ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាក់​អគារ​៦ជាន់​នៅ​ខេត្ត​កែប​សម្លាប់​មនុស្ស​យ៉ាង​ហោច​៦​នាក់​និង​របួស​ជាច្រើន


ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ពិនិត្យ​រក​កម្មករ​សំណង់​ដែល​នៅ​ជាប់​ក្នុង​គំនរ​អគារ​៦​ជាន់​ដែល​បាន​បាក់​រលំ​នៅ​ខេត្ត​កែប​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២០។ (AFP)

សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​ចុង​ក្រោយ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផ្សាយ​របស់ VOA នៅ​ពេល​ខាង​មុខ។

យ៉ាង​ហោច​ណាស់​មានជន​រង​គ្រោះ​ចំនួន​៦នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​បាក់​សំណង់​អគារ​មួយ​កម្ពស់​៦ជាន់កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​កែប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស។

ជន​រងគ្រោះ​ចំនួន​១៦​នាក់​ផ្សេង​ទៀត​ត្រូវ​បានអាជ្ញាធរ​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​បាក់បែក​ហើយ​កំពុង​ទទួល​ការ​ព្យាបាល​និង​បន្ត​រុករក​អ្នក​ដែល​នៅ​សេសសល់​រហូត​ដល់​យប់ជ្រៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ខេត្ត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏​បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែង​កើត​ហេតុ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​បាក់​រលំ​អគារ​នោះ​ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់។

ក្នុង​រូបថត​ផ្សាយ​ដោយ​រដ្ឋបាល​ខេត្ត​កែប លោក​នាយករដ្ឋមន្ត្រី​ ហុ៊ន សែន បាន​ធ្វើ​ដំណើរទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កាល​ពី​ថ្អៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។ (Facebook/រដ្ឋបាល​ខេត្ត​កែប)
ក្នុង​រូបថត​ផ្សាយ​ដោយ​រដ្ឋបាល​ខេត្ត​កែប លោក​នាយករដ្ឋមន្ត្រី​ ហុ៊ន សែន បាន​ធ្វើ​ដំណើរទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​រលំ​អគារ​៦​ជាន់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កាល​ពី​ថ្អៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។ (Facebook/រដ្ឋបាល​ខេត្ត​កែប)

លោក​ កែន សត្ថា អភិបាល​ខេត្ត​កែប​បាន​បញ្ជាក់​ប្រាប់ ​VOA​ តាម​ទូរស័ព្ទ​ថា ​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​សរុប​រួម​របស់​ខេត្ត​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ចូលរួម​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖ «យើង​កំពុងតែ​ប្រមូល​ផ្តុំ​កម្លាំង​សរុប​ទាំង​អស់​ហើយ​មធ្យោបាយ​អី​ផ្សេងៗ​ទាំងអស់​ទាំង​ថ្នាក់​ជាតិ​ថ្នាក់​តំបន់​អី​គឺ​កំពុងតែ​ប្រញ៉ឹក​ដៃ​ខ្លាំង​ណាស់‍»។

លោក​អភិបាល​ខេត្ត​បានបន្ថែម​ថា ​អគារ​នោះ​មាន​កម្មករ​ធ្វើ​ការ​ប្រហែល​ជាង​៣០នាក់៖​

«ឥឡូវ​នេះ​តួលេខ​ប្រហែល​មានតែ​៣០នាក់​ឬ​ខ្ទង់​លើ​៣០នាក់​តិចតួច​ខាង​មេការ​សំណង់​នៅ​ទីនោះ​ដែរ​ មិនទាន់​យក​ព័ត៌មាន​ច្បាស់ គឺ​ក្នុង​ចំណោម​៣០ទេ‍»។

អ្នកការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា អគារ​ដែល​បាក់​រលំនៅ​ខេត្ត​កែប​នោះ​មានម្ចាស់​សំណង់​ឈ្មោះ ​ឯក សារុន ​ជាប្តី​ និង ប្រពន្ធ​ឈ្មោះ ​ឈីវ សុធី មាន​លំនៅ​បច្ចុប្បន្ន​នៅក្រុងព្រះសីហនុ។ លោក​ ឯក សារុន ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណង់​នេះ។ ​

លោក​ យន់ ផល្លី អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត​និង​កែប​បាន​បញ្ជាក់​ថា​ការ​បាក់​នោះ​កើតឡើង​នៅ​ពេល​ដែល​កម្មករ​សម្រាក​ដើម្បី​ទទួល​អាហារ​ពេល​ល្ងាច។

«ក្រោយពី​ចាក់​បេតុង​ហើយ​ ក្រុម​កម្មករ​ទាំងអស់​គាត់​បាន​ចុះ​មក​សម្រាក​ហូបបាយ​ ហើយ​នៅ​ពេល​ដែល​ហូបបាយ​ជុំ​គ្នា​នោះ​ក៏​មាន​ការ​បាក់ស្រុត​អគារ​មក​តែ​ម្តង​ រាប​ដល់​ដី​ទាំងអស់‍»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កែប​គឺ​អ្នក​ស្លាប់​បាត់បង់​ជីវិត​បួន​នាក់​ត្រូវ​បាន​យក​សាកសព​ចេញ​ផុត​ពី​គំនរ​បាក់បែក​ក្នុង​នោះ​ស្ត្រី​បី​នាក់​និង​បុរស​ម្នាក់។ រីឯ​អ្នក​នៅ​រស់រាន​មាន​ជីវិតរង​របួស​ដៃ ក្បាល ​ជើង​និង​ពីរ​នាក់​គ្មាន​របួស​ទេ។ ​

លោក យន់ ​ផល្លី​ នៃ​សមាគម​អាដហុក​បាន​បន្ថែម​ថា ​ក្រុម​ជួយ​សង្គ្រោះ​បាន​ឃើញ​សាកសព​ពីរ​នាក់​ទៀត​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​ ប៉ុន្តែ​មិន​ទាន់​ទាញ​ចេញ​ទេ​ដោយ​ប្រញ៉ាប់​ជួយ​អ្នក​ដែល​នៅ​រស់រានមានជីវិត​ដោយសារ​បាន​ឮ​សំឡេង​ដង្ហោយ​ហៅ។

ខាង​ក្រោម​ជាវីដែអូ​ផ្សាយផ្ទាល់របស់បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​វីអូឌី​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ ២០១៩ បង្ហាញ​ពី​គំនរ​នៅកន្លែង​អគារកម្ពស់​៦​ជាន់​រលំ​ក្នុង​ខេត្ត​កែប៖

ពលរដ្ឋ​កម្ពុជា​បាន​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ចូលរួមអាណិត​អាសូរ​ជនរងគ្រោះហើយ​បាន​បន់ស្រន់​ឱ្យ​អ្នក​ដែល​នៅ​ជាប់​ក្នុង​អគារ​នៅ​រស់រាន​មាន​ជីវិត។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា Patrick Murphy ក៏បាន​បង្ហោះ​សារតាម​បណ្តាញ​សង្គម​ធ្វីតថឺ (Twitter) ផ្ទាល់ខ្លួន​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ។ នៅ​ក្នុង​ទំព័រ​ធ្វីតថឺ​ដែល​ចេញ​ផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍​នោះ​ លោក​បាន​សរសេរ​ថា៖

«ក្រៀមក្រំ​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​ព័ត៌មាន​ថ្មី​បំផុត​ស្តី​ពី​ការ​រលំ​អគារ​នៅ​ថ្ងៃ​នេះ​ក្នុង​ទី​ក្រុង​កែប​ដែល​ជាប់មាត់​សមុទ្រ។ ខ្ញុំ​ទើប​បាន​ចំណាយ​ពេល​ដ៏​អស្ចារ្យជាច្រើន​ថ្ងៃ​នៅ​ទីនោះ សូម​បួងសួងដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​និង​អ្នក​ដែល​ប៉ះពាល់​ដទៃ​ទៀត ហើយ​យើង​សម្តែង​ការ​គាំទ្រ​ទាំងស្រុង​ដល់​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ដែល​កំពុង​កើត​ឡើង‍»។

ការ​បាក់​អគារ​នេះកើត​ឡើង​តែ​ក្នុងរយៈពេលជាង​៦ខែ​ក្រោយ​ពី​សំណង់​អគារ​ចិន​មួយ​បាន​បាក់​រលំ​នៅ​ក្រុង​ព្រះសីហនុ​ដោយ​បាន​សម្លាប់​មនុស្ស​អស់​២៨នាក់។ បន្ទាប់​ពី​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ពង្រឹង​ការ​សុំ​ច្បាប់​សាងសង់​ដោយ​អះអាង​ថា​សំណង់​មួយ​ចំនួន​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​និង​គ្មាន​ច្បាប់​អនុញ្ញាត៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG