ច្បាប់នេះត្រូវបានដាក់ឆ្លងសភាដែលត្រូវបានតែងតាំងដោយគ្មានការជំទាស់ កាលពីខែកុម្ភៈ គឺនៅពេលដែលរដ្ឋប្រហារយោធាបានប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំ២០១៤។ ច្បាប់នេះបានចូលជាធរមានកាលពីខែឧសភា បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែមីនា ដែលបានធ្វើឲ្យមេដឹកនាំរដ្ឋប្រហារឡើងកាន់អំណាចដោយស្របច្បាប់។
បើទោះបីជាប្រទេសថៃបានត្រឡប់ទៅរកការគ្រប់គ្រងបែបស៊ីវិលវិញក៏ដោយ ក៏ពួកសកម្មជនប្រឆាំងដែលលាក់ខ្លួននៅក្រៅប្រទេសនៅតែបន្តបាត់ខ្លួន ឬត្រូវបានបង្ខំឲ្យត្រឡប់មកប្រទេសថៃវិញ ក្រុមសមាជិកសភាខាងគណបក្សប្រឆាំងនៅបន្តរងសម្ពាធផ្លូវច្បាប់ ហើយក្រុមអ្នករិះគន់រដ្ឋាភិបាលនៅទទួលរងអំពើហិង្សា និងមិនអាចដោះសា្រយការវាយប្រហារដោយពួកជនអន្ធពាលប្រដាប់អាវុធបាន។
អ្នកស្រី Emilie Pradichit នាយកក្រុមសិទ្ធិមនុស្សមូលដ្ឋាន Manushya បាននិយាយថា៖ «នៅពេលយើងបានអានពីច្បាប់សន្តិសុខអ៊ិនធឺណិតនេះ វាធ្វើឲ្យយើងដឹងថាច្បាប់នោះគឺជាឧបករណ៍មួយទៀតដែលរដ្ឋាភិបាលនឹងយកទៅប្រើប្រាស់ធ្វើជាលេសដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស និងបំបិទសំឡេងពួកសកម្មជន»។
ច្បាប់ថ្មីនេះបានបែងចែកការគំរាមកំហែងតាមអ៊ិនធឺណិតជាបីកម្រិត ផ្អែកលើកម្រិតនៃគ្រោះថ្នាក់ឬមានភាពធ្ងន់ធ្ងរកម្រិតណា ដូចជាកម្រិតមិនសូវធ្ងន់ធ្ងរ ធ្ងន់ធ្ងរនិងកម្រិតវិបត្តិ។ ច្បាប់នេះផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចដើម្បីចាត់វិធានការទៅលើការគំរាមកំហែងដែលស្ថិតក្នុងកម្រិតវិបត្តិដោយមិនចាំបាច់មានបទបញ្ជាពីតុលាការ ហើយនិងមានអំណាចបដិសេធមិនឲ្យបុគ្គលណាដែលជាគោលដៅរបស់ច្បាប់ប្តឹងឧទ្ធរណ៍ បើទោះបីជាវាស្ថិតក្នុងកម្រិតគំរាមកំហែងធ្ងន់ធ្ងរ ឬកម្រិតវិបត្តិក៏ដោយ។ ក្រុមអ្នករិះគន់ក៏បានត្អូញត្អែរថា ច្បាប់នេះមិនបានចែងច្បាស់លាស់អំពីកម្រិតនៃការគំរាមកំហែង ឬអំពីកម្រិតណាដែលចាត់ទុកថា ជាបញ្ហាសន្តិសុខជាតិទេ ដោយទុកឲ្យនៅមានចន្លោះប្រហោងដើម្បីអាចបំពានបាន។
កាលពីខែមេសា អង្គការសិទ្ធិមនុស្ស Manushya បានដឹកនាំក្រុមសិទ្ធិមនុស្ស ក្រុមអ្នកតស៊ូមតិមកពីឧស្សាហកម្មបច្ចេកវិទ្យា និងក្រុមអ្នកជំនាញបណ្តាញអ៊ិនធឺណិត ដើម្បីបង្កើតបញ្ជីសំណើវិសោធនកម្មច្បាប់មួយ ដែលប្រហែលជាអាចជួយដល់ការត្រួតពិនិត្យនិន្នាការអាក្រក់ៗបំផុតរបស់រដ្ឋាភិបាល និងការការពារឯកជនភាពនៅលើអ៊ិនធឺណិត។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានសម្ព័ន្ធអ៊ិនធឺណិតអាស៊ី ដែលតំណាងឲ្យក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផ្សេងៗទៀត។
របាយការណ៍របស់ពួកគេដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទីក្រុងបាងកក បានណែនាំឲ្យផ្លាស់ប្តូរចំណុចជាច្រើន។ ពួកគេក៏បានស្នើឲ្យដាក់បញ្ជូលបទបញ្ជារបស់តុលាការ បើទោះបីជាករណីនោះជាករណីកម្រិតវិបត្តិក៏ដោយ ត្រូវផ្តល់សិទ្ធិដល់បុគ្គលដែលជាគោលដៅរបស់ច្បាប់អាចប្តឹងឧទ្ធរណ៍បាន និងបង្កើតស្ថាប័នត្រួតពិនិត្យឯករាជ្យនិងចម្រុះមួយ ដើម្បីតាមដានការងាររបស់រដ្ឋាភិបាល។
សំណើឲ្យផ្លាស់ប្តូរនេះក៏នឹងបង្ខំឲ្យរដ្ឋាភិបាលត្រូវផ្តល់ភស្តុតាងពីការគំរាមកំហែង មុននឹងខ្លួនអាចចាត់វិធានការ។ អ្នកស្រី Pradichit បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការមិនចែងឲ្យបានច្បាស់ និងគ្មានការត្រួតពិនិត្យទៅលើអ្វីដែលរដ្ឋាភិបាលកំពុងធ្វើនោះ រដ្ឋាភិបាលអាចរឹបអូសយកកុំព្យូទ័រ និងអាចចាត់ទុកករណីកំរាមកំហែងណាក៏ដោយថាជាករណីកម្រិតវិបត្តិ»។
លោកBhume Bhumiratana ជាអ្នកផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាលក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ បានសរសើរក្រុមមន្រ្តីដែលបានបង្កើតច្បាប់នេះជាលើកដំបូងនៅក្នុងប្រទេសថៃដើម្បីព្យាយាមបំបែកអំណាច។
លោកបាននិយាយទៀតថា ច្បាប់នេះបង្កើតគណកម្មាធិការចំនួនបីដើម្បីពង្រឹងការអនុវត្ត ដែលកម្មាធិការនីមួយៗមានតួនាទីផ្សេងៗគ្នា។ លោក Bhume បានទទួលស្គាល់ថាលទ្ធផលចុងក្រោយនឹងត្រូវមានការសម្របសម្រួលតាមការពិតជាក់ស្តែងដែលថា គណកម្មាធិការនីមួយៗមានសមាជិករួមគ្នាមួយចំនួន ប៉ុន្តែយ៉ាងណាក៏ដោយវាគឺជាទស្សនៈល្អមួយ»។
លោកក៏ហៅច្បាប់នេះថាជាឧបករណ៍រិចរិលមួយដែលត្រូវសំលៀងឲ្យមុត ប៉ុន្តែនៅតែអាចយកទៅប្រើបាន។
លោក Arthit Suriyawongkul សហស្ថាបនិកនៃបណ្តាញ Thai Netizens មិនយល់ស្របទៅនឹងការលើកឡើងនេះទេ។
លោកបាននិយាយថា គណកម្មាធិការត្រួតស៊ីគ្នាទាំងបី ដែលបានសន្យាថានឹងបែងចែកអំណាចនោះ គឺមិនអាចអនុវត្តបានទេ ហើយលោកបាននិយាយទៀតថា
ចំណុចលើកលែងនៅក្នុងច្បាប់សន្តិសុខអ៊ិនធឺណិតដែលដកស្រង់ចេញពីច្បាប់ថ្មីមួយទៀត គឺច្បាប់ការពារឯកជនភាពនោះ បានបន្ថែមចំណុចតែមួយគត់ទៅលើហានិភ័យនៃការរំលោភបំពាន។
លោក Arthit Suriyawongkul បានថ្លែងថា៖ «នៅចុងបញ្ចប់ ច្បាប់ការពារសន្តិសុខដែលយើងជឿថានឹងបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋនោះ តាមពិតគឺគ្មាននោះទេ។ យើងមានហេតុផលស្របច្បាប់ដើម្បីបង្ហាញពីក្តីបារម្ភរបស់យើង»។
ប្រទេសថៃគឺប្រទេសចុងក្រោយក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ដែលដាក់ចេញច្បាប់ថ្មីនេះដើម្បី ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងពីការវាយប្រហារនៅលើប្រព័ន្ធអ៊ិនធឺណិត។ ភាគច្រើននៃប្រទេសទាំងនោះត្រូវបានគេរិះគន់ថាងាកចេញឆ្ងាយពីច្បាប់នេះ ដូចជាប្រទេសបង់ក្លាដេស និងវៀតណាមជាដើម។
លោក Kees Rade ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ប្រចាំប្រទេសថៃ ដែលបានរៀបចំកិច្ចប្រជុំមួយស្តីពីច្បាប់សន្តិសុខអ៊ិនធឺណិតនៅប្រទេសថៃ កាលពីខែមេសាបានថ្លែងថា រដ្ឋាភិបាលនៃប្រទេសនីមួយៗមានសិទ្ធិនិងហេតុផលគ្រប់យ៉ាងដើម្បីបំពាក់អំណាចលើខ្លួនឯងប្រឆាំងនឹងការគំរាមកំហែងទាំងនោះ។
លោក Kees បានថ្លែងបន្តទៀតថា៖ «អ្វីដែលគួរតែផ្តោតមុនគេគឺ ឯកជនភាពរបស់ប្រជាពលរដ្ឋ និងការបើកចំហរនយោបាយដល់ប្រជាពលរដ្ឋឲ្យធ្វើការបញ្ចេញមតិ»។
លោកបានថ្លែងបន្ថែមទៀតថា៖ «ប៉ុន្តែជាអកុសល អ្វីដែលយើងមើលឃើញនាពេលថ្មីៗនេះគឺថា ប្រទេសមួយចំនួនកំពុងយកច្បាប់នេះទៅប្រើប្រាស់ដើម្បីត្រួតពិនិត្យតាមដានលើការប្រើអ៊ិនអឺណិតក្នុងគោលបំណងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋទៅវិញ»។
លោក Raman Jit Singh Chima នាយកគោលនយោបាយអាស៊ីនៃអង្គការ Access Now ដែលជាក្រុមសិទ្ធិមនុស្សលើប្រព័ន្ធឌីជីថលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានថ្លែងថា ច្បាប់សន្តិសុខអ៊ិនធឺណិតនៅទូទាំងពិភពលោកអាចឈរលើគោលការណ៍ដើម្បីកែលម្អ ប៉ុន្តែអ្វីដែលជាចំណុចល្អបំផុតរបស់ច្បាប់នេះគឺយ៉ាងហោចណាស់មានចំណុចរួមគ្នាមួយ»។
លោក Raman បានថ្លែងទៀតថា៖ «ប្រទេសដែលមានច្បាប់សន្តិសុខអ៊ិនធឺណិតល្អ គឺជាប្រទេសដែលមានការទុកចិត្តគ្នារវាងរដ្ឋាភិបាល មន្រ្តីពង្រឹងការអនុវត្តច្បាប់ សង្គមស៊ីវិល និងរួមទាំងក្រុមសកម្មជនសិទ្ធិមនុស្សផងដែរ ដែលច្បាប់នោះបានទទួលការគាំទ្រពីក្រុមសកម្មជនសិទ្ធិមនុស្ស និងពីប្រព័ន្ធផ្សព្វផ្សាយ។ ហើយប្រទេសដែលមិនអាចធ្វើដូច្នេះបាន មានន័យថាប្រទេសនោះមានបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ»។
ប្រទេសថៃហាក់ដូចជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានបញ្ហាទាំងនេះ។
អ្នកស្រី Pradichit បានប្រាប់ VOA ថាមន្រ្តីរដ្ឋាភិបាលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកាលពីខែមេសា ប៉ុន្តែគ្មានមន្រ្តីរូបណាបានចូលរួមឡើយ។ ដោយលើកឡើងម្តងហើយម្តងទៀតអំពីការខកខានរបស់រដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយបញ្ហានេះ អ្នកស្រី Pradichit បានថ្លែងថា ការជំរុញឲ្យធ្វើវិសោធនកម្មច្បាប់សន្តិសុខអ៊ិនធឺណិតនេះ នឹងអាចកើតឡើងបានតាមរយៈគណបក្សប្រឆាំងនៅរដ្ឋសភា។
សមាជិករដ្ឋសភាម្នាក់មកពីគណបក្សប្រឆាំង Future Forward បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទកន្លងទៅថា គណបក្សសង្ឃឹមថានឹងដាក់សំណើវិសោធនកម្មនេះ និងសំណើច្បាប់ផ្សេងៗទៀតនៅសម័យប្រជុំសភានៅខែវិច្ឆិកាខាងមុខនេះ។
ការទទួលបានការអនុម័តសំណើច្បាប់ទាំងនេះអាចជាការលំបាក។ គណបក្សប្រឆាំងគ្រប់គ្រងអាសនៈតិចជាងពាក់កណ្តាលនៅក្នុងសភាតំណាងរាស្រ្ត។ រាល់បទប្បញ្ញត្តិណាដែលអាចក្លាយទៅជាច្បាប់ បានលុះត្រាតែបានទទួលការអនុម័តពីព្រឹទ្ធសភា ដែលត្រូវបានតែងតាំងទាំងស្រុងដោយរដ្ឋប្រហារយោធាមុនពេលចុះចេញពីតំណែង។
អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat មិនអាចទាក់ទងសុំអត្ថាធិប្បាយលើបញ្ហានេះបានទេ។ ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម ដែលដឹកនាំច្បាប់សន្តិសុខអ៊ិនធឺណិតនេះ មិនបានឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរោទ៍តែគ្មានអ្នកទទួល៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា