ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក McCain៖ រុស្ស៊ី​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​សហរដ្ឋ​អាមេរិក


លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថ្លែង​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថ្លែង​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

លោក John McCain សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​បាន​មាន​ប្រសាសន៍កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​យល់ឃើញ​ថា​ប្រទេស​រុស្ស៊ី និង​ប្រធានាធិបតី​ Vladimir Putin នៃ​ប្រទេស​នេះ​ជា «ឧបសគ្គ​ធំ​បំផុត​ដែល​យើង​មាន» ហើយ​ឧបសគ្គ​នេះ​ធំ​ជាង​ឧបសគ្គ​ដែល​បង្ក​ឡើង​ដោយ​ពួក​រដ្ឋ​ឥស្លាម​ទៅ​ទៀត។​

ថ្លែង​នៅ​ក្នុង​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី លោក McCain បាន​មាន​ប្រសាសន៍​ប្រាប់​ ក្រុមហ៊ុន​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​អូស្ត្រាលី Australian Broadcasting Company ថា​ប្រទេស​រុស្ស៊ី​បាន​ខិតខំ​ព្យាយាម «បំផ្លាញ​គ្រឹះ​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ» ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. និង​ការ​បោះឆ្នោត​ឯ​ទៀតៗ​ក្នុង​ពិភពលោក។​

អត្ថាធិប្បាយ​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump ប្រឈម​នឹង​ការ​ស៊ើបអង្កេត​អំពី​ថា​តើ​រដ្ឋបាល​នេះ​មាន​ការ​ជាប់ទាក់ទង​ជាមួយ​រុស្ស៊ី​ឬ​ទេ ដោយ​មាន​រួមបញ្ចូលរបាយ​ការណ៍​ដែល​ថា​ Jared Kushner កូន​ប្រសារ​ប្រុស​របស់​គាត់ ​និង​ជាទីប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន​បាន​ប៉ុន​ប៉ង​បង្កើត​ទំនាក់ទំនង​សម្ងាត់​ជាមួយ​ពួក​មន្ត្រី​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​នៅ​មុន​ពិធី​សម្ពោធ​តំណែង​ប្រធានាធិបតី​របស់​លោក Trump។​

លោក McCain បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «ខ្ញុំ​ដឹង​ថា​មន្ត្រី​ខ្លះ​នៃ​រដ្ឋបាល​នេះ​និយាយ​ថា​ នេះ​ជា​ទម្រង់ការ​តាម​ស្តង់ដារ។ ខ្ញុំ​មិន​យល់​ថា​នេះ​ជា​ទម្រង់ការ​តាម​ស្តង់ដារ​នៅ​មុន​ការ​សម្ពោធ​តំណែង​របស់​ប្រធានាធិបតី​ស.រ.អា.​ម្នាក់​ដោយ​នរណា​ម្នាក់​ដែល​គ្មាន​តំណែង​តាម​រយៈ​ការ​តែងតាំង​ទេ»។

កាសែត The New York Times បាន​ដក​ស្រង់​ពាក្យ​សម្តី​អ្នកស្រី​ Hope Hicks អ្នកនាំ​ពាក្យ​សេតវិមាន​ដែល​បាន​និយាយ​ថា​ លោក Kushner បាន «ធ្វើ​សកម្មភាព​ក្នុង​ឋានៈ​គាត់​ជា​មន្ត្រី​អន្តរកាល​ម្នាក់» ហើយ​ថា​គាត់​យល់ព្រម​ពិភាក្សា​អំពី​ជំនួប​ជាមួយ​ពួក​អ្នកស៊ើបអង្កេត​របស់​សភា​ស.រ.អា.។

ប្រធានាធិបតី​ Trump បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​ពួក​អ្នក​ឃោសនាបោះឆ្នោត​ឱ្យ​គាត់​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី៕

XS
SM
MD
LG