នៅក្នុងអំឡុងពេលនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ មេដឹកនាំប្រទេសជាច្រើនបានផ្តោតការចាប់អារម្មណ៍ទៅលើជម្លោះនៅក្នុងប្រទេសស៊ីរី គឺជម្លោះដែលបានសម្លាប់មនុស្សជាង២៥០.០០០នាក់ និងបណ្តាលឲ្យមានការកើនឡើងនៃក្រុមភេរវកម្មជាច្រើនដូចជា ក្រុមរដ្ឋឥស្លាម ឬ ISIL។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក អូបាម៉ា បានមានប្រសាសន៍ថា៖
«ភាពប្រាកដនិយមបញ្ជាក់ប្រាប់យើងថា ការសម្របសម្រួលនឹងត្រូវការជាចាំបាច់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយនៅទីបញ្ចប់លុបបំបាត់ចោលក្រុមរដ្ឋឥស្លាមទាំងស្រុងតែម្តង។ ក៏ប៉ុន្តែ ភាពប្រាកដនិយមក៏ត្រូវការផងដែរនូវការផ្លាស់ប្តូរមួយដែលត្រូវបានចាត់ចែងយ៉ាងល្អ ដើម្បីចាកចេញពីរបបលោកអាសាដ (Assad) ហើយឆ្ពោះទៅកាន់មេដឹកនាំថ្មីមួយទៀត»។
នេះជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមិនបានយល់ស្របជាមួយគ្នា។ រដ្ឋាភិបាលទីក្រុងមូស្គូគាំទ្ររបបរបស់លោក Bashar al-Assad ហើយបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ។
លោកប្រធានាធិបតីរុស្ស៊ីវ្លាដឺមៀ ពូទីន (Vladmir Putin) បានថ្លែងថា៖
«យើងគិតថា វាជាកំហុសដ៏ធំមួយដែលយើងបដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសស៊ីរី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះដែលកំពុងតែវាយប្រយុទ្ធនឹងភេរវកម្មនៅចំពោះមុខ»។
លោក អូបាម៉ា និងលោក ពូទីនបានជួបពិភាក្សាគ្នាជាលក្ខណៈឯកជនអស់រយៈពេលប្រហែល៩០នាទីនៅទីក្រុងញូវយ៉ក ដែលនៅទីនោះ មេដឹកនាំទាំងពីរក៏បាននិយាយអំពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
មេដឹកនាំជាច្រើនទៀត ដែលបានចូលរួមក្នុងមហាសន្និបាត បានសាទរចំពោះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ដែលកិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអស់ជាច្រើនទសវត្សរ៍ទៅលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្នុងចំណោមមេដឹកនាំទាំងនោះរួមមានប្រធានាធិបតីប្រទេសអ៊ីរ៉ង់ខ្លួនឯងផ្ទាល់ផងដែរ។
នៅក្នុងមហាសន្និបាតនោះ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងថា៖ «ឥឡូវនេះ ខ្ញុំអាចប្រកាសដោយមោទនភាពថា ជំពូកថ្មីនៃទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសដទៃនៅទូទាំងពិភពលោកបានចាប់ផ្តើមហើយ»។
ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយសារជាថ្មីថា កិច្ចព្រមព្រៀងនោះបានផ្តល់សម្បទានច្រើនជ្រុលពេកទៅឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
«តើមានអ្នកណាម្នាក់ជឿជាក់ថា ការផ្តល់អាវុធ និងប្រាក់យ៉ាងច្រើនដល់ប្រទេសដែលដឹកនាំដោយមេដឹកនាំសាសនាជ្រុលនិយមអាចបញ្ឈប់ភាពស្រេកឃ្លាននៃការឈ្លានពានរបស់គេបានដែរនោះទេ?»
លោក Netanyahu ក៏បាននិយាយដែរថា អ៊ីស្រាអែល មានឆន្ទៈចរចាជាមួយអាជ្ញាធរប៉ាឡេស្ទីន ទោះបីជាមេដឹកនាំរបស់ពួកគេ គឺលោក Mahmoud Abbas បានរិះគន់ការរំលោភបំពានរបស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងចាស់ ថាជាមូលហេតុដែលលោកនឹងមិនចូលតុចរចាជាមួយអ៊ីស្រាអែលទៀតនោះក៏ដោយ។
លោក Mahmoud Abbas ប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា៖ «រដ្ឋាភិបាលអ៊ីស្រាអែលទទូចចង់បន្តការបំផ្លិចបំផ្លាញរបស់ពួកគេលើវិធានការដោះស្រាយដែលធ្វើឡើងដោយរដ្ឋទាំងពីរ»។
នៅក្នុងវគ្គខ្លះនៃមហាសន្និបាតនោះ លោកអូបាម៉ា និងលោក Raul Castro ប្រធាធិបតីនៃប្រទេសគុយបាបានជួបគ្នាជាលើកដំបូងចាប់តាំងពីប្រទេសទាំងពីរបានបើកស្ថានទូតរៀងៗខ្លួននៅក្នុងប្រទេសរបស់ពួកគេ។ លោក Castro បានសង្កត់ធ្ងន់ថា ការធ្វើឲ្យមានភាពប្រក្រតីពេញលេញនៃចំណងការទូតនឹងមិនអាចកើតមានទេ ដរាបណាសហរដ្ឋអាមេរិកមិនដកការដាក់ទណ្ឌកម្មរបស់ខ្លួនដែលបានដាក់លើប្រទេសជាកោះកុម្មុយនិស្តមួយនេះ និងប្រគល់ឲ្យប្រទេសគុយបាវិញនូវទឹកដីដែលអាមេរិកយកធ្វើជាមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះ Guantanamo នោះ៕
ប្រែសម្រួលដោយ នៀម ឆេង