ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ការ​បន្ត​ពង្រាយ​កម្លាំង​នៅ​ក្រោយ​​ការ​បង្ក្រាប​ហិង្សា

ក្រុម​ប៉ូលិស​ត្រៀម​ខ្លួន​ប៉ះទង្គិច​ជាមួយ​ក្រុម​កម្មករ​ដែល​ចោល​ដុំថ្ម​និង​តដ្ឋ​ដាក់​ខ្លួន នៅ​តាម​បណ្តាយ​ផ្លូវ​វ៉េងស្រេង​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ក្នុង​ទីក្រុង​ភ្នំពេញ​ដដែល​ ទោះ​ជា​រដ្ឋាភិបាល​បាន​បំបែក​ហ្វូង​បាតុកម្ម​នានា​ ដោយ​ជោគជ័យ​រួច​ទៅ​ហើយ​មែន។​ ការ​ដាក់​ពង្រាយ​នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​គឺ​មួយ​ផ្នែក​ក្នុង​បំណង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ណាមួយ​កើត​ឡើង​និង​ដើម្បី​រក្សា​ស្ថិរភាព​ សន្តិសុខ​ផងដែរ។​

លោក ​នី ចរិយា​ ប្រធាន​ក្រុម​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក​បាន​អះអាង​ថា ​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ទេ​ ដែល​រដ្ឋាភិបាល​មិន​គួរ​ដាក់​ពង្រាយ​កងទ័ព​ឡើយ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «អញ្ចឹង​ការ​ដាក់​ពង្រាយ​កងទ័ព​នេះ​ជា​ផ្នែក​មួយ​ដែរ​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ភិតភ័យ​ ហើយ​ប្រហែល​ជា​ចេតនា​មួយ​ដែល​មិន​ឲ្យ​ប្រជាជន​ធ្វើ​ការ​ប្រមូលផ្តុំ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន»។

លោក​អះអាង​ថា ​រដ្ឋាភិបាល​គួរ​ដក​កងទ័ព​និង​កងកម្លាំង​ចេញ​ដើម្បី​ឲ្យ​ស្ថិរភាព​វិល​ទៅ​រក​ភាព​ធម្មតា​និង​មាន​លំនឹង​វិញ។

អាជ្ញាធរ​ត្រូវ​គេ​ដឹង​ថា ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ជាង​១.០០០​នាក់​ជា​យោធា​ ជា​ប៉ូលិស ​ប៉េអឹម​ពិសេស​ នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ​កន្លែង​ផ្សេងៗ​ទៀត​ ហើយ​នឹង​មាន​ការ​បើកបរ​ល្បាត​តាម​ដង​ផ្លូវ​ជាក្រុម​ផង​ដែរ​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ប្រមូល​ផ្តុំ​គ្នា​បួន​ដប់​នាក់។

ការ​បង្រ្កាប​នេះ​គឺ​កើត​ឡើង​មុន​ប៉ុន្មាន​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​៧មករា​ដែល​គណបក្ស​នេះ​ចាត់​ទុក​ថា​ជា​ថ្ងៃ​រំដោះ​ប្រទេស​ឲ្យ​រស់​ឡើង​វិញ​ជា​លើក​ទី​២​ពី​របប​ខ្មែរ​ក្រហម។

លោក ​ទឹង យ័ប ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាមរិក​ឈ្មោះ​ខារ៉ាដ (CAHRAD) ​បាន​អះអាង​ថា​ ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នេះ​គឺ​ជា​ការ​បន្ត​ សម្លុត​គំរាម​កំហែង​ដល់​ពលរដ្ឋ។​ លោក​ថ្លែង​ថា ​រឿង​នេះ​ភាគី​នយោបាយ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​តាម​សម្រួល​ គ្មាន​អំពើ​ហិង្សា​ដែល​អាច​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​យក​បាន។

លោក​ថ្លែង​ថា៖ «បើ​មិន​អញ្ចឹង​ទេ​បញ្ហា​នេះ​នឹង​នៅ​តែ​រ៉ាំរ៉ៃៗ។ ហើយ​ជា​ពិសេស​ពិភពលោក​ឃើញ​ថា​មាន​ប៉ូលិស​មាន​កងទ័ព​អី​ពង្រាយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​អញ្ចឹង​វា​មិន​ល្អ​មើល»។

ទោះជា​យ៉ាង​ណា​ក៏ដោយ​លោក ​ផៃ ស៊ីផាន​បាន​អះអាង​ថា ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ចង់​រក្សា​សន្តិភាព​សន្តិសុខ​និង​ដោយសារ​គណបក្ស​ជំទាស់​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​នឹង​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ។

«អ្វី​ដែល​យើង​ពង្រាយ​ហ្នឹង​ក៏​ជា​ការ​ត្រៀម​លក្ខណៈ​បង្ការ​ហើយ​នឹង​ការពារ​សង្គម​ ក៏​ដូច​ជា​សេចក្តី​សុខសាន​របស់​សង្គម​យើង។​ អាស្រ័យ​ដូច្នេះ​ហើយ​បាន​យើង​ឃើញ​ការ​ធ្វើ​ដំណើរ​ ឃើញ​មុខ​ប្រជាពលរដ្ឋ​លោក​ញញឹម​ត្រឡប់​សារ​ជា​ថ្មី​មកវិញ​ ដោយ​មាន​ជំនឿ​ទៅ​លើ​សុវត្ថិភាព​ សន្តិសុខ ​ហើយនឹង​ដំណើរការ​រស់នៅ​របស់​គេ»។

យ៉ាង​តិច​មាន​ក្រុម​បាតុករ​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​៤០​នាក់​បាន​រង​របួស​ព្រម​ទាំង​ចាប់​ខ្លួន​ចំនួន​១៦​នាក់​ក្នុង​ខណៈ​ពេល​ដែល​កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទៅ​លើ​ហ្វូង​បាតករ​ដែល​គ្រាន់​តែ​តវ៉ា​សុំ​តំឡើង​ប្រាក់ខែ​ដល់​១៦០​ដុល្លារ សរអា។

គណបក្ស​ជំទាស់​បាន​ផ្អាក​បាតុកម្ម​៣​សប្តាហ៍​ដើម្បី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចុះចេញ​ពី​មុខ​តំណែង​និង​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ ​ដោយសារ​មិន​ចង់​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ដែល​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ តែ​អះអាង​ថា ​នឹង​មិន​ប្តូរ​ជំហរ​ទាមទារ​របស់​ខ្លួន​ទេ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត។​

គណបក្ស​ជំទាស់​ដែល​អះអាង​ថា​នឹង​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពេល​ខាង​មុខ​ទៀត​នោះ​បាន​លុប​ចោល​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រក​ដំណោះស្រាយ​បំបែក​ភាព​ជាប់គាំង​នយោបាយ​៦​ខែ​ក្រោយ​ការ​បោះឆ្នោត​នេះ​ដោយសារ​តែ​ការ​បង្រ្កាប​លើ​ក្រុម​បាតុករ​ជា​កម្មករ​រោងចក្រ​ ដែល​គ្រាន់​តែ​ទាមទារ​តំឡើង​ប្រាក់​ខែ​១៦០​ដុល្លារ​អាមេរិក។​

ក្រសួង​ការ​បរទេស​សរអា​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​លើ​ក្រុម​កម្មករ​ដោយ​បាន​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី៕