ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​រុស្សី​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​និង​ពិន័យ​ជា​ប្រាក់​ចំពោះ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ


លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំងក្នុង​ប្រទេស​​រុស្ស៊ី ថ្លែងនៅ​ពេល​ប៉ូលិស​​យកលោក​​មក​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៧ ខែមីនា។
លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំងក្នុង​ប្រទេស​​រុស្ស៊ី ថ្លែងនៅ​ពេល​ប៉ូលិស​​យកលោក​​មក​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៧ ខែមីនា។

តុលាការ​មួយ​នៅ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ បាន​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​និង​ជា​អ្នក​សរសេរ​ប្លក់​ ប្រឆាំង​នឹង​អំពើ​ពុករលួយ ​គឺ​លោក Alexei Navalny ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ថ្ងៃ ចំពោះ​ការ​ប្រឆាំង​នឹង​ប៉ូលិស និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រមាណ​៣៥០​ដុល្លារ ចំពោះ​ការ​រៀបចំ​នូវ​អ្វី​ដែល​អាជ្ញាធរ​ហៅ​ថា ជា​ការ​តវ៉ា​ខុស​ច្បាប់​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​មូស្គូ។

លោក​ Navalny ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​ក្រុម​មន្ត្រី​ដែល​ថា បាតុកម្ម​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ដែល​ជា​ផ្នែក​មួយ​ការ​តវ៉ា​ដ៏​ធំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ គឺ​ជា​រឿង​ខុស​ច្បាប់។​

«ដោយ​យោង​តាម​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី នៅ​ក្នុង​ករណី​ដែលអាជ្ញាធរ​បដិសេធ​ ឬ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ធ្វើ​បាតុកម្ម​មិន​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​មុន​ការ​ធ្វើ​បាតុកម្ម យើង​ត្រូវ​ទៅ​ធ្វើ​នៅ​កន្លែង​ដើម។ លក្ខខណ្ឌ​ផ្លូវ​ច្បាប់​ត្រូវ​បាន​គោរព​តាម​១០០​ភាគរយ»។ នេះ​ជា​សម្រង់​សម្តី​របស់​លោក Navalny ដែល​បាន​ថ្លែង​ទៅ​កាន់​តុលាការ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ TASS។

លោក​ Dmitry Peskov អ្នកនាំពាក្យ​របស់​វិមាន​ក្រឹមឡាំងបាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អាជ្ញាធរ​មូស្គូ​ផ្តល់​ជម្រើស​២​កន្លែង​ទៀត​ដល់​អ្នក​រៀបចំ​បាតុកម្ម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax។ ​លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កន្លែង​ទាំង​ពីរ​នោះ​មិន​ត្រូវ​បាន​គេ​ទទួល​យក។ តាមពិត ពួកគេ​មាន​បំណង​ចង់​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​កន្លែង​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត។ ជា​ការ​ពិត​ណាស់ ​គ្មាន​នរណា​ម្នាក់​ឯកភាព​នោះ​ទេ»។

លោក ​Dmitry Peskov បាន​ហៅ​បាតុករ​ថា​ជា​អ្នក​បង្ករឿង​ដែល​ចង់​បង្ក​ហិង្សា ហើយ​លោក​ក៏​បាន​ចោទ​ប្រកាន់​អ្នក​រៀបចំ​ការ​តវ៉ា​នេះ​ថា​កេងប្រវ័ញ្ច​លើ​កុមារ ដោយ​អះអាង​ថា មនុស្ស​ជាច្រើន​ត្រូវ​គេ​ឲ្យ​ប្រាក់​ឈ្នួល​ដើម្បី​ទៅ​ចូលរួម​តវ៉ា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ភ័ស្តុតាង​នោះ​ទេ។ ​

មេធាវី​របស់​លោក​ Navalny បាន​និយាយ​ថា ពួកគេ​នឹង​ប្តឹង​សារទុក្ខ​ទៅ​លើ​ការ​កាត់​ទោស​នេះ៕

XS
SM
MD
LG