ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ការ​អនុវត្ត​ច្បាប់​​ម៉ឺងម៉ាត់​​ ក្រោយ​បាក់​អគារ​មួយ​ទៀត​សម្លាប់​មនុស្ស​៣៦​នាក់


ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារកំពុងបន្តធ្វើឡើងនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារកំពុងបន្តធ្វើឡើងនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែ​មិថុនា មិន​ទាន់​មាន​ការ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ​​រហូត​មក​ដល់​ពេល​នេះ។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​លើករណី​បាក់​រលំ​អគារទាំង​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ដែល​សរុប​ទាំង​ពីរ​លើក​នេះ បណ្តាល​ឲ្យ​មនុស្សចំនួន​៦៤​នាក់​ស្លាប់។​

ក្នុង​រយៈពេល​ជាង​៦​ខែ​ចុង​ក្រោយ​នេះ មាន​ករណី​បាក់អគារ​ដែល​កំពុង​សាង​សង់​ចំនួន​ពីរ មួយ​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហនុ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២៨​នាក់​ស្លាប់ និង​២៦​នាក់​របួស។ ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​ កាលពី​ថ្ងៃ​សុក្រ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣៦​នាក់​ស្លាប់ និង​២៣​នាក់​រង​របួស។​

លោក សុខ គីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ ប្រាប់ VOA ថា អាជ្ញាធរ​គឺ​ជា​អ្នក​មាន​សមត្ថកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​ការ​សាងសង់ ហើយ​អនុវត្ត​ច្បាប់​លើ​ករណី​មិន​ប្រក្រតី​ណា​មួយ។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

លោកបន្ត​ថា រដ្ឋាភិបាលត្រូវ​ធានាថា ​ការ​ត្រួត​ពិនិត្យ​គុណភាព​អគារ ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់៖ «ប្រសិន​បើ​គុណភាព​ហ្នឹង​វា​មិន​តាម​ស្តង់​ដារ​ទេ ហេតុ​អី​ឈាន​ទៅ​ដល់​ការ​សាង​សង់​ដល់​ទៅ​ប្រាំមួយ​ប្រាំពីរ​ជាន់។​អាហ្នឹង​យើង​វិភាគ​ខ្លួន​យើង​អញ្ចឹង។ ខ្ញុំ​មិន​ហ៊ាន​ចោទ​ភាគី​ខាង​ណា​ពុក​រលួយ ឬ​មិន​ពុក​រលួយ​ទេ»។​

ចំណែកលោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​លើក​ឡើង​ថា មាន​កត្តា​ដែល​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុងការ​អនុញ្ញាត​ឲ្យ​សំណង់​មិន​មាន​ច្បាប់​ជាច្រើនអាច​សាង​សង់​និង​បន្ត​ការ​សាងសង់​បាន។ លោក​បន្ត​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ធានា​ថា ករណី​បាក់​អគារ​នឹង​មិន​កើត​មាន​នៅ​កម្ពុជា​តទៅ​ទៀត៖

«សំណង់​ដែល​បាន​សាង​សង់​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មាន​ច្រើន​អគារ​មែន​ទែន​ ទាំង​នៅ​ភ្នំពេញ​និង​បណ្តា​ខេត្ត​នានា។​ អញ្ចឹង​សំណួរ​សួរ​ថា តើ​ករណី​បែប​ហ្នឹង​អាច​នឹង​កើត​មាន​ពេល​ណា នៅ​ទី​កន្លែង​ណា​ទៀត? ហើយ​បើ​សិន​ជា​យើងទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​លើក​ទី​បី​ទៀត តើ​ត្រូវ​ធ្វើ​អី​ខ្លះ? កិច្ច​ការ​នេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត»។

សៀវភៅសិក្សានៅកន្លែងដែលមានការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
សៀវភៅសិក្សានៅកន្លែងដែលមានការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​ការ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ទាំង​ពីរ គេ​ឃើញ​មន្រ្តី​សង្គម​ស៊ីវិល​និង​អ្នកប្រើ​បណ្តាញ​សង្គម​មួយ​ចំនួន ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​រក​មន្រ្តី​ដែល​អាច​ជាប់​ពាក់ព័ន្ធនឹង​អំពើ​ពុក​រលួយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​ដក​តំណែង​មន្រ្តី​ជាន់​ខ្ពស់​ដែល​ជា​ថ្នាក់​ដឹកនាំ​ខេត្ត​មួយ​ចំនួន​ផង។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​បញ្ជាក់លទ្ធផល​នៃ​ការស៊ើប​អង្កេត​ថា​ មាន​មន្រ្តី​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​រលំ​បាក់​អគារ​ទាំង​ពីរ​នៅ​ឡើយ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២០ ​ក្រោយ​ករណី​បាក់​អគារ​នៅ​ក្នុង​ខេត្ត​កែប លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីនោះ ដោយ​ប្រកាស​ថា ករណី​នៃ​ការ​បាក់​អគារ​នៅ​ខេត្ត​កែប មិន​មានមន្រ្តី​រូប​ណា​មាន​កំហុស ដើម្បី​ទទួល​ខុសត្រូវ​នោះ​ទេ។ លោក​បន្ត​ថា មេ​ការ​ដែលបាន​ស្លាប់​ក្នុង​គំនរ​អគារ​ទើប​ជា​អ្នក​មាន​កំហុស​ត្រូវ​ទទួល​ខុស​ត្រូវ​ ដោយសារ​ការ​ចាក់​ប្លង់​សេ​មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ និង​សាងសង់​ខុស​ពី​ប្លង់។

«ខ្ញុំ​អាច​បញ្ជាក់​បាន​ថា អត់​មាន​ការ​ដក​ចៅហ្វាយ​ខេត្ត ឬ​ក៏​អនុ​ខេត្ត​ទេ។ អាហ្នឹង​និយាយ​គ្នា​ឲ្យ​ច្បាស់ទៅ​លើ​កន្លែង​ហ្នឹង កុំ​ឲ្យ​មានការ​សង្ស័យ»។

ក្នុង​រូបថត​ផ្សាយ​ដោយ​រដ្ឋបាល​ខេត្ត​កែប លោក​នាយករដ្ឋមន្ត្រី​ ហុ៊ន សែន បាន​ធ្វើ​ដំណើរទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កាល​ពី​ថ្អៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។ (Facebook/រដ្ឋបាល​ខេត្ត​កែប)
ក្នុង​រូបថត​ផ្សាយ​ដោយ​រដ្ឋបាល​ខេត្ត​កែប លោក​នាយករដ្ឋមន្ត្រី​ ហុ៊ន សែន បាន​ធ្វើ​ដំណើរទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កាល​ពី​ថ្អៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។ (Facebook/រដ្ឋបាល​ខេត្ត​កែប)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​បញ្ជាក់​ថា សម្រាប់​ករណី​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ជាង​៦​ខែ​មុន ក៏​មិន​មាន​មន្រ្តី​ណា​ម្នាក់​ត្រូវ​បាន​ដក​តំណែង​នោះ​ដែរ។ ទោះ​យ៉ាង​ណា​គេ​ឃើញ​លោក យន្ត មីន ដែល​ជា​អតីត​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​លាលែង​តំណែង​នា​ពេល​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​តែង​តាំង​លោក​ឲ្យ​មាន​តំណែង​ខ្ពស់​ជាង​មុន។

គណៈ​កម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​ករណី​បាក់​អគារ​នៅ​ក្នុង​ខេត្ត​កែប។ ម្ចាស់​អគារ​ដែល​ជា​ប្តី​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត ដោយសារ​ខេត្ត​កែប​មិន​មាន​តុលាការ។

លោក ម៉ាន់ បូរ៉េត អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពត ប្រាប់​យ៉ាង​ខ្លី​ថា តុលាការ​បាន​ទទួល​សំណុំ​រឿង​និង​ការ​បញ្ជូន​ខ្លួន​ម្ចាស់​សំណង់​ទាំង​ពីរ​មក​តុលាការ​រួច​ហើយ។

ចំណែក​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែ​មិថុនា មិន​ទាន់​មាន​ការ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ។

រូប​ឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ប្រមាណ​ម៉ោង​ ១០​។​ ត្រឹមពេល​នេះ​ មនុស្ស​យ៉ាងហោច​ណាស់​ ១៨នាក់​ ត្រូវបានអាជ្ញាធរ​បញ្ជាក់​ថា ​បាន​ស្លាប់​ ​និង​២៤​នាក់​ បាន​រង​របួស នៅខេត្ត​ព្រះសីហ​នុ​ នៅថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/VOA)
រូប​ឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ប្រមាណ​ម៉ោង​ ១០​។​ ត្រឹមពេល​នេះ​ មនុស្ស​យ៉ាងហោច​ណាស់​ ១៨នាក់​ ត្រូវបានអាជ្ញាធរ​បញ្ជាក់​ថា ​បាន​ស្លាប់​ ​និង​២៤​នាក់​ បាន​រង​របួស នៅខេត្ត​ព្រះសីហ​នុ​ នៅថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/VOA)

លោក ឡៅ ទិព្វសីហា ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ទទួល​ទូរស័ព្ទ​របស់ VOA តែ​លោក​និយាយថា​ ស្តាប់​មិន​បាន​ជា​ច្រើន​ដង។

ចំណែក​លោក សេង ឡូត​ អ្នកនាំពាក្យ​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ប្រាប់ VOA នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ក្រសួង​កំពុង​បើក​កិច្ចប្រជុំ​សំខាន់ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​ករណី​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ ប៉ុន្តែ​លោក​ថា ឲ្យ​រង់​ចាំ​មើល​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង។

ករណី​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤នាក់​ ដែល​ម្នាក់​ជា​វិនិយោគិន​លើ​គម្រោង​អគារ​ដែល​បាក់​រលំ ​ម្នាក់​ជា​ថៅកែ​ម៉ៅ​ការ​សំណង់ ម្នាក់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដ្ឋាន​និង​ម្នាក់​ទៀត​ជា​ជាង​សំណង់ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា។

VOA មិន​អាច​ទាក់​ទង​លោក ហួត វិចិត្រ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ។

លោក ស្រេង វ៉ាន់លី មន្រ្តី​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា ក្រោយ​ករណី​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សវនាការ​របស់​តុលាការ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា សម្រាប់​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ក្រសួង​លើ​ការ​បាក់​អគារ ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​នៅ​ឡើយ។

លោក​ ព្រាប កុល នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការស៊ើប​អង្កេត​លើ​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហនុរ​ហូត​ដល់​ទៅ​ជាង​៦​ខែ តែ​មិន​ទាន់​មាន​លទ្ធផល​ គឺ​ជា​ការ​អូស​បន្លាយ​រយៈពេល​យូរ​ខ្លាំង ដែល​លោក​ថា អាជ្ញាធរ​គួរ​ពន្លឿន​ការ​ដោះ​ស្រាយ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​និងស្វែង​រក​ការ​ពិត​ដើម្បីចាត់​វិធានការ​លើ​មន្រ្តី​ពាក់ព័ន្ធ​ និង​ទប់​ស្កាត់​ករណី​សំណង់​ឥត​ច្បាប់​ផ្សេង​ទៀត។

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ លោក ជា​ សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី​ នគរូប​នីយ​កម្ម និង​សំណង់ ថ្លែង​ថា ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​សំណង់​ឥត​ច្បាប់​ច្រើន​ជាង​សំណង់​មាន​ច្បាប់។ ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ថា តើ​សំណង់​ទាំង​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លោក​បាន​ប្រកាស​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ម្ចាស់​សំណង់​ឥត​ច្បាប់​ទាំង​នោះ។​

​«គួរ​ឲ្យ​ខ្មាស​អៀន សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ ខេត្ត​បន្ទាយមានជ័យ សំណង់​មាន​ច្បាប់​តិច សំណង់​ឥត​ច្បាប់​មាន​ច្រើន​ហួស​ប្រមាណ។ សំណង់​នេះ​ ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់»។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ​ស្តី​ពី«ឆ្ពោះ​ទៅ​សម្រេច​សក្តានុពល​នគរូបនីយកម្ម» ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ «គុណភាព​អន់​ថយ​នៃ​សំណង់​លំនៅដ្ឋាន និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន»។

របាយការណ៍​បានបន្ថែម​ថា ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ដោយសារ​គោលការណ៍​«សង់​ជាមុន​ ផ្តល់​អាជ្ញាបណ្ណ​តាម​ក្រោយ»៕

XS
SM
MD
LG