ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ក្នុង​ជម្លោះ​នយោបាយ​ខ្មែរ


​ព្រះ​ករុណា​ នរោត្តម​ សីហមុនី​ (រូបស្តាំទីពីរ)
​ព្រះ​ករុណា​ នរោត្តម​ សីហមុនី​ (រូបស្តាំទីពីរ)
វ៉ាស៊ីនតោន៖ ​ព្រះរាជ​តួរនាទី​របស់​ព្រះមហាក្សត្រ ​គឺ​ជា​ការ​មិន​អាច​ខ្វះបាន​និង​ជាពេល​វេលា​សមស្រប​ដែល​ព្រះ​អង្គ​ត្រូវ​ចេញ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ហើយ។ នេះ​បើ​តាមការ​យល់​ឃើញ​របស់​ក្រុមអ្នក​តាមដាន​សភាព​ការណ៍​ជាតិ។

នៅ​ក្នុង​លិខិត​មួយ​ទូលថ្វាយ​ព្រះ​ករុណា​នរោត្តម​ សីហមុនី​កាលពីថ្ងៃ​ច័ន្ទ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដ៏​សកម្ម​មួយ​ចំនួន​បាន​ទូល​ថ្វាយ​ព្រះ​អង្គ​អំពី​ការវិវត្តន៍​នៃ​សភាព​ការណ៍​នយោបាយ​ចុង​ក្រោយ​ដែល​ឈាន​ដល់​ការប្រើ​ប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ របួស ​និង​ចាប់​ខ្លួនជាច្រើន​នាក់​ដែល​ជាការ​ព្រួយ​បារម្ភ​មួយ​អាច​នឹង​ទាញ​ប្រទេស​ចូល​ក្នុង​អំពើ​ហិង្សា​កាន់​តែ​ជ្រៅ។

លិខិត​នោះ ​បាន​បញ្ជាក់​ថា៖«ទូលបង្គំ​យើង​ខ្ញុំ​តំណាង​អង្គការ​និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​សូម​គោរព​យាង​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ព្រះ​មេត្តា​ប្រទាន​ ព្រះ​រាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅទៀត»។​

លោកសុខ សំអឿន​ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​មួយ​លើ​លិខិត​នោះ​ដែរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថាក្រុម​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ការ​ជាប់​គាំង​នយោបាយ​ដូច​ក្នុង​ស្ថានភាព​នា​ពេលបច្ចុប្បន្ន​នេះ​ជៀសមិន​រួច​ពី​រក​ភាគី​ទីបី​មកជួយ​សម្រប​សម្រួល​ដោះស្រាយ​ទេ ​ហើយ​យល់​ថា​មុន​នឹង​ទៅរក​ភាគី​មក​ពីក្រៅ​ប្រទេស​គួ​រតែ​ប្រើ​ប្រាស់​យន្តការ​នៅក្នុង​ប្រទេស​ដែល​មាន​ស្រាប់​ហើយ​នោះ​គឺ​ជា​ព្រះ​មហាក្សត្រ​កម្ពុជា។

លោក​សុខ សំអឿន ​បាន​បន្ថែម​ថា៖

«ព្រះ​មហាក្សត្រ​លោក​គួរ​តែ​សាកល្បង​ដែរ​ពីព្រោះ​ទីមួយ​ ក្រៅពី​តួរ​នាទី​អាជ្ញា​កណ្តាល​ព្រះអង្គ​លោក ​ជា​ប្រធាន​ច្រើន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ហើយ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ហើយ​ឥឡូវ​នេះ​បញ្ហា​វា​ពាក់​ព័ន្ធ​ចូល​ដល់​មាន​កងទ័ព​កងអី​អញ្ចឹង​វាត្រូវ​តែ​មាន​ព្រះ​អង្គ​ប្រើ​នាទី​ព្រោះ​កុំ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ធំ​វា​មាន​តែ​ព្រះ​អង្គគួរតែ​ប្រើ​តួរនាទី​ព្រះ​អង្គ​ហើយ»។

ប្រទេស​កម្ពុជា​បាន​ជាប់​គាំង​នយោបាយ​ចាប់​តាំង​ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ទាមទារ​ថា​ជា​អ្នក​ឈ្នះ​រៀងៗ​ខ្លួន ​ហើយ​គណបក្ស​ប្រឆាំង​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​និង​ចូល​ប្រជុំ​សភា។ ​គណបក្ស​នេះ​បាន​ដឹកនាំ​ការ​តវ៉ា​តាម​ដងផ្លូវ​និង​នៅ ​សួន​ប្រជាធិបតេយ្យ​ជា​បន្ត​បន្ទាប់​រហូត​ដល់​មាន​ការ​បណ្តេញ​យ៉ាង​ហិង្សា​កាលពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

​លោក​ឈៀង វុន ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បញ្ជាក់​ឆ្លើយ​តប​វិញថា៖

«ខ្ញុំ​យល់ថា​តួរនាទី​របស់​ព្រះ​មហាក្សត្រ​គឺ​មាន​ចែ​ង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​រួចហើយ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ព្រះអង្គ​តែងតែ​អនុវត្ត​ព្រះ​រាជតួរនាទី​របស់​ព្រះ​អង្គដែល​រដ្ឋ​ធម្មនុញ្ញ​បាន​ថ្វាយ​ព្រះរាជ​តួរនាទី​ថ្វាយ​ព្រះ​អង្គ ​អញ្ចឹង​ហើយ​យើង​ជា​កូនចៅ​ទាំងអស់​គ្នា​យើង​ត្រូវ​ធ្វើយ៉ាងណា​ស្តាប់​ប្រតិបត្តិ​តាម​ព្រះ​ឱង្កា ​តាម​ទិសដៅ​ដែល​ព្រះករុណា​លោក​បាន​បង្ហាញ។ កន្លង​មក​ហ្នឹង​ព្រះ​ករុណា​លោក​បាន​បង្ហាញ ​នូវ​ផ្លូវ​ដែលត្រូវ​ដើរ​រួច​ហើយ​ក៏ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​តែងតែ​ទាត់​ចោល​នូវ​ការណែ​នាំ​ផ្លូវ​របស់​ព្រះ​ករុណា»។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ ​ជាតិ​បាន​យល់​ថា​ដល់​ពេល​ដែល​ត្រូវ​យាង​ព្រះ​ករុណា​មក​ធ្វើ​ព្រះ​រាជអន្តរាគមន៍​ហើយ​ដែរ៖

«យើង​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​តំណាង​សង្គម​ស៊ីវិល​ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏​គាំទ្រ​ឱ្យ​មាន​ការធ្វើ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ដែរ។ គណបក្ស​ទាំងពីរ​ត្រូវ​តែ​ជជែកគ្នា​អំពី​របៀប​វារៈ។ យើង​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ការ​ប្រជុំ​ហ្នឹង​ជ្រើ​សរើស​របៀបវារៈ​អ្វី​យក​មក​ជជែក​បើ​សិន​ជា​បង្ខំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​នៅ ​រដ្ឋ​សភា​ដោយ​គ្មាន​ការ​ដោះស្រាយ​បញ្ហា​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ឬ​ក៏​មិនមាន​កា​រជជែក​អំពី​ការ​កែទម្រង់​ការបោះឆ្នោត​និង​ការ​បោះឆ្នោត​ឡើងវិញ​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាចធ្វើ​ទៅ​កើត​ទេ»។​

ព្រះ​ករុណា​នរោត្តម សីហមុនី​ធ្លាប់​បាន​អញ្ជើញ​តំណាង​គណបក្ស​ទាំងពីរ​ទៅ​ចូល​ក្នុង​ព្រះ​បរម​រាជវាំង​ម្តង​ដើម្បី​ទៅជួប​ពិភាក្សា​និង​ទទួល​យក​លិខិត​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​សភាថ្មី​ហើយ​ព្រះអង្គ​កម្រ​ធ្វើ​ព្រះ​រាជអន្តរាគមន៍​ក្នុង​កិច្ច​ការ​នយោបាយ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG