បក្ស​កាន់​អំណាច​ជឿ​ថា ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២៣ ហើយ​ប្រកាស​សម្អាត​សកម្មភាព​ជ្រុលនិយម

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)

គណបក្សប្រជាជន​កម្ពុជា​មាន​សុទិដ្ឋិ​និយម​ថា ខ្លួន​នឹងទទួល​បាន​ជ័យ​ជម្នះ​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ក្នុង​ខែ​កក្កដា​ខាង​មុខ​ ដើម្បី​គ្រប់​គ្រង​អំណាច​បន្ត​ទៀត និង​បាន​ប្តេជ្ញាកម្ចាត់​នយោបាយនិង​សកម្ម​ភាព​ជ្រុល​និយម​គ្រប់​រូប​ភាព​ឲ្យអស់​ពី​សង្គម​កម្ពុជា​ មិន​ទុក​ឲ្យ​និន្នាការ​នេះ​បង្ក​ការ​បែក​បាក់​ជាតិ​នោះឡើយ។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​គណបក្ស​កាន់​អំណាច និង​សេចក្តី​សម្រេច​ចិត្ត​មួយ​របស់​មហា​សន្និបាត​គណ​បក្ស​នេះ។​

គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ជាង​៤០​ឆ្នាំ​ទើបតែ​បាន​បិទ​បញ្ចប់​មហា​សន្និបាត​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ​និង​២៩​ខែ​មករា​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​ខ្វះ​ចន្លោះ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ និង​រៀបចំ​កម្មវិធីនយោបាយ​ថ្មីៗ​ដែល​ត្រូវ​អនុវត្ត​ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ប្រជា​កសិករ​ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។​

ក្រោយ​ពី​បិ​ទ​បញ្ចប់​មហា​សន្និបាត​វិសាមញ្ញដែល​មាន​ការ​ចូលរួម​ពីថ្នាក់​ដឹក​នាំ​ និង​សមាជិក​ជាង​៣០០០​នាក់​នោះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​សុខ ឥសាន​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មានមួយ ​ដោយ​សង្កត់​ធ្ងន់​ថា​ គណ​បក្ស​គ្រប់​គ្រង​ប្រទេសមាន​សុទិដ្ឋិ​និយម​ខ្ពស់ថា ខ្លួននឹង​ទទួល​បាន​ជ័យ​ជម្នះ ​បន្ទាប់ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅឆ្នាំ​២០២៣​នេះ។

លោក​ថ្លែង​ថា៖ ​«សម្រាប់​គណ​បក្ស​ប្រជាជន​គឺ​មាន​ក្តី​សង្ឃឹម​ខ្ពង់​មែនទែន ​[ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ]​ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​កម្ម​វិធី​នយោបាយ​ស្របទៅ​តាម​តម្រូវ​ការ​ ក៏​ដូច​ជា​សំណូម​ពរ​របស់​ប្រទេស​ជាតិ​ និង​តម្រូវ​ការ​របស់​ប្រជាជន​ទូទាំង​ប្រទេស»។​

​បើ​តាម​លោក​សុខ ឥសាន​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កិច្ច​សន្យា​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​របស់​គណ​បក្សដែលផ្តោត​ជា​ចម្បង​លើប្រជា​កសិករ និង​យក​ចិត្ត​ទុក​ដាក់​គាំពារលើ​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ​ ដែល​រួម​មាន​អ្នក​លក់​ដូរ​តាម​ផ្លូវ​ និង​អ្នក​ធ្វើ​ការ​តាម​កន្លែង​កម្សាន្តនានា ​នៅ​ទូទាំង​ប្រទេស។ ​រដ្ឋាភិបាល​អាច​នឹង​ផ្តល់​បណ្ណ​ក្រីក្រ ​និង​បណ្ណ​ប.ស.ស.​ដើម្បី​ជួយ​សម្រួល​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ទាំង​នោះ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​រូប​នោះ​បន្ថែម​ថា​ អ្វី​ដែល​អាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាចឈ្នះ​ការ​បោះ​ឆ្នោត​បាន​នោះ​គឺស្នា​ដៃ ​និង​ការ​កសាង​សមិទ្ធ​ផល​នានា ​និង​តាម​រយៈ​គោល​នយោបាយ​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​ និង​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ និង​ប្រជាជន។​

​លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា ​ទាំង​អស់​នេះ​ហើយ​វា​ជា​គុណ​សម្បត្តិ​ ដោយ​ត្រួសៗតែ​ប៉ុណ្ណោះ​ទេ ​ក៏​ប៉ុន្តែ​វា​មាន​អត្ថន័យ​សម្រាប់​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​ និង​ប្រជាជន​របស់​យើង ​ហើយ​យើង​មាន​សុទិដ្ឋិ​និយម​យ៉ាង​ឧត្តុង្គ​ឧត្តម ​យ៉ាង​ខ្ពង់​ខ្ពស់ថា​ ​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​នឹង​ប្រគល់ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​បន្ត​បេសក​កម្ម​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​...​កាន់តែ​មាន​ការ​រីក​ចម្រើន​ត​ទៅ​មុខ​ទៀត»។​

បើ​តាម​មហា​សន្និបាត​វិសាមញ្ញ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៨ ​និង​២៩ ​ខែ​មករា គឺ​បាន​ដាក់​ចេញសេចក្តី​សម្រេច​ចិត្តមួយ​ចំនួន ​ដែល​ក្នុង​នោះ​ក៏​មាន​ការ​ពិភាក្សា ​និង​អនុម័តលើ​«កម្ម​វិធី​នយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​កសាង​ និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨»​ និង​ការគាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន​ គឺ​លោក​ ហ៊ុន ម៉ាណែត​ ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ពេល​អនាគតផង​ដែរ។​

ក្រៅ​ពី​នេះ​ គណបក្ស​កាន់​អំណាចសម្រេច​«ប្រឆាំងដាច់ខាត​រាល់​សកម្មភាព​ប្រទូស​រ៉ាយ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​ភាព​ ប្រជា​ធិបតេយ្យ​ នីតិ​រដ្ឋ​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា»។​ នេះ​បើ​តាម​លិខិត​មួយ​មាន​កម្រាស់​៤​ទំព័រ​ចុះ​ថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​២០២៣​ ដែលបញ្ជាក់​ពីសេចក្តី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​វិសាមញ្ញគណបក្ស​ប្រជាជន​កម្ពុជា។

ស្រប​ពេល​មាន​ការ​ប្រកាស​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ជុំវិញ​ជោគ​ជ័យ​លើ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០២៣​នោះ​ ​ ​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួនក៏​រំពឹងថា ​ពួក​គេ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ផង​ដែរ ​ប៉ុន្តែ​ពួក​គេនៅ​បារម្ភ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ និង​ការ​គំរាម​កំហែង​ខាង​ផ្នែកនយោបាយ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លោក​គីមសួរ ភីរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ គណ​បក្សភ្លើង​ទៀន​មាន​ជំនឿ​មុតមាំ​ថា​ ​នឹង​ទ​ទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​បោះឆ្នោត​ ​ដើម្បី​ឈា​នទៅ​យក​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ បើ​មើល​តាម​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​មក។​

​ក៏​ប៉ុន្តែ​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​គឺ​ជា​ក្តីបារម្ភ​របស់​លោក​គីមសួរ ភីរិទ្ធ។ ​អ្ន​ក​នាំពាក្យ​គណបក្ស​ជំទាស់​រូប​នោះ​បន្ថែម​ថា​ ការ​គំរាម​កំហែង​ខាង​នយោបាយ​ និង​ការ​ដាក់​សម្ពាធ​លើគូ​ប្រកួត​ប្រជែង​ក៏​ពុំគួរ​កើត​មាន​មុន​ការ​បោះឆ្នោត​ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ការ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោតក៏​ត្រូវ​ធានា​ឲ្យ​បាននូវ​ភាព​ស្មើ​គ្នា​ចំពោះ​ការធ្វើ​សកម្ម​ភាព​នយោបាយ​ និងឃោសនា​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖​ «ជាក់​ស្តែង​ យើង​ឃើញ​ហើយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ យើង​ធ្វើតែ​មួយ​ឆ្នាំ ​យើង​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ​អ៊ីចឹង​ការ​បោះ​ឆ្នោត​ជាតិ​ហ្នឹង​ យើង​ក៏​មាន​សង្ឃឹម ​សុទិដ្ឋិ​និយម​ដូច​តែ​គ្នា​ហ្នឹង​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ហ្នឹង​មាន​លក្ខណៈ​ត្រឹម​ត្រូវ ​សេរី ​និង​យុត្តិ​ធម៌»។​
​អនុ​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​លោក​យ៉ែម បុញ្ញឫទ្ធិ​ ថ្លែង​ថា​ ​គណ​បក្សខ្មែរ​រួប​រួម​ជាតិ​កំពុង​ធ្វើ​សកម្ម​ភាព​ ​កៀរគរ​ការ​គាំទ្រ​ដើម្បី​ធ្វើ​យ៉ាង​ណា​ អាច​ឈាន​ទៅ​ដណ្តើម​យក​កៅអី​សភា​ជាតិ​មួយ​ចំនួន ​ដែល​អាច​ធ្វើ​ជា​តំណាង​របស់​ប្រជា​ពល​រដ្ឋ​ ​ហើយ​យក​បញ្ហា​ប្រជា​ពលរដ្ឋ​ទៅ​ជជែក​ពិភាក្សា​ក្នុង​រដ្ឋ​សភា។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា៖ ​«ក្នុង​នាម​ថ្នាក់​ដឹក​នាំ​គណបក្ស​រួមរួប​ជាតិ​ យើង​មានសុទិដ្ឋិ​និយម​ និង​ក្តីសង្ឃឹម​ថា ​យើង​នឹ​ង​ឲ្យ​មាន​ភាព​ជា​តំណាង​នៅ​ក្នុង​ថ្នាក់​ជាតិ និង​សភា​ជាតិ»។​

លោក​បន្ថែម​ថា​ ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចូលរួម​កែ​លម្អ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រជា​ពល​រដ្ឋអាច​ប្រើ​ប្រាស់​សិទ្ធិពេញ​លេញ​ក្នុង​ការ​ធ្វើសេចក្តីសម្រេច​ចិត្ត​ដោយ​សេរី​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស​ដែល​ពួក​គេ​ចង់​បាន។​
ដោយ​ឡែក​ សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ​ថ្លែង​ថា​ ការ​អះអាង​ពី​ជ័យ​ជម្នះ​លើ​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជាអាចធ្វើ​ឲ្យប៉ះ​ពាល់​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស។​

យ៉ាង​ណា​ក៏​ដោយ​ លោក​យល់​ថា ​ប្រសិន​បើមាន​ការ​បោះឆ្នោត​មួយ​ដែល​រៀប​ចំ ដោយភាព​សុក្រឹត​ និង​យុត្តិធម៌​ដែល​លទ្ធផល​អាច​ទទួល​យក​បាន​ពី​ដៃ​គូ​ប្រជែង​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នោះ​ វាមិន​ប្រាកដ​ថា​ គណបក្ស​ប្រជាជន​អាច​ទទួល​បានជ័យ​ជម្នះ​ទាំង​ស្រុង​ទេ។​

លោក​បញ្ជាក់​ថា៖ ​«ការ​ប្រកាស​របស់​គណបក្ស​កាន់​អំណាច ​គណបក្ស​ប្រជាជន​ហ្នឹង​ ថា​ នឹង​កាន់​កាប់​មួយ​អាណត្តិទៀត​ហ្នឹង​ ហាក់​ដូច​យើង​ដឹង​លទ្ធផល​មុន​អ៊ីចឹង។​ ទីមួយ ធ្វើ​ឲ្យ​អ្នក​ចូលរួម​ ឬ​ក៏​អ្នក​បោះឆ្នោតបាត់​ការ​ចូល​រួម​ដោយ​ចិត្ត​មិន​សូវ​ចង់​ចូលរួម ​ដោយ​សារ​ដឹង។​ ប្រកាស​លទ្ធផល​អ៊ីចឹង​គាត់​ពិបាកដែរ»។​

ទាក់​ទិន​ការ​ប្រកាស​របស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ប្តេជ្ញាកម្ចាត់​នយោបាយ​ និង​សកម្ម​ភាព​ជ្រុល​និយម​តាមគ្រប់​រូប​ភាព​ឲ្យ​អស់​ពី​សង្គម​កម្ពុជា​នោះ​ ​លោក ​ឯម សុវណ្ណារ៉ា​ថ្លែង​ថា ​ការ​ធ្វើ​យ៉ាង​ដូច្នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​ដល់​ពលរដ្ឋទេ​ តែ​ថែម​ទាំង​អាចធ្វើ​ឲ្យ​ឃើញ​សង្គម​មួយមាន​ការ​បែប​បាក់​ខ្លាំង​ទៅវិញ។​ ដូច្នេះ​លោក​ថា ​កម្ពុជា​ត្រូវ​ដើរ​តាម​បន្ទាត់​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បញ្ចៀស​ការ​ប្រេះ​ឆា​ខាង​នយោបាយ។

លោក​បន្ថែម​ថា៖ ​«កាល​ណា​មិន​កំណត់​ច្បាស់​លាស់​នៃ​និយម​ន័យ​អ្នក​នយោបាយ​ជ្រុល​និយម​ទេ ​អ៊ីចឹង​វា​នៅ​លើ​ការ​ចោទ​ប្រកាន់ ​ឬ​ដាក់​បន្ទុក​របស់​អ្នក​មាន​អំណាច។​ អ៊ីចឹង​អ្នក​អត់​អំណាច​ ប្រជា​ពល​រដ្ឋ​ ឬ​អ្នក​នយោបាយ​ដែល​មិន​ទាន់​មាន​អំណាច​ គាត់​ពិបាក​ក្នុង​ការ​ការ​ពារ​ខ្លួន​ណាស់។ ​ហើយ​ចរន្ត​បែប​នេះ​វា​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​វា​ហាក់​ដូច​ជា​បែង​ចែក​និន្នាការ​គ្នា ​អាច​ជា​ចរន្ត​ពីរ​ប្រឈម​នឹង​ការ​បែក​បាក់​ គឺ​អត់​មាន​ការ​ស្រុះ​ស្រួល​ ឬ​ក៏​ការ​ត្រូវ​រ៉ូវ​គ្នា​ទេ»។​

គួរ​រំឭក​ថា​ ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ដើម្បី​ជ្រើស​រើស​តំណាងរាស្ត្រ​ឲ្យ​ទៅ​បម្រើការ​នៅ​រដ្ឋ​សភា​ជាតិ​ ដែល​បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា ​មាន​តែ​អ្នក​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​ក្នុង​សភាព​ស្ងប់​ស្ងាត់ ​ហើយ​ការ​ធ្វើ​ច្បាប់​ក៏មិន​ប្រឈម​នឹង​ភាព​រាំង​ស្ទះ​ផង​ដែរ៕