ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ជួប​ពិភាក្សា​ដោយ និយាយ​ត្រង់ៗ​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី លោក Putin


លោក Emmanuel Macron ប្រធានាធិបតី​បារាំង (រូប​ស្តា) និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន Versailles កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
លោក Emmanuel Macron ប្រធានាធិបតី​បារាំង (រូប​ស្តា) និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន Versailles កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

ប្រធានាធិបតី​បារាំង​ទើប​ចូល​កាន់​តំណែង​ លោក Emmanuel Macron កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ទទួល​ស្វាគមន៍​សមភាគី​រុស្ស៊ី​របស់​លោក​ គឺ​លោក Vladimir Putin នៅ​ឯ​វិមាន Versailles នៅ​ជិត​ទីក្រុង​ប៉ារីស។ ជា​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​និយាយ​ដោយ​ត្រង់​នោះ​ លោក Macron បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ពី​ការ​ព្យាយាម​ជះឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ដំណើរ​ការ​បោះឆ្នោត​របស់​បារាំង។ លោក​ក៏​បាន​ចោទ​សួរ​អំពី​ការ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​សហគមន៍​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​​ក្នុង​រដ្ឋ Chechnya និង​ពី​តួនាទី​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ភាគខាងកើត​ប្រទេស​អ៊ុយក្រែន​ និង​ស៊ីរី​ផង​ដែរ។

លោក Macron បាន​ជ្រើសរើស​ទីតាំង​ដ៏​អស្ចារ្យ​គឺ​វិមាន Versailles សម្រាប់​ជំនួប​ពិភាក្សា​តទល់គ្នា​ជា​លើក​ទីមួយ​ ជាមួយ​លោក Putin។ ស្ថិត​នៅក្នុង​វិមាន​ដ៏​អស្ចារ្យ​នេះ​ លោក Macron បាន​លើកឡើង​ពី​បញ្ហា​មិន​ស្រួល​ចិត្ត​មួយ​ចំនួន​ មាន​ដូចជា​ការ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ពី​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ជាដើម។ លោក Macron បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ឥទ្ធិពល​ពីរ​ ដែល​ព្យាយាម​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត​បារាំង​ ដោយ​បង្ហាញ​ពី​ទំនោរ​ទៅ​កាន់​គូ​ប្រជែង​របស់​លោក​ គឺ​អ្នកស្រី Marine le Pen ដែល​ជិតស្និទ្ធ​នឹង​លោក Putin។

លោក Macron បាន​ថ្លែង​ថា៖

«ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ឈ្មោះ​ថា Russia Today និង​ទស្សនាវដ្តិ៍ Sputnik បាន​ព្យាយាម​ជះ​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​ ហើយ​បាន​ផ្សព្វផ្សាយ​ម្តង​ហើយ​ម្តង​ទៀត​ អំពី​អ្វី​ដែល​ជា​ការ​បំផ្លើស​មក​លើ​រូប​ខ្ញុំ​ និង​យុទ្ធនាការ​របស់​ខ្ញុំ»។

ក្រុម​អ្នក​សិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ​លោក Macron តតាំង​ប្រឈម​ជាមួយ​លោក Putin អំពី​ការ​រំលោភ​សិទ្ធិ​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​រដ្ឋ Chechnya ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។ នាង Cecile Coudriou មក​ពី​អង្គការ Amnesty International Franceបាន​ថ្លែង​ជា​ភាសា​បារាំង​ថា៖

«លោក Macron បាន​ប្តេជ្ញា​នៅ​ចំពោះ​មុខ​អង្គការ​ Amnesty International នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​របស់​លោក​ ដោយ​បាន​សន្យា​ថា​ លោក​នឹង​ការពារ​សិទ្ធិ​មនុស្ស​ មិន​ត្រឹម​តែ​នៅក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​នៅ​ទូទាំង​ពិភពលោក​ទាំង​មូល។ ដូច្នេះ​ពេលនេះ​គឺ​ជា​ឱកាស​ដែល​លោក​មិន​គួរ​ឲ្យ​បាត់បង់​នោះ​ទេ​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​លោក​ ដោយសារ​តែ​យើង​ដឹង​ថា​ នេះ​ជា​ភាសា​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​លោក Putin យល់​បាន»។

បន្ទាប់​ពី​កិច្ចពិភាក្សា​ លោក Macron បាន​ធ្វើ​ឲ្យ​ដឹង​ច្បាស់​ថា​ លោក​បាន​គោរព​ពាក្យ​សន្យា​របស់​លោក។ លោក Macron បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​បាន​ពិភាក្សា​អំពី​ករណី​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​រដ្ឋ Chechnya ហើយ​ក៏​ពិភាក្សា​លើ​ករណី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែរ។ ទាក់ទង​នឹង​ប្រធានបទ​ទាំងនេះ​ ខ្ញុំ​បាន​បញ្ជាក់​យ៉ាងច្បាស់​ទៅ​កាន់​ លោក​ប្រធានាធិបតី Putin អំពី​ក្តី​រំពឹង​របស់​បារាំង»។

លោក​ប្រធានាធិបតី​បារាំង​ក៏​បាន​រិះគន់​អន្តរាគមន៍​របស់​ទាហាន​រុស្ស៊ី​ នៅក្នុង​ប្រទេស​ស៊ីរី​ តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​ផងដែរ។

សម្រាប់​ភាគី​ខាង​លោក Putin វិញ​ លោក​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​ពី​ប្រទេស​លោក​ខាងលិច។

លោក Putin បាន​និយាយ​ថា៖

«ខ្ញុំ​សូម​ស្នើ​ទៅ​កាន់​លោក​ ក៏​ដូចជា​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា​ លោក​គួរ​តែ​ប្រយុទ្ធ​ដើម្បី​ឲ្យ​មាន​ការ​លុបចោល​រាល់​ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច​សកលលោក។ វា​លែង​តែ​មាន​ការ​លុបចោល​ការ​រឹតត្បិត​ផ្នែក​ទីផ្សារ​សេរី​ និង​ការ​ប្រកួតប្រជែង​ដោយ​សេរី​ទេ​ ទើប​អត្ថប្រយោជន៍​ និង​ឱកាស​ដោយ​សេរី​ និង​យុត្តិធម៌​ផ្នែក​នយោបាយ​អាច​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ ប្រយុទ្ធ​នឹង​អត្រា​គ្មាន​កាងារ​ធ្វើ​ និង​ជួយ​បង្កើន​គុណភាព​ជីវិត​របស់​ពលរដ្ឋ​យើង​បាន»។

រុស្ស៊ី​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ពី​បទ​បង្កើត​ឧបសម្ព័ន្ធ​ខុស​ច្បាប់​នៅក្នុង​ឧបទ្វីបCrimea ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០១៤ និង​ផ្តល់​ទាហាន​គាំទ្រ​ដល់​ក្រុម​បំបែក​ខ្លួន​និយាយ​ភាសា​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ចំណែក​នៅក្នុង​ប្រទេស​ស៊ីរី​វិញ​ រុស្ស៊ី​ផ្តល់​ការគាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក ប្រធានាធិបតី Basha al-Assad នៅក្នុង​យុទ្ធនាការ​បង្ហូរឈាម​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG