ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាក់​អគារ​សម្លាប់​ក្មេងៗ​នៅ​ខេត្ត​កែប​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​​​សុវត្ថិភាព​កុមារ


សៀវភៅសិក្សានៅកន្លែងដែលមានការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
សៀវភៅសិក្សានៅកន្លែងដែលមានការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ការ​បាក់​អគារ​នៅ​ខេត្ត​កែប​កាល​ពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​៣៦​នាក់​ស្លាប់ ក្នុង​នោះ​មាន​ក្មេង​អាយុ​ក្រោម​១០​ឆ្នាំ​ ៦​នាក់​ផង​ដែរ ដែល​ជា​កូនៗ​របស់​កម្មករ​ដែល​មក​ធ្វើ​ការ​​និង​ស្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ កុមារា​ម្នាក់ ឈ្មោះ​ គៀង​ ស្នា​ អាយុ​១៤ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​កែប ខេត្ត​កែប បាន​រំឭក​ថា​ គេ​បាន​ឮ​សំឡេង​ខ្លាំង​និង​រញ្ជួយ​នៅ​ក្បែរ​ផ្ទះ​របស់​គេ។ កុមារ​រូប​នោះ​បាន​លើក​ឡើង​ថា ស្មាន​តែ​រថយន្ត​ដឹក​ដី​ក្រឡាប់ ហើយ​ហុយ​ដី។ ប៉ុន្តែក្រោយ​មក​ទើប​ដឹង​ថា​ជា​ការ​បាក់​អគារ ដោយសារ​គេ​និយាយ​គ្រប់ៗ​គ្នា។ ក្មេង​នោះ​និយាយ​ថា មិត្តភក្តិ​របស់​គេ​៣​នាក់ ក៏​បាន​ស្លាប់ផង​ដែរ។

រស់​នៅ​ម្តុំ​កន្លែង​បាក់​អគារ ​ គៀង​ ស្នា បាន​ជិះ​កង់​ទៅ​មក​ក្បែរៗ​កាតាប​របស់​មិត្តភ័ក្តិ​របស់​គេ ដែល​ត្រូវ​បាន​ក្រុម​ជួយ​សង្រ្គោះ​ប្រមូល​បាន​ពី​គំនរ​អគារ​បាក់​ មក​គរ​ទុក​នៅ​ខាង​ក្រៅ។

គៀង​ ស្នា​ បាន​ប្រាប់ ​VOAថា គេ​មាន​អារម្មណ៍​ថា​នឹក​មិត្តភ័ក្តិ​របស់​គេ ដែល​ទើប​បាន​ស្គាល់​គ្នា​ជាង​៣ខែ​និង​តែង​តែ​លេង​បាល់ទាត់​ជា​ក្រុម​៤នាក់​ ជាមួយ​គ្នា។​

ស្នា​បាន​និយាយ​ថា៖ «អារម្មណ៍​មិន​ដឹង​ទៅ​ណា​អស់​ហើយ​ ព្រោះ​អី​មិត្ត​ភក្តិ​ធ្លាប់​លេង​ជាមួយ​គ្នា។​ ដល់​អត់​មាន​មិត្ត​ភក្តិ​អត់​ដឹង​គិត​ម៉េច...នឹក»។

កុមារា​ គៀង​ ស្នា​ អាយុ​១៤ឆ្នាំ រស់​នៅ​ម្តុំ​កន្លែង​បាក់អគារ ​ជា​មិត្តភក្តិ​របស់​កុមារា​ ៣នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នះ។ (ខាន់ សុគុំមនោ/VOA)
កុមារា​ គៀង​ ស្នា​ អាយុ​១៤ឆ្នាំ រស់​នៅ​ម្តុំ​កន្លែង​បាក់អគារ ​ជា​មិត្តភក្តិ​របស់​កុមារា​ ៣នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នះ។ (ខាន់ សុគុំមនោ/VOA)

ការ​បាក់​អគារ​នៅ​ក្រុង​កែប ​កាល​ពី​ថ្ងៃសុក្រ ទី​៣ ខែ​មករា បាន​សម្លាប់​មនុស្ស​៣៦​នាក់ ក្នុង​នោះ​មាន​ក្មេង​តូចៗ​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប​ដែល ​VOAទទួល​បាន ក្មេង​ចាប់​ពី​អាយុ​១០​ឆ្នាំ​ចុះ មាន​ចំនួន​៦នាក់​ ដែល​បាន​ស្លាប់ ក្នុង​នោះ​មាន​អាយុ​៣ខែ ៨ខែ​ ១ឆ្នាំ ៤ឆ្នាំ ៨ឆ្នាំ​ ៩ឆ្នាំ និង​១០ឆ្នាំ។ បើ​តាម​បញ្ជី​ឈ្មោះ​នោះ ក៏​មាន​ក្មេង​អាយុ​១៤​ឆ្នាំ ១៥​ឆ្នាំ ១៦​ឆ្នាំ និង១៧​ឆ្នាំ​ផង​ដែរ ដែល​បាន​ស្លាប់​និង​របួស។ នៅ​ការដ្ឋាន​សំណង់​ដែល​បាក់​រលំ​នេះ ក៏​មាន​កម្មករ​មួយ​ចំនួន​ក្រោម​អាយុ​១៨​ឆ្នាំ ធ្វើ​ការ​ផង​ដែរ។ នេះ​បើ​យោង​តាម​កម្មករ និង​សាច់​ញាតិ ដែល​បាន​ប្រាប់​VOA។

កាតាប រួម​ទាំង​កាតាប​កូន​សិស្សនិង​សម្ភារៈ​ផ្សេងទៀតដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​កន្លែងដែលមានការបាក់​រលំ​អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
កាតាប រួម​ទាំង​កាតាប​កូន​សិស្សនិង​សម្ភារៈ​ផ្សេងទៀតដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​កន្លែងដែលមានការបាក់​រលំ​អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

លោក សៀង ផាន អាយុ​៤០​ឆ្នាំ មក​ពី​ខេត្ត​បាត់​ដំបង ដើម្បីទទួល​សព​គ្រួសារ​ចំនួន​៤នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប ។ សព​នោះ​មាន​ប្អូន​ប្រុស​របស់​លោក ប្អូន​ថ្លៃ​ដែល​ជា​ភរិយា​របស់​លោក សៀង សឿន និង​ក្មួយ​របស់​លោក​ពីរ​នាក់ ដែល​ក្មួយ​ស្រី​អាយុ​៣ខែ ​និង​ក្មួយ​ប្រុស​ អាយុ​៩ឆ្នាំ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ពេល​រៀបចំ​ទទួល​សព​របស់​សាច់ញាតិ​ទៅ​ស្រុក​កំណើត​កាល​ពី​ថ្ងៃ​អាទិត្យថា៖ «ប្អូន​ប្រុស​ទទួល​មរណភាព​ដោយ​ឧបទ្ទវហេតុ ដោយសារ​ការ​រលំ​អគារ​ហើយ។ មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ តែ​បើ​កម្ម​របស់​ប្អូន​ត្រូវ​ទទួល»។

អ្នកស្រី សៀង ផាត់ អាយុ​៦១​ឆ្នាំ ជា​ម្តាយ​ជន​រងគ្រោះ ឈ្មោះ សៀង សឿន ​ដែល​បាន​ស្លាប់ ​មាន​ប្រសាសន៍​ពេល​អង្គុយ​ក្បែរ​រថយន្ត​ដឹក​សព​ថា ​កូនប្រុស​របស់​អ្នកស្រី ​បាន​នាំ​ភរិយា និង​កូនៗ មក​ធ្វើ​ការ​នៅ​ខេត្ត​កែប​នេះ បាន​ប្រហែល​បី​ខែ​ហើយ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «មាន​អារម្មណ៍​ថា​ ស្តាយ​ សោក​ស្តាយ ដែល​កូន​អាយុ​ខ្លី»។

អ្នកស្រី សៀង ផាត់ អាយុ​៦១​ឆ្នាំ ជាម្តាយជន​រងគ្រោះ ឈ្មោះ សៀង សឿន ​ដែល​បាន​ស្លាប់នៅក្នុងការបាក់អគារនៅក្រុងកែប ខេត្តកែបកាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រី សៀង ផាត់ អាយុ​៦១​ឆ្នាំ ជាម្តាយជន​រងគ្រោះ ឈ្មោះ សៀង សឿន ​ដែល​បាន​ស្លាប់នៅក្នុងការបាក់អគារនៅក្រុងកែប ខេត្តកែបកាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ក្រៅ​ពី​ពួក​គេ មាន​ក្រុម​គ្រួសារ​ផ្សេង​ទៀត ក៏​កំពុង​រៀបចំ​ទទួល​សាកសព ដឹក​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​ផង​ដែរ ហើយ​ក្នុង​នោះ​មាន​ក្មេងៗ​ផង​ដែរ។

លោក​ ជ័យ ភៀង អាយុ​៥១​ឆ្នាំ មកពី​ស្រុក​រមាសហែក ខេត្ត​ស្វាយ​រៀងបាន​បាត់​បង់​ប្អូនស្រី២នាក់ ក្មួយ​ម្នាក់​អាយុ​ប្រហែល ​១​ឆ្នាំ​និង​ចៅ​ម្នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «អារម្មណ៍​នឹក​ក្មួយ​ចង់​ងាប់​ហើយ។ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ចេះ​កាត់​ចិត្ត​កាត់​ថ្លើម​ទៅ។ គ្នា​មិន​ទាន់​ដឹង​អី​ផង​ មិន​ទាន់​ចេះ​ស៊ី​ផង​ ងាប់​ទៅ​វិញ»។

ចំណែក​លោក ហែម សុភី អាយុ​៤០​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​បាត់​បង់​ប្អូនស្រី ប្អូនថ្លៃ និង​ក្មួយ​ប្រុស​ពីរ​នាក់​ដែល​មាន​អាយុ​៨​ឆ្នាំ និង​៤​ឆ្នាំ ដែល​ពួក​គេ​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ការ​ដ្ឋាន​សំណង់។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ ពេល​កំពុង​បូជា​សព​សាច់​ញាតិ​ថា៖ «គាត់​ខំ​ផ្ទេរ​កូន​ពី​នេះ​ទៅ​រៀន​នៅ​នោះ ទៅ​រៀន​នៅ​កែប នៅ​ជិត​ឪពុក​ម្តាយ ព្រោះ​កូន​នៅ​តូចៗ គ្មាន​ពី​ណា​នៅ​ថែទាំ។ ស្រឡាញ់​គ្នា ទៅណា តាម​ហើយ ទាំង​កូន ទាំង​ឪ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្រោយ​ការ​បាក់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សម្លាប់​មនុស្ស​២៨នាក់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​វិធាន​ការ​ដល់​ក្រុមហ៊ុន​និង​អ្នក​ម៉ៅការ​សំណង់​ទាំង​អស់​ថា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ស្នាក់​នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​នោះ​ទេ។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុជា​ បាន​ថ្លែង​ការ​អនុវត្ត​ឲ្យ​កម្មករ​មានកន្លែង​ស្នាក់​នៅ​ផ្សេង​ពី​អគារ​កំពុង​សាងសង់ ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា៖ «និយាយ​ចំ​ទៅ​ការ​អនុវត្ត​ហ្នឹង វាហាក់​បី​ដូច​ជា​មាន​តិចតួច ក្រោយ​មាន​សេចក្តី​ជូន​ដំណឹង។ ការ​អនុវត្ត​មាន​តិច​តួច​ហើយ វា​មាន​ការ​ខ្វះ​ចន្លោះ​ពី​អធិការ​កិច្ច​ការងារ ពី​ក្រសួង​ដែនដី ពី​ក្រសួង​ការងារ​អីចឹង​ដែរ។ ហើយ​អញ្ចឹង​ធ្វើ​ឲ្យ​ភាគី​និយោជក​ហ្នឹង គាត់​រៀង​ព្រងើយ​កន្តើយ»។

លោក​បន្ត​ថា​ មិន​ទាន់​មាន​ការ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​កម្មករ​ដែល​ក្រោម​អាយុ​១៨​ឆ្នាំ ហើយ​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់។

លោក​បន្ត​ថា រដ្ឋាភិបាលត្រូវ​ធានាថា​ការ​ត្រួត​ពិនិត្យ​គុណភាព​អគារ ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​គុណភាព​ហ្នឹង​វា​មិន​តាម​ស្តង់​ដារ​ទេ ហេតុ​អី​ឈាន​ទៅ​ដល់​ការ​សាង​សង់​ដល់​ទៅ​ប្រាំមួយ​ប្រាំពីរ​ជាន់។ អាហ្នឹង​យើង​វិភាគ​ខ្លួន​យើង​អញ្ចឹង។ ខ្ញុំ​មិន​ហ៊ាន​ចោទ​ភាគី​ខាង​ណា​ពុក​រលួយ ឬ​មិន​ពុក​រលួយ​ទេ»។

ប្រតិបត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីយប់ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
ប្រតិបត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីយប់ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើក​ឡើង​ថា ត្រូវ​តែ​មាន​ការ​រៀប​ចំ​ច្បាប់ និង​ចាប់​បង្ខំ​ឲ្យ​អនុវត្ត ទើប​មាន​ប្រសិទ្ធភាព។

កាលពី​ថ្ងៃ​អាទិត្យ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​បិទ​ប្រតិបត្តិការ​រុករក​ និង​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​អគារ​បាក់​នៅ​ខេត្ត​កែប​ថា​ ពុំ​មាន​ថ្នាក់ដឹកនាំ​ខេត្ត​ណា​ម្នាក់ ​នឹង​ត្រូវ​ដកចេញ​ពី​តំណែង​ ឬ​លាឈប់​ពី​តំណែង​ឡើយ។ ​

លោក​ ហ៊ុន សែន​បាន​ថ្លែង​ថា​ មាន​កំហុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​សាងសង់​អគារ​មួយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​នៅ​ទីនេះ។​ គ្រាន់តែ​យើង​សិក្សា​ជាបឋម​ យើង​ឃើញ​មាន​ចំណុច​ខ្វះខាត​ពី​រួច​ទៅ​ហើយ។​ តែ​ខ្ញុំ​មិន​សន្និដ្ឋាន​ជំនួស​អ្នក​បច្ចេកទេស​ទេ។ ទី​១​ គឺ​ផ្នែក​ខាង​គូស​ប្លង់ ​ផ្នែក​ទំហំ​ប៉ុណ្ណេះ​ៗ តាក់​តែងខុស។​ បានន័យ​ថា​ដែក​តូចជាង កម្រិត​បច្ចេកទេស​ដែល​គេ​ផ្តល់។​ កំហុស​ទី​២​ គឺ​កំហុស​ទាក់ទិន​នឹង​បញ្ហា​ប្លង់សេ។ គេ​ត្រូវ​ការ​២៨​ថ្ងៃ​ ទើប​អាច​ដក​ក្តារ​ពុម្ព​បាន។​ ក៏ប៉ុន្តែ​តាម​ដែល​យើង​ទទួល​ព័ត៌មាន​បាន​គឺ​មិន​ដល់​១០ថ្ងៃ​ទេ​ ដែល​គាត់​ដក​ក្តារ​ពុម្ព​ហ្នឹង​ចេញ​តែ​ម្តង​ ដើម្បី​ឈាន​ឡើង​ទៅ​ចាក់​អា​លើ​ទៀត»។

ភ្លាមៗ​ក្រោយ​ពី​អគារ​បាក់​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​អគារ​ ឈ្មោះ ឯក សារុន ​និង​ភរិយា​របស់​លោក​ឈ្មោះ ឈីវ សុធី។

របាយការណ៍​របស់​ក្រុម​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដែល​និយាយ​អំពី«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម» បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ បាន​ប្រឈម​នឹង​ «គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន ​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន»។ របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ត្រង់​ថា «សង់​សិន អាជ្ញាបណ្ណ​តាម​ក្រោយ»។

គួរ​បញ្ជាក់​ថា ​ការ​បាក់​អគារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​លើក​ទីពីរ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​ដែល​ធ្វើ​ការ​សំណង់​និង​ប្រជាពលរដ្ឋ​ទូទៅ កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គុណភាព​សំណង់​នៅ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG