ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជំនាញ​បន្ត​ស៊ើប​អង្កេត​ការ​បាក់​អគារ​ស្លាប់​មនុស្ស​នៅ​​ក្រុង​ព្រះសីហនុ


រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយ​​ក្រោយ​ពី​​ការ​បាក់​អគារ​នៅ​ក្រុង​ព្រះសីហនុ ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​នៅឡើយ។ ស្របពេលជាមួយ​គ្នា​នោះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​​សម្ដែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ការ​មិន​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ក្នុង​គ្រោះថ្នាក់​នេះ។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​សុក្រ​នេះ បានអះអាងថា ​ការ​ស៊ើប​អង្កេត​ទៅលើ​ការ​ដួល​រលំអគារ​កម្ពស់​ប្រាំពីរ​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ កំពុង​ដំណើរ​ការ​បន្ត​ទៀត​នៅឡើយ។

កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​នេះ​បាន​បាក់​រលំ និង​បាន​សង្កត់​សម្លាប់​កម្មករ​សំណង់​ដែល​ស្នាក់​នៅ​ទី​នោះ​ចំនួន​២៨​នាក់​ និង​កម្មករ​រង​របួស​២៦​នាក់។

ក្រោយ​ពី​សោកនាដកម្ម​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេត។ ប៉ុន្តែ​ពុំ​ទាន់​មានលទ្ធផល​ណា​មួយ​ដែល​អាច​បង្ហាញ​ចេញ​ជា​សាធារណៈ​នៅឡើយ។

លោក ប៊ិន សម្បត្តិថារ័ត្ន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា​ ការ​ស៊ើប​អង្កេត​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។

«ការ​អង្កេត​គឺ​កំពុង​តែ​នៅធ្វើ​បន្ត​ ហើយ​គណៈកម្មការ​នៅ​មិនទាន់​ធ្វើ​ការ​បូក​សរុប​ធ្វើជា​របាយការណ៍​ជូន​រាជ​រដ្ឋាភិបាល​នៅ​ឡើយ»។

លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

លោក ​សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​ថ្លែង​ថា ករណី​បែប​នេះ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​លឿន និង​បង្ហាញ​ភាព​ស្មោះត្រង់ និង​តម្លាភាព​ទៅ​កាន់​សាធារណជន។ លោក​ដាក់​ការ​សង្ស័យ​ថា មាន​មន្ត្រី​ធំ ឬ​អ្នកមាន​អំណាច​នៅ​ពី​ក្រោយ ទើប​មិន​ហ៊ាន​បញ្ចេញ​ហេតុ​ផល​នៃ​គ្រោះ​ថ្នាក់​មួយ​នេះ។

ភ្លាមៗ​ក្រោយ​ពី​មហន្តរាយ​នៃ​ការ​បាក់​រលំ​អគារ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​លា​លែង​ពី​តំណែង។ ប៉ុន្តែ​ ក្រោយមក​ត្រូវ​តែងតាំង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ។

ទោះជា​យ៉ាង​ណា​ អតីត​អភិបាល​ខេត្ត​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា​ អគារ​ដែល​ដួល​រលំ​នោះ​មិន​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាង​សង់​នោះ​ទេ។​

ហើយ​អាជ្ញាធរ​របស់​លោក​បាន​ហាម​ឃាត់​ចំនួន​ពីរ​លើក តែ​ក្រុម​ហ៊ុន​ចិន​ដែល​សាង​សង់​អគារ​នោះ​មិន​បាន​ស្ដាប់​និង​បាន​បន្ត​សាង​សង់។​

កាល​ពី​ចុង​ខែ​មិថុនា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា អគារ​ចំនួន​ប្រាំ​ដែល​កំពុង​សាងសង់ក្នុង​ខេត្ត​ព្រះសីហនុ មិន​មានច្បាប់​អនុញ្ញាត​ទេ។លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម​និង​សំណង់បាន​ព្រមាន​ថា សំណង់​ដែល​គ្មាន​ច្បាប់ នឹង​ត្រូវ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ដោះ​ស្រាយ។របាយការណ៍​របស់​ក្រុម​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដែល​និយាយ​អំពី«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម»បាន​បញ្ជាក់​ថា ​ខេត្ត​ព្រះសីហនុ​បាន​ប្រឈម​នឹង ​«គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន ​និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុងទីប្រជុំជន»។

របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ត្រង់​ថា ​«សង់​សិន អាជ្ញាប័ណ្ណ​តាម​ក្រោយ»។ ក្រោយ​គ្រោះ​ថ្នាក់​បាក់​សំណង់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះជនជាតិ​ចិន​៥​នាក់​ដែល​ជា​ម្ចាស់​ការដ្ឋាន​ ​មេការ​ ​និង​ជាង​ ​បូករួម​នឹង​កម្មករ​ជំនាញ​ជនជាតិ​វៀតណាម​ម្នាក់​ ​និង​ជនជាតិ​ខ្មែរ​ម្នាក់​ជា​ជាង​ដែក​ ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ​ចោទប្រកាន់​និង​ឃុំខ្លួន។​ ពួកគេ​ជាប់​ចោទ​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា និង​បង្ក​របួស​ស្នាម​ដោយ​អចេតនានិង​ពី​បទ​សមគំនិត៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG