គណបក្ស​ប្រជាជន​និង​សង្គ្រោះជាតិ​នឹង​ជួប​គ្នា​នៅ​ថ្ងៃសុក្រ

លោកហ៊ុន សែន​ និងមេដឹកនាំ​​គណបក្ស​​ប្រឆាំង​​​ចាប់ដៃ​​គ្នា​មុន​កិច្ច​​​ប្រជុំ​ដែល​​​មិន​​បាន​​លទ្ធផល​​កាលពី​ដើម​ខែកញ្ញា

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ​ដែល​កំពុង​មាន​ទំនាស់​គ្នា​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុម​ការងារ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ណាត់​ជួប​គ្នា​នៅថ្ងៃ​សុក្រ​នៅ​មន្ទីរ​ព្រឹទ្ធសភា​ដើម្បី​រក​វិធី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​មាន​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។​

ជំនួប​រវាង​ក្រុម​ការងារ​នៃ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​គឺ​ជាជំនួប​ដើម្បី​កំណត់​របៀបវារៈ​សម្រាប់​យក​ទៅ​ដាក់​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​ដែល​គ្រោង​ធ្វើ​ក្រោយ​ពី​កិច្ច​ប្រជុំ​ក្រុម​ការងារ។​

ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​មាន​សមាសភាព​ម្ខាងៗ​ចំនួន​បី​រូប។​គណបក្ស​សង្គ្រោះ ជាតិ​មាន​លោក​ យឹម សុវណ្ណ​ លោក​ គួយ​ ប៊ុនរឿន​ និង​លោក​ ប៉ុល ហំម។ ​ចំណែក​ឯខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក​ព្រំ​សុខា​ លោក​ សក់ សេដ្ឋា​និង​លោក​ កើត រិទ្ធ។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​គណបក្ស​របស់​លោក​នឹង​លើក​យក​របៀប​វារៈ​ចំនួន​ពីរ​សម្រាប់​ចូល​រួម​តុចរចា​នៅ​ថ្ងៃទី​៣​ខាង​មុខនេះ​គឺ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​និង​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​និយាយ​ថា៖​«យើង​មិន​ដឹង​ថា​គណបក្ស​ប្រជាជន​ប្រកាន់​ជំហរ​យ៉ាង​ម៉េចទេ។​ប៉ុន្តែ​ចំពោះ​ជំហរ​គណបក្ស​សង្គ្រោះជាតិ​របៀប​វារៈ​២​ហ្នឹងជា​របៀប​វារៈ​ចាំបាច់​ដែល​ត្រូវ​យកទៅ​ចរចា​នៅ​ក្នុង​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​ហើយ​បើ​យើង​មិន​អាច​ទទួល​យក​នូវ​របៀប​វារៈ​ទាំង​ពីរ​ហ្នឹង​បានទេ​នោះ​គឺ​ថា​ការ​ចរចា​ក៏មិន​មាន​ន័យ​អ្វី​ដែរ»។​

ការណាត់​ជួប​គ្នា​រវាង​គណបក្ស​គូជម្លោះ​ទាំង​ពីរ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជារៀង​រាល់​ថ្ងៃ​និង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​រហូត​ដល់​១៦០​ដុល្លារ​កំពុង​តែ​ញាំញ៉ី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត។​

លោក​ យឹម សុវណ្ណ​បាន​បញ្ជាក់​ថា​បើ​ទោះ​បី​ជាមាន​ជំនួប​ក្រុម​ការ​ងារ​នៃ​គណបក្ស​ទាំង​ពីរ​គ្រោង​នឹង​ជួបគ្នា​ក៏ដោយ​ក៏​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្តធ្វើ​ជារៀងរាល់​ថ្ងៃ។​

លោក​បាន​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដើរ​ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំជាង​ពេល​មុនៗ​នៅពាសពេញ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើង​វិញ​និង​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង។​

លោក​ ព្រំ សុខា​ ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​របៀប​វារៈ​អ្វី​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​ពេល​ចរចា​ទេ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ​កាល​ពី​ថ្ងៃទី​១៥​និង​ទី​១៧​ខែ​កញ្ញាឆ្នាំ​២០១៣ដែល​បាន​សន្យា​ថា​និង​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​និង​ចៀស​វាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា។​

លោក​និយាយ​ថា៖«​គណបក្ស​ប្រជាជន​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​តាម​ការ​ចរចា​ដោយ​សន្តិវិធី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ដើម្បី​ជាផល​ប្រយោជន៏​សម្រាប់​ប្រជាពលរដ្ឋ»។​

លោក​ ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំងពីរ​គួរ​តែ​បន្ទន់​ឥរិយា​បទ​រក​គ្នា​ដើម្បី​រក​ចំណុច​ត្រូវ​គ្នា​រួម​មួយ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង។​

លោក​បាន​ឱ្យ​ដឹង​ថា​បើ​ភាគី​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​តឹង​រៀង​ៗ​ខ្លួន​នោះ​មិនអាច​រក​ច្រក​ចេញ​សម្រាប់​ការ​ចរចា​បាន​ទេ។​

លោក​និយាយ​ថា៖​«ប្រសិន​បើ​អ្នក​ដឹកនាំ​នយោ​បាយ​ទាំង​សង​ខាង​លោក​មាន​សុឆន្ទៈ​ខ្ពស់​មាន​ភាព​ចាស់​ទុំ​នយោបាយ​ឱ្យ​ប្រាកដ​ប្រជា​គិត​ប្រយោជន៍​ជាតិ​ជាធំ​។​នោះ​គឺ​ថា​គួរ​តែ​ជជែកឱ្យ​ចំ​បញ្ហា​គន្លឹះ​ហើយ​រក​ឱ្យ​ឃើញ​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​ហ្នឹង​ឱ្យ​បាន​ច្បាស់​លាស់​ជាមួយ​គ្នា​ទៅ​ហើយ​នឹង​កំណែ​ទម្រង់​អាច​ជា​បញ្ហា​ឱ្យ​ដោះ​ស្រាយ​បាន ហើយ»។​

គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បាន​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​មាន​ការស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​និង​ពេល​បច្ចុប្បន្ន​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​ព្រម​ទាំងបដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន៕