ្រោះ​ថ្នាក់​នៃ​វោហាសាស្រ្ត​ដូច​នេះ‍»​។

លោក​ កាស្ត្រូ ក៏​ជា​ប្រធាន​ក្រុម​ជនជាតិ​ដើម​កំណើត​អេស្ប៉ាញ​ប្រចាំ​នៅ​សភាតំណាងរាស្រ្ត​ផង​ដែរ។

លោក​អង់ដ្រេ ម៉ាណូអែល ឡូប៉េ អូប្រាដូ (Andres Manuel Lopez Obrado) ​ប្រធានាធិបតី​ម៉ិកស៊ិក បាន​បញ្ជាក់​ថា​មាន​ជនជាតិ​ម៉ិកស៊ិក​៣​នាក់​ត្រូវ​បាន​សម្លាប់​ក្នុងការវាយ​ប្រហារ​នោះ​ហើយ​៦​នាក់​ទៀត​បាន​រងរបួស។​

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ បាន​បង្ហោះ​សារ​តាម​ទំព័រ​ធ្វីតធឺ​កាលពីថ្ងៃសៅរ៍​ថា៖

«លោកស្រី Melania ​និង​ខ្ញុំ​សូម​បួងសួង​ដោយ​សុទ្ធចិត្ត​ដល់​ពលរដ្ឋ​ដ៏​អស្ចារ្យ​ក្នុង​រដ្ឋ​តិចសាស‍»។​

លោក​បាន​បន្ថែម​ថា៖ «ការបាញ់ប្រហារនៅ ទីក្រុង​អែលប៉ាសូ រដ្ឋ​តិចសាស​នៅ​ថ្ងៃនេះ មិន​គ្រាន់តែ​ជា​សោកនាដកម្ម​ទេ​ប៉ុន្តែ​វាជា​អំពើ​ដ៏​កំសាក​ផងដែរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ឈរ​នៅ​ជាមួយ​អ្នក​គ្រប់​គ្នា​ក្នុង​ប្រទេស​នេះ​ដើម្បី​ថ្កោលទោស​អំពើ​ដ៏គួរ​ឱ្យ​ស្អប់​ខ្ពើម​នៅថ្ងៃនេះ។ វាគ្មាន​ហេតុផល​ឬការដោះ​សារ​ណាមួយ​ដែល​សំអាង​ដើម្បីសម្លាប់​មនុស្ស​ស្លូតត្រង់ទេ...‍»៕

XS
SM
MD
LG