ក្រុមអ្នក​ជួយ​សង្គ្រោះ​ក្នុង​ប្រទេស​តួកគី​រកឃើញ​អ្នកនៅ​រស់​ជីវិត​ពី​ការរញ្ជួយដី​ក្រោយ​រយៈពេល​៨ថ្ងៃ

យុវជន Muhammed Enes Yeninar អាយុ​១៧ ឆ្នាំ​ជា​អ្នករស់រាន​​មាន​ជីវិត​ពី​ការរញ្ជួយដី​ត្រូវបាន​ជួយសង្គ្រោះ​ពី​គំនរ​បាក់បែក​នៃ​អគារ​ប្រហែល ១៩៨ ម៉ោង​បន្ទាប់ពី​ការរញ្ជួយដី​ដ៏ខ្លាំង​កាលពី​សប្តាហ៍​មុន​នៅ​ខេត្ត Adiyaman ប្រទេស​តួកគី នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដោយការ​រញ្ជួយ​ដី​ក្នុង​ប្រទេស​តួកគី​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រកឃើញ​និង​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​នាក់ទៀត ចេញ​ពី​គំនរ​បាក់​បែក​នៃ​អគារដែល​ដួលរលំ​ គឺ​រយៈពេល​ជិត​២០០ម៉ោង​ ​ក្រោយមាន​គ្រោះរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ចំនួន​កើត​ឡើង​ក្នុង​តំបន់​នោះ​រួច​មក។​

ការ​ជួយ​សង្គ្រោះ​នា​ពេល​ថ្មីៗ​ចុងក្រោយ​នេះ គឺ​រួមមាន​មនុស្ស​ម្នាក់ ដែល​ត្រូវ​បាន​ជួយយក​ចេញ​ពី​គំនរ​ថ្មបាក់​បែក​ នៅ​ក្នុង​ខេត្ត Adiyaman ​និង​២​នាក់​ដទៃ​ទៀត​ ពី​អគារបាក់​បែក​នៅ​ក្នុង​ទីក្រុង​ Kahramanmaras ​របស់តួកគី។​

ទូរទស្សន៍​តួកគី​ បាន​ផ្សាយ​ពី​ការជួយ​សង្គ្រោះ​នោះ​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញបាន​ព្រមានពី​ពេល​វេលា​ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​ ក្នុង​ការ​ស្វែងរកអ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ថែម​ទៀត​ ​ពីអគារ​ដែល​ដួលរលំ​ទាំង​នោះ ក្រោយ​ពី​បាន​ប្រើពេល​វេលា​អស់​ជា​ច្រើនរួច​មក​។​

ពលរដ្ឋ​តួកគីដែល​រស់​នៅ​ទីប្រជុំជន​ Samandag ក្នុង​ខេត្ត Hatay ​បាន​រិះគន់​រដ្ឋាភិបាលថា មិន​បាន​ធ្វើការងារ​គ្រប់គ្រាន់​ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិតពី​គ្រោះ​រញ្ជួយ​ដី​នេះ​ឡើយ។​

ជន​រងគ្រោះម្នាក់​ដែល​នៅរស់ជីវិត​ បាន​ប្រាប់​ វីអូអេ​ភាសា​តួកគី​ថា​ ​ការងារ​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ និង​ការ​ប្រឹងប្រែង​របស់​សហគមន៍​តែ​ប៉ុណ្ណោះ​ មិនមែនដោយ​រដ្ឋាភិបាល​នោះ​ឡើយ។​ ​

ជន​រងគ្រោះ​រូប​នេះ​បន្ថែម​ទៀត​ថា៖​ «យើង​បាន​ជួយ​សង្គ្រោះ​ម្តាយ​និង​កូន​ង៉ែតរបស់ស្រ្តី​ម្នាក់​ នៅ​ក្រោម​គំនរបាក់បែកឱ្យ​រួច​ពី​ជីវិត។​ នេះ​ជា​ការ​ប្រឹងប្រែង​របស់​យើង​។ យើងបាន​ប្រើ​ញញួរ​តូច​ធំ​ជា​ច្រើន។​ ​ខ្ញុំ​មាន​មិត្តភក្តិ​ជា​ច្រើន​នៅ​ជា​មួយ​ខ្ញុំ។​ នេះ​ជា​រឿង​មិនអាចទទួល​យក​បាន​ឡើយ»។​

ក្រុម​អាជ្ញាធរតួកគី​ ​បាន​រាយការណ៍​ថា​ យ៉ាង​ហោចណាស់​អ្នក​ស្លាប់​ដោយ​សារគ្រោះរញ្ជួយ​ដី​ដ៏​ធំ​ នៅ​ក្នុងតំបន់ Gaziantep នៃ​ប្រទេស​តួកគី​នេះ​ បាន​ឡើង​ដល់​ចំនួន ​៣១.៦៤៣​ នាក់​ហើយ។ ​

ដោយ​ឡែកនៅ​ជាប់​ព្រំដែន​ក្នុង​ប្រទេស​ស៊ីរី​ឯណោះវិញ​ ​ការិយាល័យ​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយកាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ​ថា​ ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ស៊ីរី​ មាន​ចំនួន​ ៤.៣០០ ​នាក់​ និង​អ្នក​របួស​មានប្រមាណ​ ៧.៦០០ ​នាក់៕​ ​

វីអូអេ​ផ្សាយ​ជា​ភាសា​តួកគី បាន​ចូលរួម​ចំណែក​នៅក្នុង​សេចក្តី​រាយការណ៍​នេះ ដែល​ព័ត៌មាន​មួយចំនួន​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP និង Reuters។