ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​ឲ្យ​ប្តី​​ប្រពន្ធ​ពីរ​នាក់​ដែល​ជា​ម្ចាស់​អគារ​បាក់​​រលំ​នៅ​ខេត្ត​កែប ​ស្ថិត​នៅ​ក្រៅ​ឃុំ


ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០ (ស៊ុន ណារិន/VOA)

បន្ទាប់ពី​មាន​ការ​ឃាត់​ខ្លួន​​​​​​​ម្ចាស់​សំណង់​ពីរ​នាក់​បញ្ជូន​​​ទៅ​តុលាការ​ ក្រោយ​អគារ​​បាក់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៦​នាក់​ស្លាប់​ កាលពី​ថ្ងៃទី​៣ ខែ​មករា ​ចៅក្រម​​សម្រេច​ឲ្យ​​​​​ម្ចាស់​អគារ​នោះ​នៅ​ក្រៅ​ឃុំ ដោយ​​អនុវត្ត​លក្ខខណ្ឌ​មួយ​ចំនួន។ សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​​តុលាការ​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព។

តុលាការសម្រេច​មិន​ឃុំ​ខ្លួន​ប្តីប្រពន្ធ​ពីរ​នាក់ជា​ម្ចាស់​អគារ​បាក់រលំ​នៅ​ខេត្ត​កែប​ដែល​បណ្តាល​ឲ្យ​មនុស្ស​៣៦​នាក់​ស្លាប់ តែ​តម្រូវ​ឲ្យ​អនុវត្ត​លក្ខខណ្ឌ​មួយ​ចំនួន ខណៈ​នីតិវិធី​ស៊ើប​អង្កេត​កំពុង​បន្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​តុលាការ។

កាលពី​ថ្ងៃទី​៣ ខែ​មករា មាន​ករណី​បាក់​អគារ​ដែល​កំពុង​សាង​សង់​មួយ​ក្នុង​ខេត្ត​កែប បណ្តាល​ឲ្យមនុស្ស​ចំនួន​៣៦​នាក់​ស្លាប់ និង​២៣​នាក់​រងរបួស។ ម្ចាស់​សំណង់​ឈ្មោះ ​ឯក សារុន ​ជាប្តី​ និង ប្រពន្ធ​ឈ្មោះ ​ឈីវ សុធី ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត ដោយ​សារ​មិន​មាន​តុលាការ​ក្នុង​ខេត្ត​កែប​នោះ​ទេ។

លោក ម៉ាន់ បូរ៉េត អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត ប្រាប់VOAនៅ​ថ្ងៃ​អង្គារ​នេះ​ថា តុលាការ​បាន​ចោទ​ប្រកាន់​អ្នកទាំង​ពីរ​ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា»និង«​បង្ក​របួស​ដោយ​អចេតនា»។ លោក​បន្ត​ថា ចៅក្រម​បាន​សម្រេច​មិន​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ ដោយ​សារ​ពួកគេ​មាន​ទី​លំនៅ​ច្បាស់​លាស់ ដាក់​ប្រាក់​តម្កល់​ចំនួន​៣៥៤​លាន​រៀល ឬ​ស្មើប្រមាណ​៩​ម៉ឺនដុលា្លរ​សហរដ្ឋ​អាមេរិក​ និង​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស ព្រម​ទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

«រឿង​នេះ​បន្ត​ស៊ើប​អង្កេត អត់​មាន​ចប់​ទេ។ គ្រាន់តែ​ការ​សម្រេច​ឋិត​នៅ​តំណាក់​កាល​ចៅក្រម​ស៊ើប​សួរ​ហ្នឹង ចៅ​ក្រម​ស៊ើប​សួរគាត់​សម្រេច​មិន​ឃុំ​ខ្លួនប៉ុណ្ណឹង​ទេ អត់​មាន​អី​ទាន់​ចប់​រឿង​ហ្នឹង​ទេ»។

អ្នកនាំពាក្យ​តុលាការ​រូប​នេះ​បន្ថែម​ថា ចៅក្រម​ស៊ើប​នឹង​បន្ត​នីតិវិធី​ស៊ើប​អង្កេត ហើយ​បើក​សវនាការ​នៅ​ពេល​បញ្ចប់​ការ​ស៊ើបសួរ។

«អង្គ​ហេតុ​ហ្នឹង​បើ​សិន​ជា​មាន​ពាក់​ព័ន្ធ​ចៅក្រម​សួរ​ទាំងអស់ ក្នុង​ដំណាក់​កាល​ស៊ើប​សួរ។ មនុស្ស​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​អង្គហេតុ​ដែល​របាយការណ៍​ប៉ូលិស ដែល​ដីកា​សន្និដ្ឋាន​ស៊ើបសួររបស់​ព្រះ​រាជ​អាជ្ញា​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើប​សួរមាន​ទាំង​អម្បាល​មាណ គាត់​ស៊ើប​សួរ​ទាំង​អស់ និង​អាច​ពន្លាត​រឿង​ហ្នឹង​ថែម​ទៀត»។

លោក​ យន់ ផល្លី អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត​និង​កែប លើក​ឡើង​ថា ក្នុង​បទ​ល្មើស​ដែល​ទាប​ជាង​បទ​ឧក្រិដ្ឋ តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថា​ឃុំ​ខ្លួន ឬ​មិន​ឃុំ​ខ្លួនជន​ល្មើស។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដោយ​តម្លាភាព ថា​តើ​អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្រ្តី​មាន​សមត្ថកិច្ច​ខេត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​សាង​សង់​ឬ​យ៉ាងណា។

«រឿង​ទាំង​អស់​ហ្នឹង​វា​ស្ថិតក្រោមការ​ត្រួត​ពិនិត្យ​របស់មន្ទីរ​ពាក់ព័ន្ធ អញ្ចឹង​មន្ទីរ​ពាក់ព័ន្ធ​ទោះបី​យ៉ាង​ណា​ក៏​ដោយក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ​ពី​បញ្ហា​ទាំងអស់​ហ្នឹង។ បើសិនជា​តុលាការ​ស៊ើប​អង្កេត​ទៅ​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ តុលាការ​ត្រូវ​តែ​មាន​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​សិនជា​តុលាការ​រក​ឃើញ​ជន​ដែលពាក់ព័ន្ធ​ក្នុង​ករណី​នេះ»។

លោក ហែម សុភី ជា​បង​ប្រុស​បង្កើត​របស់​ស្រ្តីជនរង​គ្រោះ​ដែល​ស្លាប់​ទាំង​ប្តី​ប្រពន្ធ និង​កូន​ប្រុស​ពីរ​នាក់​ក្នុង​គ្រោះ​ថ្នាក់​បាក់​អគារ​នេះ ប្រាប់​VOAថា​លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​លោក។

អ្នកស្រី សិទ្ធ ភារ៉ា អាយុ​៣០​ឆ្នាំ ដែល​ជា​អ្នក​ជិត​ខាង​នៅ​ម្តុំ​អគារ​ដែល​បាក់ និង​ធ្លាប់​ស្គាល់​លោក ឯក សារុន ម្ចាស់​អគារ បាន​ថ្លែង​ប្រាប់​VOA​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ម្ចាស់​អគារ​បាន​ហៅ​ប្តី​របស់​អ្នកស្រី ឈ្មោះ អ៊ូច តន ពិការ​ភ្នែក​ម្ខាង និង​ជា​អ្នក​មាន​បទពិសោធន៍​លើ​ការងារ​សំណង់ ទៅជួយ​ធ្វើ​ការងារ​សំណង់​អគារ​នោះ។ ប៉ុន្តែ​អ្នកស្រី​ថា​ប្តី​អ្នកស្រី​មិន​ចង់​ធ្វើ​ ដោយ​សារ​ចេះ​មិនសូវ​ច្បាស់​។

«ពេល​ដំបូង ជំហាន​ទីមួយ គាត់​ហៅ​ប្តី​ខ្ញុំ​ឲ្យ​មក​ម៉ៅ ក្នុង​ហ្នឹង​ម៉ៅ​ជា​តង់ៗ ក៏​ប៉ុន្តែ​ខ្ញុំ​ថា ខ្ញុំ​អត់​ឲ្យ​ប្តី​ខ្ញុំ​គាត់​ម៉ៅ​ទេ ព្រោះ​អី​គាត់​អត់​ចេះ​ច្បាស់​លាស់​អញ្ចឹង ខ្លាច​ខាត​ ខ្លាច​អី​អញ្ចឹង អត់​មាន​លុយ​បើក​ឲ្យ​កម្មករ អញ្ចឹង​តាំងពី​គាត់​ហៅ​មក ក៏​ប្តី​ខ្ញុំ អត់​ដែល​បាន​ធ្វើ​ការ​ជាមួយ​គាត់​ដែរ»។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ដែល​អគារ​បាក់​នោះ​ មាន​ទទឹង​២៥​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ ក្បែរ​ភ្នំកែប ហើយ​ម្ចាស់​បាន​ទិញ​ពី​គេ​ម្នាក់​នៅ​ភ្នំពេញ ​ជិត​២​ឆ្នាំ ​មុន​អគារ​បាក់ ក្នុង​តម្លៃ​ប្រមាណ​១២​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នកស្រី​បន្ត​ថា អ្នកស្រី​ធ្លាប់​បាន​សួរ​ម្ចាស់​អគារ​អំពី​ការ​សាងសង់​អគារ​នេះ ដោយ​ម្ចាស់​អគារ​បាន​លើក​ឡើង​ថា លោក​សង់​អគារ​កម្ពស់​៦ជាន់​នេះ គឺ​ដើម្បី​ទុក​ជួល​ឲ្យ​ចិន។

អ្នកស្រី​បន្ត​ថា៖ «ថៅកែ​ស្គាល់​តែ​មុខ តែ​អត់​បាន​ស្គាល់​ឈ្មោះ​អី​ផង។ បាន​សួរ​លេង ណែនាំ​គាត់ ថា​គាត់​ធ្វើ​ប៉ុន្មាន​ជាន់ គាត់​ធ្វើ​ជា​អូតែល​អី​អញ្ចឹងណា។ គាត់​ថា​គាត់​ធ្វើ​ជា​អូតែល ជួល​ឲ្យ​ពួកចិន​អី​អញ្ចឹង​ណា។ គាត់​មាន​ក្រុមហ៊ុន​ចិន​ជួល​គាត់​នៅ​កំពង់​សោម»។

អ្នកស្រី គីម តេម វ័យ៣២ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការបាក់អគារនៅខេត្តកែប។ អ្នកស្រី និងប្តីរបស់អ្នកស្រី ត្រូវបានគេបញ្ជូនមកដល់មន្ទីរពេទ្យនៅម៉ោងប្រមាណ ២ រសៀលនៅថ្ងសៅរ៍នេះ។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រី គីម តេម វ័យ៣២ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការបាក់អគារនៅខេត្តកែប។ អ្នកស្រី និងប្តីរបស់អ្នកស្រី ត្រូវបានគេបញ្ជូនមកដល់មន្ទីរពេទ្យនៅម៉ោងប្រមាណ ២ រសៀលនៅថ្ងសៅរ៍នេះ។ ថតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប។ (ខាន់ សុគុំមនោ/VOA)

ជន​រង​គ្រោះ​មួយ​ចំនួន​ដែល​នៅ​មាន​ជីវិត​ពី​ការ​បាក់​អគារ និង​អ្នក​រស់​នៅ​ក្បែរ​នោះ​ប្រាប់​VOA ​ថា​ ការសាង​សង់​ខ្វះ​បច្ចេកទេស​ ការ​ផ្ទុក​លើស​ទម្ងន់ ការ​សាង​សង់​ប្លង់​សេ​បន្ថែម​នៅ​ផ្នែក​ខាង​លើ​ និង​ការ​ស្ថាបនា​អគារ​នៅ​ទីទួល​ខ្ពស់​ជិត​ជើង​ភ្នំ ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អគារ​នោះ​បាក់​រលំ។

អ្នកស្រី គីម តេម អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ក្រោយ​ជាប់​នៅ​ក្នុង​គំនរ​បែក​បាក់​នោះ​ជិត​២៤​ម៉ោង​ ​ប្រាប់​VOAថា ការ​បាក់​នោះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​ប្លង់​សេ​ខាង​លើ​បន្ថែម ដែល​ធ្វើ​ឲ្យ​មាន​ទម្ងន់​កាន់​តែ​ធ្ងន់។

«ប្រហែល​ជា​សង្ស័យ​ថា​ ចាក់​ប្លង់សេ​ខាង​មួយ​កំណាត់ [ទៀត]។ ឲ្យ​វាធ្ងន់​មួយ​ជំហាន វា​សង្កត់​មក​តែ​ម្តង។ ដូច​ថា​ប្លង់​សេ​គេ គេ​ថា​ ៦ជាន់​កន្លះ។ អាចុង​ក្រោយ​ហ្នឹង​ គេ​ចាក់​កន្លះ អាហ្នឹង​ចុង​ក្រោយ​ហើយ»។

កាលពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​បិទ​ប្រតិបត្តិការ​រុករក​ និង​សង្គ្រោះ​ជន​រងគ្រោះ​ថា ពុំ​មាន​ថ្នាក់​ដឹកនាំ​ខេត្ត​ណា​ម្នាក់ ​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ ឬ​លា​ឈប់​ពី​តំណែង​នោះ​ទេ។ លោក​បន្ត​ថា ម្ចាស់​អគារ​ក៏​ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​នោះ​ដែរ តែ​លោក​រួច​ផុត​ជីវិត ដោយសារ​រវល់​ចេញ​ក្រៅ។

«ឥឡូវ​ម្ចាស់​ផ្ទះ បើ​សិនជា​កុំ​ឃាត់ គាត់​មក​នៅ​កន្លែង​ហ្នឹង​តែ​ម្តង ដេក​នៅ​ទី​ហ្នឹង​តែ​ម្តង [អគារ​បាក់] គាត់​ចេញ​ផុត​ពី​អគារ អគារ​ហ្នឹង​ត្រូវ​ដួល​រលំ។ តែ​ឥឡូវ គាត់​ត្រូវ​ជាប់​ឃុំ។ កុំ​អី​គាត់​ស្លាប់ ស្លាប់​ទាំង​ម្ចាស់​ផ្ទះ ស្លាប់​ទាំង​មេការ​ហ្នឹង​តែ​ម្តង ដូច្នេះ​គ្មាន​នរណា​ទទួល​ខុស​ត្រូវ​ទេ»។

បើ​តាម​កម្មករ ម្ចាស់​អគារ​តែង​តែស្នាក់នៅ​អគារ​នោះ​ជា​រៀងរាល់​ថ្ងៃ​នៅ​ជាន់​ទី​ពីរ។ អគារ​មួយ​នេះ​ត្រូវបាន​សាងសង់​តាំងពី​ខែមីនា ឆ្នាំ​២០១៩ ហើយ​ការ​សាងសង់​ធ្វើ​ឡើង​បន្តិច​ម្តងៗអស់​ជាង​១០ខែ​ មក​ទល់​នឹងថ្ងៃដែលអគារនេះបាក់ស្រុត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG