ភ្នំពេញ —
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមិនបានធ្វើតាមការសន្យារបស់ខ្លួនទាល់តែសោះឬបានបំពេញតាមការសន្យាបានតិចតួចបំផុត។ នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល នៅថ្ងៃច័ន្ទនេះ។
មានសិស្សនិស្សិត មន្ត្រីតំណាងអង្គការ និងមន្ត្រីតំណាងគណបក្សប្រមាណ ៨០ នាក់ត្រូវបានសាកសួរក្នុងការស្ទង់មតិនេះក្នុងទីក្រុងភ្នំពេញដើម្បីឲ្យពួកគេវាយតម្លៃលើការសន្យានានារបស់គណបក្សប្រជាជនកម្ពុជាក្នុងអំឡុងពេលឃោសនាបោះឆ្នោតកាលពីខែ កក្កដា ប្រាំឆ្នាំមុននេះ។
ការសន្យាទាំងនោះសរុបចំនួន៤៨ចំណុច រួមមានការសន្យាលើការពង្រឹងសន្តិសុខនិងស្ថិរភាពនយោបាយ លើកស្ទួយវិស័យសារព័ត៌មាន ការពង្រឹងវិស័យយុត្តិធម៌និងច្បាប់ អភិបាលកិច្ចល្អនិងការការពារបូរណភាពទឹកដី ការអភិវឌ្ឍវិស័យកសិកម្ម គោរពសិទ្ធិមនុស្ស ការថែរក្សាព្រៃឈើ និងធនធានជលផល ការអភិវឌ្ឍធនធានទឹក ការជំរុញការវិនិយោគ លើរ៉ែប្រេងកាតនិងរ៉ែផ្សេងៗ ការកសាងហេដ្ឋារចនាសម្ធ័ន្ធ ការសន្យាលើការបង្កើនថាមពលអគ្គិសនី វិស័យសុខាភិបាល និងការអប់រំដល់ក្រុមយុវជន។
ចំនួន៦៥% នៃអ្នកចូលរួមនិយាយថាគណបក្សកាន់អំណាច មិនបានបំពេញតាមទាល់តែសោះ ឬបានបំពេញតិចតួច។ស្របពេលដែល ២៦%នៃអ្នកចូលរួមបោះឆ្នោតនិយាយថាគណបក្សកាន់អំណាចដ៏រឹងមាំនេះបានធ្វើតាមការសន្យារបស់ខ្លួនខ្លះដែរ។ ដោយឡែក៦% ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវបានស្ទង់មតិនិយាយថាគណបក្សប្រជាជនបានគោរពការសន្យារបស់ខ្លួនជាមធ្យម។ មានតែអ្នកចូលរួមប្រហែល ៣%តែប៉ុណ្ណោះអះអាងថាគណបក្សប្រជាជនកម្ពុជាបំពេញតាមការសន្យាបានច្រើន។
លោក គុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅថា ខុមហ្វ្រែលលើកឡើងថាការស្ទង់មតិនេះដើម្បីជាការក្រើនរំលឹកមួយដល់គណបក្សដែលកាន់អំណាច អំពីការសន្យារបស់ខ្លួន។
លោកនិយាយថា៖ «នេះជារបៀបនៃការពង្រឹងនៃការអនុវត្ត និងទំនួលខុសត្រូវរបស់រដ្ឋាភិបាលជាប់ឆ្នោតនឹងមន្ត្រីដែលជាប់ឆ្នោត»។
ទោះជាយ៉ាងណាលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានហៅលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលនេះថាមិនអាចទទួលយកបានទេ។
«អ្វីដែលរដ្ឋាភិបាលមានតួរលេខច្បាស់លាស់ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច។ ហើយក្នុងលក្ខណៈនៃវិទ្យាសាស្ត្រ មិនមែនធ្វើឡើងដើម្បីតែបំប៉ោងសំឡេងប៉ុណ្ណោះទេ»។
ទោះជាយ៉ាងនេះក្តីលទ្ធផលនៃការស្ទង់មតិខាងលើធ្វើឡើងតែលើ៣៤ចំណុចតែប៉ុណ្ណោះ។
លោកគល់ បញ្ញា បញ្ជាក់ថា១៤ចំណុចផ្សេងទៀតមានសូចនាករច្បាស់លាស់ ហើយខុមហ្វ្រែលបានរកឃើញថាមានតែ ៥០%នៃចំណុចទាំងនោះដែលគណបក្សកាន់អំណាចបានជោគជ័យច្រើនក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ច ការលើកស្ទួយយេនឌ័រ កសាងហេដ្ឋារចនាសម្ព័ន្ធ ការដំឡើងប្រាក់ខែដល់កម្មករនិងការជំរុញការវិនិយោគទុនជាដើម។
ការស្ទង់មតិនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះមុននឹងការឃោសនាបោះឆ្នោតសម្រាប់អណត្តិទី៥ចាប់ផ្តើម។ លទ្ធផលនៃការស្ទង់មតិនេះនឹងត្រូវដាក់ជូនដល់អង្គការនានា គណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជាហើយក៏នឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕