ការ​កេង​ប្រវ័ញ្ច​កើត​មាន​ជា​ហូរហែ​​ក្នុង​បណ្តា​ទីក្រុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជ្រើស​រើស​ដោយ​ FIFA

អគ្គលេខាធិការ​ FIFA លោក​ Jerome Valcke ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង ​St. Petersburg ប្រទេស​រុស្ស៊ី​ ថាការ​ស៊ើបអង្កេត​នាពេល​បច្ចុប្បន្ននេះ​ទៅ​លើ​សហព័ន្ធ​បាល់ទាត់ពិភពលោក​ FIFA មិន​បាន​ជួយដល់​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អ្នក​ឧបត្ថម្ភ​ទេ (រូបថត៖២៤ កក្កដា ២០១៥)។

ប្រទេស​រុស្ស៊ី និង​កាតា​ ដែល​ត្រូវ​បាន​ជ្រើសរើសធ្វើ​ជា​ម្ចាស់​ផ្ទះដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​បន្ត​បន្ទាប់គ្នា​នាពេល​អនាគត​ មាន​បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​ត្រូវដោះស្រាយ។ នៅ​ក្នុងប្រទេស​ទាំង​ពីរ ​ក្រុម​សកម្មជន​បាន​លើក​ឡើង​ពី​ការ​កេងប្រវ័ញ្ច​ និង​ការ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ការពារ​សិទ្ធិ​ពលករ ​ដែល​នៅ​ក្នុង​ករណី​ខ្លះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ក្រុម​ពលករ​ដែល​មាន​កាតព្វកិច្ច​សាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​ និង​កន្លែង​សម្រាប់​ការ​ប្រកួត​បាល់ទាត់។

នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ ​សារព័ត៌មាន​ BBC​ បានថត​ឯកសារ​អំពី​ការចាប់​ខ្លួន​ក្រុម​ការងារ​របស់​ខ្លួន​ដាក់​ពន្ធនាគារ​ នៅ​ពេល​ពួក​គេ​ព្យាយាម​ថត​វិដេអូ​អំពី​ស្ថានភាព​រស់​នៅ​របស់​ពលករ​ចំណាក​ស្រុក​ក្រីក្រ​នៅ​ក្រុង​ដូហា នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២។ សម្ភារៈ​របស់​ក្រុម​ការងារ​នោះ ​ត្រូវ​បាន​រឹប​អូស​ ហើយ​មិន​ត្រូវ​បាន​ប្រគល់​មកវិញ​ឡើយ។

ការ​ស៊ើប​អង្កេត​មួយ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​ The Guardian បាន​បង្ហាញ​ថា​ ពាក់ព័ន្ធ​នឹង​ការ​សាងសង់​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នេះ ​មាន​ជន​ចំណាក​ស្រុក​នេប៉ាល់​ម្នាក់​បាន​ស្លាប់​នៅរៀងរាល់​ពីរ​ថ្ងៃ​ម្តង​នៅ​ក្នុង​ឆ្នាំ​២០១៤។ ​ក៏ប៉ុន្តែ​ ​តួលេខ​នេះ​ត្រូវ​បាន​ក្រសួង​ការងារ​របស់​ប្រទេស​កាតា​បដិសេធ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) និយាយ​ថា និយោជក​មួយ​ចំនួន​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​គំរាម​កំហែង​ដែល​ក្នុង​នោះ​រួម​មាន​ការ​រឹប​អូស​លិខិត​ឆ្លង​ដែន​របស់​ជន​ចំណាក​ស្រុក​ជាដើម។

នាង Jane Buchanan ​មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា៖ «​ពួកគេ​ពិត​ជា​មាន​ភាព​ទន់​ជ្រាយ​យ៉ាង​ខ្លាំង​ ដែល​នេះ​គឺ​ដោយ​សារ​តែ​ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលករ​ និង​ទង្វើ​របស់​និយោជក​ដែល​ប្រព្រឹត្ត​ឡើយ​ដោយ​គ្មាន​ការដាក់​ទោស​ពៃរ៍​នៅ​ក្នុង​បរិស្ថាន​សង្គម​ដូច​នោះ»។

លោក​ Jeff Thinnes អ្នក​ពិគ្រោះ​យោបល់លើ​បញ្ហា​ក្រម​សីលធម៌​និង​ការ​អនុវត្ត​ច្បាប់​ បាន​និយាយ​ថា ជន​ចំណាក​ស្រុក​ទាំង​នោះ​ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​នេប៉ាល់ បង់​ក្លាដែស ឥណ្ឌា បាគីស្ថាន និងស្រីលង្កា ​អាច​ពិពណ៌នា​បាន​ថា​ ពួក​គេ​គឺ​ត្រឹម​តែ​ជា​ទាសករ​ពលកម្ម​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ជន​ដែល​ពេញវ័យនៅ​ជំនាន់​ឆ្នាំ​២០០០ ​បាន​យល់​ដឹង​ពី​បញ្ហា​នេះ ហើយ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ការ​លើកឡើង​ពី​បញ្ហា​នេះ​កាន់​តែ​ច្រើន​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វា​នឹង​ជំរុញ​ភាគី​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ ដែល​បាន​ដាក់​ឈ្មោះ​និងកេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​ថា​ជាអ្នក​ឧបត្ថម្ភ​សកម្មភាព​ផ្សេងៗ​ ដូច​ជា​សកម្មភាព​ទាំងឡាយ​ដឹកនាំ​ដោយ​សហព័ន្ធ​បាល់ទាត់​ FIFA ​ឲ្យចោទ​សួរ​ខ្លួន​ឯង​ថា ​តើ​នេះ​ជា​អ្វី​ដែល​ពួក​យើង​ត្រូវ​ធ្វើ​ឬ? តើ​នេះ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​របស់​យើង​នៅ​ក្នុង​ការ​វិនិយោគ​ឬ?»។

នាង​ Jane Buchanan បាន​និយាយ​ថា ​បន្ថែម​ពី​លើ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​សម្រាប់ប្រទេស​កាតា និង​រុស្ស៊ី សហព័ន្ធ​បាល់ទាត់​ FIFA ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​ច្បាប់​និង​ការ​រំពឹងទុក​នានា​ដើម្បី​ការពារ​ពលករ ហើយ​បញ្ចៀសការ​កើត​មាន​កំហុស​ពី​អតីតកាល​សារជា​ថ្មី។

«អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្រុង​ Sochi គឺ​ការ​កេង​ប្រវ័ញ្ច​យ៉ាង​រង្គាល​ទៅ​លើ​ពលករ​ចំណាកស្រុក​ ដែល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​និង​កីឡដ្ឋាន​ ការ​ព្រងើយ​កន្តើយ​យ៉ាង​ជាក់​ច្បាស់​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី ​រហូត​ដល់​នាទី​ចុង​ក្រោយ​បង្អស់​ទើប​មាន​ការ​ចុះ​ទៅ​ត្រួតពិនិត្យ ​និង​ដាក់​ឲ្យ​ពួក​និយោជក​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​បំពាន​ផ្សេងៗ​ទាំង​នោះ។ ដូច្នេះ​ ខ្ញុំ​គិត​ថា​ នេះ​បង្ហាញ​នូវ​សញ្ញា​យ៉ាង​ច្បាស់​មួយ​ថា សកម្មភាព​ទាំង​នោះត្រូវ​គេ​ព្រងើយ​កន្តើយ​ជា​ទូទៅ»។

សមាជិក​សភា​រុស្ស៊ី​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​អ្នកទោស​ឲ្យ​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​កីឡា​សម្រាប់​ការ​ប្រកូត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​២០១៨​ ដែល​សកម្មភាព​នេះ​ នាង​ Buchanan បាន​ចាត់​ទុក​ថា​ ជា​ការធ្វើ​ឲ្យ​អ្នក​ទោស​ទាំង​នោះ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខិតបង្ខំ។ នាង​បាន​បន្ត​ថា ​រដ្ឋាភិបាល​រុស្ស៊ី​បាន​បន្ទាប​ការ​ការពារ​កម្លាំង​ពលកម្ម​រួច​ទៅ​ហើយ​សម្រាប់​ពលករ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា