ប៉ូលិសរុស្ស៊ីបានឃុំខ្លួនមេដឹកនាំក្រុមប្រឆាំង គឺលោក Alexei Navalny និងអ្នកគាំទ្ររបស់លោករាប់រយនាក់នៅទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ នៅក្នុងការតវ៉ាប្រឆាំងនឹងអំពើពុករលួយ ដែលសំដៅទៅលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងក្រុមសម្ព័ន្ធមិត្តរបស់លោក។
លោក Navalny ដែលបានប្រកាសអំពីគោលបំណងរបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយដើម្បីប្រជែងជាមួយនឹងលោក Putin ត្រូវបានចាប់ឃុំខ្លួននៅខាងក្រៅគេហដ្ឋានរបស់លោកនៅក្នុងទីក្រុងមូស្គូ ភា្លមៗមុនពេលដែលបាតុករបានទៅតាមដងផ្លូវនានានៅទីនោះ នៅក្នុងទីក្រុង St. Petersburg និងនៅទីក្រុងដទៃទៀត។
អ្នកនាំពាក្យរបស់សេតវិមានម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានថ្កោលទោសទៅលើការឃុំខ្លួននេះ។ លោកបាននិយាយថា៖ «ការឃុំខ្លួនអ្នកតវ៉ាដោយសន្តិវិធី អ្នកអង្កេតការសិទ្ធិមនុស្ស និងអ្នកកាសែត គឺជាការប្រមាថដល់តម្លៃសំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកនឹងតាមដានស្ថានភាពនេះ ហើយយើងនិងអំពាវនាវដល់រដ្ឋាភិបាលរុស្ស៊ីឲ្យដោះលែងជាបន្ទាន់នូវអ្នកតវ៉ាដោយសន្តិវិធីទាំងអស់»។
អ្នកយកព័ត៌មានដែលបានឃើញអ្នកតវ៉ារាប់រយនាក់ត្រូវបានចាប់ឃុំខ្លួន ជាមួយនឹងស្ថាប័នមិនមែនរដ្ឋាភិបាលមួយដែលតាមដានការតវ៉ាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី ហើយមនុស្ស៣០០នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង St. Petersburg។ មនុស្សជាង៣០០០នាក់បានតវ៉ានៅក្នុងទីក្រុង Novosibirskហើយអ្នកផ្សេងទៀតប្រមូលផ្តុំគ្នានៅរមណីយដ្ឋានប៉ែកខាងត្បូងដូចជា Sochi, Krasnoyarsk, Kazan, Tomsk និង Vladivostok៕