សង្គមស៊ីវិលដែលធ្វើការផ្នែកការពារសិទ្ធិកម្មករ ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងចំពោះសំណង់ខុសច្បាប់ និងស្វែងរកមន្ត្រីដែលពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែប មកទទួលខុសត្រូវតាមផ្លូវច្បាប់។
នៅថ្ងៃពុធនេះ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (Building and Wood Workers Trade Union Federation of Cambodia ឬហៅកាត់ថា BWTUC)និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights ឬហៅកាត់ថា CENTRAL) បានធ្វើសន្និសីទសារព័ត៌មានអំពី«រដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាពសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករសំណង់»។ សន្និសីទនេះធ្វើឡើងបន្ទាប់ពីមានករណីបាក់រលំអគារដែលកំពុងសាងសង់ជាបន្តបន្ទាប់ ក្នុងខេត្តព្រះសីហនុ និងខេត្តកែប ដែលបណ្ដាលឲ្យកម្មករជាង៦០នាក់ ស្លាប់។
លោក សុខ គីន ប្រធានសហព័ន្ធ BWTUC លើកឡើងថា ការបាក់រលំអគារជាច្រើនដងនៅប្រទេសកម្ពុជា រួមជាមួយការកើនឡើងនូវចំនួនអគារដែលកំពុងបន្តសាងសង់ដោយមិនមានច្បាប់ កំពុងបង្ហាញកម្សោយនៃអនុវត្តច្បាប់ពាក់ព័ន្ធនឹងការត្រួតពិនិត្យសំណង់។
លោកបន្តថា បញ្ហាទាំងនេះ ក៏កើតឡើងដោយសារកង្វះអធិការកិច្ចរបស់មន្ត្រីក្រសួងពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យគុណភាពសំណង់ផងដែរ។
«ប្រសិនបើក្រសួងសាមីគាត់ ចុះទៅត្រួតពិនិត្យ ខ្ញុំគិតថាសំណង់មួយអត់បាក់ទេ។ ខ្ញុំគិតថាមិនបាក់ទេ។ អញ្ចឹងបានថាភាគីដែលពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ និងធ្វើតាមតួនាទីរបស់ខ្លួនមួយៗឲ្យមានប្រសិទ្ធភាព កម្មករសំណង់នឹងជៀសផុតអំពីបញ្ហាគ្រោះថ្នាក់ហ្នឹង»។
តាមលោក សុខ គីន ចាប់ពីឆ្នាំ២០០០មក ការចុះបញ្ជីក្រុមហ៊ុនសាងសង់ មានចំនួនជាង២ពាន់ ប៉ុន្តែលោកថា មានក្រុមហ៊ុនតែជាង៩០០ប៉ុណ្ណោះ ដែលកំពុងមានសុពលភាពក្នុងពេលបច្ចុប្បន្ន។
ចំណែកលោក ស៊ូ ឆ្លូញ អនុប្រធានសហព័ន្ធ BWTUC ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលផ្អាករាល់សំណង់អគារផ្សេងៗទៀត ដែលកំពុងសាងសង់ដោយមិនមានច្បាប់ និងសាងសង់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
«ត្រូវតែពិនិត្យមើល ហើយផ្អាកនូវសំណង់អគារនោះ មិនបន្តឲ្យសាងសង់ទៅទៀត។ ជាពិសេស ឆែកលើគុណភាពរបស់សំណង់អគារ ទន្ទឹមនឹងអត់ច្បាប់ ត្រួតពិនិត្យមើលថា តើសំណង់អគារនោះ វាមានគុណភាពដែរឬក៏អត់ ជៀសវាងមានបញ្ហាកើតឡើងជាយថាហេតុណាមួយបន្តឲ្យមានការបាក់រលំ បន្តឲ្យមានការស្លាប់កម្មករបន្តទៅទៀត»។
ក្រុមសង្គមស៊ីវិលដែលធ្វើការផ្នែកការពារសិទ្ធិកម្មករដដែលក៏បានប្រកាសថា នៅសប្ដាហ៍ក្រោយ ពួកគេនឹងដាក់ញត្តិទៅក្រសួងពាក់ព័ន្ធ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញវិធានការចំនួន៧ចំណុច ដើម្បីដោះស្រាយ និងលើកកម្ពស់គុណភាព សុវត្ថិភាពសំណង់នៅកម្ពុជា ដោយក្នុងនោះមានទាំងការស្នើឲ្យមានសង់ស្តូបរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះផងដែរ។
កាលពីថ្ងៃទី៣ ខែមករា មានករណីបាក់អគារដែលកំពុងសាងសង់មួយក្នុងខេត្តកែប ដោយបណ្ដាលឲ្យមនុស្សចំនួន៣៦នាក់ស្លាប់ និង២៣នាក់រងរបួស។ ម្ចាស់សំណង់ត្រូវបានឃាត់ខ្លួនរួចបញ្ជូនទៅតុលាការ ប៉ុន្តែត្រូវបានតុលាការសម្រេចមិនឃុំខ្លួន ដោយដាក់ឲ្យស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន ដូចជាការមិនឲ្យចាកចេញទៅក្រៅប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រកាសថា ពុំមានមន្ត្រីណាម្នាក់នឹងត្រូវដកចេញពីតំណែង ឬលាឈប់ពីតំណែងដោយមូលហេតុនៃការទទួលខុសត្រូវលើការបាក់រលំអគារនោះទេ។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌល CENTRALលើកឡើងថា ការអនុវត្តច្បាប់ដោយតម្លាភាពលើអ្នកពាក់ព័ន្ធ ដែលរួមទាំងមន្ត្រីផង នឹងជំរុញឲ្យវិស័យសំណង់កាន់តែប្រសើរ និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
«ខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលនឹងអនុវត្តច្បាប់ដោយមិនយកតួនាទី ឬក៏តំណែងនរណាមួយ ដើម្បីលាង ឬក៏ឲ្យអ្នកហ្នឹងគេចផុតអំពីកាតព្វកិច្ចច្បាប់ ខណៈពេលដែលរដ្ឋាភិបាលអនុវត្តច្បាប់។ អញ្ចឹងខ្ញុំសូមអំពាវនាវថា អ្នកដែលពាក់ព័ន្ធ អ្នកដែលទទួលខុសត្រូវ សូមឲ្យមានការសិក្សាឲ្យមានតម្លាភាព និងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ»។
VOAមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក វ៉ៅ សុខា ប្រធានមន្ទីរដែនដីខេត្តកែប បានទេ។
លោក ទេព ធន ប្រធានគណៈកម្មការធ្វើកោសល្យវិច័យអគារដែលបាក់នៅខេត្តកែប ប្រាប់VOAថា គណៈកម្មការនៅបន្តការស្រាវជ្រាវ ដោយមិនទាន់អាចកំណត់ពីពេលប្រកាសលទ្ធផលនៅឡើយ។
«ចាំមើលលទ្ធផលឡាបូ [មន្ទីរពិសោធន៍ ]»។
តាមកំណត់ហេតុមួយរបស់មន្ទីររៀបចំដែនដីខេត្តកែប ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ដែលVOAទទួលបាន សំណង់ដែលបាក់នៅខេត្តកែបនេះ ត្រូវបានចុះត្រួតពិនិត្យការដ្ឋាននៅថ្ងៃទី៥ ខែ ធ្នូ ហើយរកឃើញថា«សង់លើសប្លង់ក្រឡាផ្ទៃ និងខុសប្លង់អនុញ្ញាត»។ ប៉ុន្តែមិនទាន់ដឹងថាមូលហេតុអ្វីបានជាសំណង់មួយនេះអាចបន្តការសាងសង់រហូតមកដល់ថ្ងៃបាក់រលំនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
សំណង់ដែលមានម្ចាស់ឈ្មោះ ឯក សារុន អាយុ៦៣ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យបើកការដ្ឋាន កាលពីខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែ កម្មកររងគ្រោះមួយចំនួន ដែលVOAបានសាកសួរ អះអាងថា សំណង់នេះត្រូវបានសាងសង់ តាំងពីខែមីនា ឆ្នាំ២០១៩។
តាមច្បាប់ស្ដីពីសំណង់ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ មានការផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ចំពោះជនណាដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ដោយគ្មានលិខិតអនុញ្ញាត ចំពោះអ្នកសិក្សាគម្រោងប្លង់ណាដែលបានសិក្សាគម្រោងប្លង់ដោយមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងចំពោះអ្នកសាងសង់ដែលបានសាងសង់ ឬរុះរើ មិនអនុលោមតាមគម្រោងប្លង់ និងតាមបទប្បញ្ញត្តិ ដែលបណ្ដាលឲ្យមានរបួស ឬបណ្ដាលឲ្យខូចសុខភាពអ្នកដទៃ។
មាត្រា១០១នៃច្បាប់ស្ដីពីសំណង់ ចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ ចំពោះអ្នកត្រួតពិនិត្យ និងបញ្ជាក់ ដែលបានបញ្ជាក់លើគម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើថាត្រឹមត្រូវ ដែលតាមជាក់ស្ដែង គម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើនោះ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និង/ឬតាមគម្រោងប្លង់ដែលបានអនុញ្ញាតហើយបណ្ដាលឲ្យមានរបួស ឬបណ្ដាលឲ្យខូចសុខភាពដល់អ្នកដទៃ។
មាត្រា១០៣ ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ កាលបើអំពីនេះបណ្ដាលឲ្យមានការកាត់អវយវៈ ឬនាំឲ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ។ ហើយកាន់តែធ្ងន់ធ្ងរ ត្រូវផ្ដន្ទាទោសពី៧ទៅ១៥ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យមានមនុស្សស្លាប់។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ស្តីពី«ឆ្ពោះទៅសម្រេចសក្ដានុពលនគរូបនីយកម្ម» បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រឈមនឹង «គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបន្ថែមថា ការផ្ដល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាដោយសារគោលការណ៍«សង់ជាមុន ផ្ដល់អាជ្ញាបណ្ណតាមក្រោយ»៕