ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រស់រាន​មានជីវិត៖ មាន​ការ​ចាក់​ប្លង់​សេ​ជាន់​លើ​បំផុត​នៅថ្ងៃ​អគារ​បាក់​រលំក្នុង​ក្រុង​​កែប​


ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ក្រុងកែប ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ក្រុងកែប ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ជន​រង​គ្រោះ​រស់រាន​មានជីវិត​ពី​ការ​បាក់​អគារ​បាន​អះអាងថា ​ការ​ផ្ទុក​លើស​ទម្ងន់ ការ​សាងសង់ប្លង់​សេ​បន្ថែមនៅ​ផ្នែក​ខាង​លើ​ និង​ការ​ស្ថាបនា​អគារ​នៅទីទួល​ខ្ពស់ជិត​ជើង​ភ្នំ ​ជា​មូលហេតុ​ធ្វើ​ឲ្យអគារ​នៅ​ក្នុង​ក្រុង​កែប ខេត្ត​កែប​ បាក់​រលំ ​សម្លាប់​មនុស្ស​យ៉ាង​តិច​៧នាក់​ និង​របួស​ជិត​២០នាក់។

កាល​ពី​រសៀលថ្ងៃ​សុក្រ វេលា​ម៉ោង​៤ ​និង​១៥​នាទី មាន​ករណី​បាក់​អគារ​មួយ ​ដែល​មាន​កម្ពស់​៧ជាន់ ដែល​រួម​ទាំង​ជាន់​ផ្ទាល់​ដី និង​ការ​ចាក់​ប្លង់​សេមួយ​ផ្នែក​នៅ​ជាន់​ខាង​លើ​បំផុត។

VOA បាន​សាកសួរ​អ្នក​រស់រាន​មានជីវិត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កែប ដោយ​ពួកគេ​បាន​លើក​ឡើង​ដូចៗគ្នា​ថា​ នៅ​ថ្ងៃ​ដែល​បាក់​នោះ កម្មករ​បាន​ចាក់​ប្លង់សេនៅ​ជាន់​ខាង​លើ តែ​មិន​មែន​សម្រាប់​បង្កើន​ជាន់​ដើម្បី​ធ្វើ​បន្ទប់​នោះ​ទេ។ ប្លង់​សេ​នោះគឺ​សម្រាប់​ជា​រោងក្នុង​គោល​បំណង​អ្វី​មួយ។ ការ​ចាក់​ប្លង់​សេ​នោះធ្វើ​ឡើង​នៅ​ពេល​ព្រឹកថ្ងៃសុក្រ​ ហើយ​បាន​បញ្ចប់​ប្រមាណពីរម៉ោង​មុន​ពេល​អគារ​បាក់។ ម្ចាស់​អគារ​បាន​អនុញ្ញាត​ឲ្យកម្មករ​មាន​ពិធីជួប​ជុំគ្នា​ពិសា​អាហារ​ និង​ស្រាបៀ។

អ្នកស្រី គីម តេម អាយុ​៣២​ឆ្នាំ ដែល​ត្រូវបានគេជួយ​សង្រ្គោះ​រស់រានមាន​ជីវិតកាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ក្រោយ​ជាប់​នៅ​ក្នុង​គំនរ​បែក​បាក់​នោះ​ជិត​២៤​ម៉ោង​បាន​ថ្លែង​ប្រាប់​VOA ថា ការ​បាក់​នោះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​ប្លង់​សេ​ខាង​លើ​បន្ថែម ដែល​ធ្វើ​ឲ្យ​មាន​ទម្ងន់​កាន់​តែ​ធ្ងន់។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ខណៈ​កំពុង​សម្រាក​ព្យាបាល​ថា៖

«ប្រហែល​ជា​សង្ស័យ​ថា​ ចាក់​ប្លង់សេ​ខាង​មួយ​កំណាត់[ទៀត]។ ឲ្យ​វាធ្ងន់​មួយ​ជំហាន វា​សង្កត់​មក​តែ​ម្តង។ ដូច​ថា​ប្លង់​សេ​គេ គេ​ថា​ ៦ជាន់​កន្លះ។ អាចុង​ក្រោយ​ហ្នឹង​ គេ​ចាក់​កន្លះ អាហ្នឹង​ចុង​ក្រោយ​ហើយ»។

អ្នកស្រី គីម តេម និង​ប្តី​របស់​អ្នកស្រីគឺ​ លោក ដេម យ៉ុន ត្រូវ​បានគេ​ជួយ​សង្រ្គោះ​នៅ​រសៀល​ថ្ងៃ​សៅរ៍។

នេះ​ជា​រូបថត​សំណង់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បាន​គេ​ថត​មុន​ពេល​បាក់​អគារ។ គេ​ឃើញ​មាន​ការ​ចាក់​ប្លង់សេ​ខាង​លើ​អគារ​នេះ។ (រូបថតផ្តល់ឲ្យ)
នេះ​ជា​រូបថត​សំណង់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បាន​គេ​ថត​មុន​ពេល​បាក់​អគារ។ គេ​ឃើញ​មាន​ការ​ចាក់​ប្លង់សេ​ខាង​លើ​អគារ​នេះ។ (រូបថតផ្តល់ឲ្យ)

កម្មករ​ម្នាក់​ទៀត គឺ​លោក អេ កុសល អាយុ​៣២​ឆ្នាំ ដែល​បាន​ជាប់​នឹងគំនរ​ថ្មប្រមាណ​១២​ម៉ោង បាន​ថ្លែង​ប្រាប់ VOA ថា នៅពេល​អគារ​បាក់​នោះ លោក​កំពុង​ហូបស្រាបៀ និង​ក្តាម​ជាមួយ​ភរិយា ដែល​នៅ​រស់​រាន និង​កម្មករ​ពីរនាក់​ផ្សេង​ទៀតដែល​បាន​ស្លាប់។

លោក​ កុសល ដែ​ល​មាន​កូន​ពីរនាក់​ដែល​រស់នៅ​ខេត្ត​កំពតជាមួយ​យាយតារបស់​ពួកគេ​ មាន​ប្រសាសន៍​ថា៖

«​ពេលហ្នឹង​ខ្ញុំ​ប្រឹង​ងើប​ទាញប្រពន្ធខ្ញុំចេញ។ មានដុំថ្ម​ក្បែរហ្នឹង​បីបួន​កង់​អញ្ចឹង​ខ្ញុំ​ដាក់កល់។​ ខ្ញុំ​ប្រឹង​ទាញ​ប្រពន្ធ​ខ្ញុំ​រលាត់ដៃ​រលាត់​ជើង​អស់​ហើយ។ ទាញ​មកក្បែរ​ខ្ញុំដើម្បី​មាន​សុវត្ថិភាព​»។

​លោក​អះអាង​ប្រាប់ ​VOA ថា​ លោក​សង្កេត​ឃើញថា​អគារ​ដែល​លោក​ស៊ីឈ្នួលសាងសង់នោះ​ ​ពុំមាន​អ្នក​ជំនាញ​ណាម្នាក់មើល​គុណភាពសំណង់នេះទេ​។

លោក អេ កុសល វ័យ៣២ ឆ្នាំ ជាកម្មករសំណង់នៅអគារដែលបានបាក់រលំនៅខេត្តកែប។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)
លោក អេ កុសល វ័យ៣២ ឆ្នាំ ជាកម្មករសំណង់នៅអគារដែលបានបាក់រលំនៅខេត្តកែប។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)

លោក​ កុសល ដែល​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ មុន​មក​ធ្វើ​ការនៅ​ទីនេះ​ បាន​ប្រហែល​៣ខែ​ មាន​ប្រសាសន៍​ថា៖

«កន្លែង​ផ្សេង​ៗ​គេមានកង់សុលតង់[អ្នក​ប្រឹក្សា​] និង​អាំងស៊ីញើ​ [វិស្វករ​]។ តែ​កន្លែង​ខ្ញុំ​វា​អត់​មាន។​ កង់សុលតង់ [consultant] សម្រាប់ត្រួត​ពិនិត្យ​ [លើ​]អ្វី​ដែល​ធ្វើខុស​បច្ចេកទេស ឬ​ត្រូវ​បច្ចេកទេស។​ កន្លែងនេះ​អត់មាន​»។​

កម្មករ​ម្នាក់​ទៀត លោក អ៊ឹង រដ្ឋា បាន​ថ្លែង​ថាការ​សង់​ប្លង់​សេបន្ថែម​ និង​ការ​ដាក់​ធុង​ទឹក​ធំៗ​ចំនួន​ពីរ​នៅ​ក្នុង​អគារជាហេតុបណ្តាលឲ្យអគារ​នេះ​បាក់ស្រុត។ ប៉ុន្តែ​លោក​មិនអាច​ប៉ាន់​ស្មាន​ថា​ គេបានផ្ទុក​ទឹកប៉ុន្មាន​លីត្រ​នោះ​ទេ។​ លោក​និយាយថា​ ទម្ងន់​ធ្ងន់​ពេក​ ជា​កត្តា​បណ្តាល​ឲ្យ​អគារ​មួយ​នេះ​បាក់​ ​។

លោក​ រដ្ឋា អាយុ​ ២៥​ឆ្នាំ មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅទីនេះ​បាន​ពីរសប្តាហ៍​ មាន​ប្រសាសន៍​ថា៖ «ដូចខ្ញុំ​ប្រាប់អញ្ចឹង អាច​បណ្តាល​មកពីតំបន់​នេះ​ជា​តំបន់​ជម្រាលភ្នំ​ហើយ​ទី​២ ​អាច​ថា​វា​លើស​ទម្ងន់​ ​ដែល​វាអាចទទួលបាន»។ លោក​បន្ថែម​ថា៖ «ឥដ្ឋ​ធម្មតា​ដែល​៦ ឬ៧ហ៊ុន។ តែឥដ្ឋនេះ១០ហ៊ុនជាង ទទឹងណា ឥដ្ឋ១០​ហ៊ុន វាធំណាស់​។ ជញ្ចាំងធំ​បណ្តោយ​ ដល់ពេល​អញ្ចឹងទៅ​វាធ្វើឲ្យ​ទម្ងន់ កាន់​តែ​កើនឡើង​។ មួយជាន់ៗ​ច្រើនតោន​ណាស់​»។

លោក អ៊ឹង រដ្ឋា អាយុ២៥ឆ្នាំ ជាកម្មករសំណង់នៅអគារដែលបានបាក់រលំនៅខេត្តកែប។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)
លោក អ៊ឹង រដ្ឋា អាយុ២៥ឆ្នាំ ជាកម្មករសំណង់នៅអគារដែលបានបាក់រលំនៅខេត្តកែប។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​ការ​បាក់​អគារ​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មការ​មួយ​ ដើម្បីស៊ើ​បអង្កេត​រក​មូល​ហេតុ​នៃ​ការ​បាក់​អគារ​នេះ។

ក្រោយលោក ស ខេង ចុះពិនិត្យទីតាំងអគារបាក់នៅខេត្តកែប​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ VOA ថា សំណង់អគារដែលបាក់នេះខ្វះគុណភាព ហើយទុកសមត្ថកិច្ចឲ្យគណៈកម្មការដែលទើបនឹងបង្កើត បន្តការស៊ើបអង្កេត។

លោក ស ខេង មានប្រសាសន៍ថា៖ «មូលហេតុគ្មានអីក្រៅតែពីសំណង់ខ្វះគុណភាព។ មកដល់ពេលនេះយើងមិនទាន់ដឹងថា កំហុសអ្នកណាពិតប្រាកដទេ ក៏ប៉ុន្តែគ្រាន់តែថា គុណភាពសំណង់ហ្នឹងមិនគ្រប់ស្តង់ដារ»។

ភ្លាមៗក្រោយ​ពី​អគារ​បាក់ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​អគារ​ ឈ្មោះ ឯក សារុន និងភរិយារបស់លោកឈ្មោះ ឈីវ សុធី និង​កំពុង​សាកសួរ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

បើ​តាម​កម្មករ ម្ចាស់​អគារ​តែង​តែស្នាក់នៅ​អគារ​នោះ​ជា​រៀងរាល់​ថ្ងៃ​នៅ​ជាន់​ទី​ពីរ។ អគារ​មួយ​នេះ​ត្រូវបាន​សាងសង់​តាំងពី​ខែមីនា ឆ្នាំ​២០១៩ ហើយ​ការ​សាងសង់​ធ្វើ​ឡើង​បន្តិច​ម្តងៗអស់​ជាង​១០ខែ​ មក​ទល់​នឹងថ្ងៃដែលអគារនេះបាក់ស្រុត​។ នេះ​បើ​យោង​តាម​កម្មករ។

សមត្ថកិច្ចកំពុង​បន្តកាយរុករកមនុស្សផ្សេងទៀត ហើយ​ប្រតិបត្តិការ​អាច​បញ្ចប់​ក្នុង​រយៈពេល​មួយ​សប្តាហ៍។ នេះ​បើ​យោង​តាម​លោក ស ខេង។ សាច់ញាតិ​ដែល​កំពុង​រក​គ្រួសារ​ បានអះអាង​ថា​ មាន​ក្មេងៗ​យ៉ាង​តិច​៥​នាក់ ដែល​ជាប់​នៅ​ក្នុង​គំនរ​អគារ​នោះ ដែលជា​កូនៗរបស់កម្មករ​។

នេះ​ជាការ​បាក់​អគារ​ទ្រង់​ទ្រាយ​ធំមួយ​ទៀត ដែល​បណ្តាល​ឲ្យមនុស្សស្លាប់ ​និង​របួស​ច្រើន​នាក់ បន្ទាប់​ពី​ការ​បាក់​អគារកំពុង​សាង់សង់​ចំនួន​៧​ជាន់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​កំពុង​រីកដុះដាល​យ៉ាង​គំហុក​នៃ​សំណង់​ និង​ការ​រកស៊ី​របស់​ចិន កាល​ពី​ថ្ងៃខែ​មិថុនា ឆ្នាំ​២០១៩ ដែល​បណ្តាល​ឲ្យ​មនុស្ស២៨​នាក់​ស្លាប់។ ខេត្ត​ព្រះសីហនុ​ប្រឈម​នឹង​បញ្ហា​ការ​សាងសង់​សំណង់​ដោយ​មិន​មាន​អាជ្ញាបណ្ណ និង​សំណង់​មិន​មាន​គុណភាព។

របាយការណ៍​របស់​ក្រុម​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដែល​និយាយ​អំពី «ឆ្ពោះ​ទៅ​សម្រេច​សក្តានុពល​នគរូបនីយកម្ម» បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​ បាន​ប្រឈម​នឹង​«​គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន ​និង​កង្វះហេដ្ឋារចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន​»។ របាយការណ៍​បាន​បញ្ជាក់​បន្ថែមថា ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជាបញ្ហា​ត្រង់​ថា ​«សង់​សិន អាជ្ញា​បណ្ណ​តាម​ក្រោយ»។

របាយការណ៍​បាន​បញ្ជាក់​ថា៖ «នៅ​មាន​ការ​អនុញ្ញាត​ការ​សាង​សង់​ត្រូវ​បាន​ផ្តល់​លើ​មូលដ្ឋាន​មួយ​ករណី​ម្តងៗ ដែល​នៅ​ទីនោះ​គេ​ច្រើន​ស្គាល់​ថា​ជាវិធី ​«សង់​សិន អាជ្ញា​បណ្ណ​តាម​ក្រោយ។ សិទ្ធិ​អំណាច​ក្នុង​ការ​ចេញ​អាជ្ញា​បណ្ណ​សាង​សង់​និង​ការ​ត្រួតត្រា​សំណង់​ស្ថិត​នៅ​ហួស​ពី​សមត្ថ​កិច្ច​របស់​មន្ទីរ​ខេត្ត​នីមួយៗ ឬ​របស់​អាជ្ញាធរ​ក្រុង​ទៅទៀត»។

នៅ​រសៀល​ថ្ងៃ​សៅរ៍ អង្គការសហប្រជាជាតិនៅកម្ពុជាបាន​សម្តែង​នូវការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ​ ហើយ​អង្គសហប្រជាជាតិបញ្ជាក់​ថា៖ «ប្រព័ន្ធរបស់អង្គការសហប្រជាជាតិត្រៀមខ្លួនដើម្បី​ធ្វើ​ការជាមួយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូទាំងអស់ ដើម្បីកែលម្អ​ស្តង់ដារ​សំណង់​ និង​សុវត្ថិភាព»៕​

XS
SM
MD
LG