ដំណោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ទាមទារ​ការ​ចូលរួម​ទាំង​អស់​គ្នា

រូបឯកសារ៖ ការកកស្ទះ​ចរាចរណ៍​នា​ពេល​ល្ងាច​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​សុធារស ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ក្រៅ​ពី​កត្តា​អនុវត្ត​ច្បាប់ ​ដែល​នៅមាន​ភាព​ធូរ​រលុង​នោះ​ ​ឥរិយា​បទ​បើកបរ​របស់​ម្ចាស់​យាន​ជំនិះ​ក៏​ជា​បញ្ហា​ចម្បង​​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​កាន់​តែ​​អាក្រក់ឡើងៗ​ផង​ដែរ។​

បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ ដែលកើត​មាន​ឡើង​ដដែលៗ​នោះហាក់​ដូច​ជា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​នោះ​ទេ។​ ក្រៅ​ពី​កត្តា​អនុវត្ត​ច្បាប់ ​ដែល​នៅមាន​ភាព​ធូរ​រលុង​នោះ​ ​ឥរិយា​បទ​បើកបរ​របស់​ម្ចាស់​យាន​ជំនិះ​ក៏​ជា​បញ្ហា​ចម្បងបង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​កាន់​តែអាក្រក់ឡើងៗ​ផង​ដែរ។​

ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​មែន​ជា​ប្រធានបទ​ថ្មី​នោះ​ទេ​ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា​ដែល​កើត​មាន​ឡើងដដែលៗ​ ​និង​ជា​រៀង​រាល់​ថ្ងៃ​នេះ​ ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាពនៅ​ឡើយ។​

កន្លង​មក ​មាន​យន្តការ​ជា​ច្រើន​ត្រូវ​បាន​លើក​យក​មក​អនុវត្តដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​នេះ​ ​តួយ៉ាង​ដូច​ជា​ ​ការ​កែប្រែ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ​ការ​បំពាក់កាមេរាសុវត្ថិ​ភាព​នៅ​តាម​ភ្លើង​ស្តុប​សំខាន់ៗ ​ការ​សងសង់​ស្ពាន​អាកាស​បន្ថែម​ពី​លើ​ផ្លូវ​ដែល​មាន​ស្រាប់ ​ព្រមទាំង​ការ​សម្រួល​ចរាចរណ៍​ពី​ក្រុម​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ ​និង​ក្រុមកាយឫទ្ធិ​នា​ចុង​សប្តាហ៍​ជា​ដើម។​ ក៏​ប៉ុន្តែយន្តការ​ទាំង​នោះហាក់​ដូចជា​មិន​ទទួល​បាន​ការ​សហការ​ពី​សាធារណ​ជននោះ​ទេ។

ប្រជា​ពលរដ្ឋ​ដែល​រស់​ក្នុង​រាជធានី​ភ្នំពេញរមែង​តែង​រអ៊ូរទាំ​ ​និង​បន្ទោស​ទៅ​លើ​ភាគី​រាជរដ្ឋា​ភិបាល​ ដែល​ជា​រឿយៗ​និយាយ​ថា​ ​មន្រ្តី​នគរបាល​ថ្នាក់​មូលដ្ឋាន​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ហើយ​ថា​ ផ្លូវថ្នល់​មាន​ទំហំ​តូច​មិន​សមាមាត្រ​នឹង​កំណើន​យានយន្ត។​ ​ក៏​ប៉ុន្តែ​ពួកគេ​ហាក់​ដូច​ជា​មើល​រំលង​ចំណុច​ដែលថា​ ​ប្រជា​ពលរដ្ឋ ​ដែល​ជា​អ្នក​បើកបរ​ខ្លួន​ឯងក៏​ជា​តួអង្គ​ដ៏​សំខាន់​មួយក្នុង​ការ​បញ្ជៀស​ការ​កកស្ទះ​ចរាចរណ៍​នោះ​ដែរ។​

កំហុសឆ្គង​មួយ​ចំនួន​របស់​អ្នក​បើកបរ​ ​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​លើ​ទ្រូង​ផ្លូវ​នោះ​គឺ​ការ​បន្ថែម​ល្បឿន​នៅ​ពេល​ឃើញ​ភ្លើង​ស្តុប​ពណ៌​លឿង​ ​ការ​បញ្ជ្រៀត​រុល​ទៅ​មុខ​នៅ​ពេល​មាន​ការ​កក​ស្ទះ​បន្តិច​បន្តួច​ ​ម៉ូតូ​កង់​៣​ ដែល​មាន​ទំហំ​ប្រហែល​ឡាន​ ​ដែល​បើកបរ​នៅ​លើ​ផ្លូវ​ម៉ូតូ​ ​ការ​យក​ចំណី​ផ្លូវ​ប្រកប​របរ​អាជីវកម្ម​ ​ការ​ប្រើប្រាស់​ចំណី​ផ្លូវ​ជា​ចំណត​យានយន្ត​ផ្ទាល់​ខ្លួន​ ​និង​ការ​ជិះ​បញ្ច្រាស​ផ្លូវ​ជា​ដើម។​ ​ លើស​ពី​នេះ​ទៀត ឥរិយាបទ​នៃ​ការ​បើកបរ​បែប​នេះ​មើល​ទៅ​ដូចជា​រឿង​សាមញ្ញ​ធម្មតា​ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​ ការ​បំពានម្នាក់​បន្តិចៗ ​វា​អាច​ធ្វើឲ្យការ​កក​ស្ទះ​ចរាចរណ៍​នេះ​ ​គ្មាន​ថ្ងៃ​អាច​កាត់​បន្ថយ​បាន។​ ​ នេះ​បើ​តាម​កិច្ច​ពិភាក្សា​របស់​ក្រុម​អ្នក​ជំនាញ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​

ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្តី​អំពី«ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​ ការប៉ះ​ពាល់​ដល់​បរិស្ថាន​ ​និង​សុខ​មាល​ភាព៖​ ​បញ្ហា​ប្រឈម​ ​និង​ដំណោះ​ស្រាយ»​ ដែល​រៀប​ចំ​ដោយរាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​និង​មានសមាស​ភាព​អ្នក​ចូល​រួម​មក​ពី​ភាគី​ពាក់​ព័ន្ធ​នា​នានោះ​ លោក​ ស៊ុំ ឈុំប៊ុន​ អនុ​ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​លើក​ឡើង​ថា​ បញ្ហា​ស្ទះ​ចរាចរណ៍គឺ​ជា​បញ្ហា​រួម​មួយ ​ដែល​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះ​ស្រាយ។​

«រឿង​កកស្ទះ​ចរាចរណ៍​គឺ​ជា​រឿង​ប្រឈម​របស់​យើង​ទាំង​អស់គ្នា។​ មិន​មែន​រឿង​ចរាចរណ៍​នេះ​ធ្វើឡើង​តែ​ប៉ូលិសចរាចរណ៍​ទេ។​ ​យើង​ត្រូវ​តែរួម​ចំណែក​ទាំង​អស់​គ្នា ​ពី​ព្រោះ​រឿង​ចរាចរណ៍​នេះ ​វា​ប៉ះពាល់​ទាំង​អស់​គ្នា ​ប៉ះពាល់​ទាំង​អាយុ​ជីវិត​ ប៉ះពាល់​ទាំង​ទ្រព្យ​សម្បត្តិ​ ផ្លូវចិត្ត ​សុខុមាល​ភាព​ប្រជាជន​ ក៏​ដូច​ជា​សុខុមាល​ភាព​សង្គម​ សុខុមាល​ភាព​សេដ្ឋកិច្ច ​ និង​បរិស្ថាន​ផង​ដែរ»។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្តី​អំពី​ការ​កក​ស្ទះ​ចរាចរ​ណ៍នេះ លោក​អៀង អូនី​ អភិបាល​រង​រាជធានី​ភ្នំពេញបាន​លើក​ឡើង​ពី​ទិដ្ឋភាព​ខ្លះៗ​ទាក់ទង​នឹងការ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​យ៉ាង​ដូច្នេះថា៖​

«ការ​កក​ស្ទះ​នៅ​ក្នុង​រាជធានីភ្នំ​ពេញជា​ការ​កកស្ទះ​ដែល​ភ្លើង​ក្រហម​ក៏​ទៅ​មិន​បាន​ ភ្លើង​ខៀវ​ក៏​ទៅ​មិន​បាន។​ ស្ថាន​ភាព​ខ្លះ ​ប៉ូលិស​ឈរ​ផ្លុំ​កញ្ចែ​ហើយ ក៏​អត់​ស្តាប់​ទៀត។​ ស្ថានភាព​ខ្លះ​ ការ​ឈប់​បំពាន​លើ​គំនូស​ហាម​ឃាត់។​ ​សូម្បីតែ​អ្នក​ថ្មើរ​ជើង​ក៏​ដើរ​មិន​បាន។ ​ការប្រើ​ប្រាស់​ចញ្ចើម​ផ្លូវ​បាន​ក្លាយ​ជា​ចំណុច​ប្រឈម​ធំ​មួយ​ ​ដែល​បាន​លេប​យក​លំហ​សាធារណៈ​របស់​យើង។ ការ​កកស្ទះ​ដោយ​មាន​ការសាង​សង់​រោង ​រោងបុណ្យ​ រោង​កឋិន​ រោង​ការ​ ដែលទាមទារ​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ប្រជាជន​ទាំង​អស់​ និង​អ្នក​បញ្ជា​យានយន្ត​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា»។​

លោក ​អៀង អូនី​បាន​បង្ហាញ​ការ​សោកស្តាយ​ ដែល​ចំនួនអ្នក​ប្រើប្រាស់​រថយន្ត​សាធារណៈ​នៅ​មាន​ចំនួនតិច​តួច​នៅ​ឡើយ។​ ​ជាក់ស្តែង​មាន​អ្នក​ធ្វើ​ដំណើរតាមរថ​យន្តក្រុង​ប្រមាណ​តែ​ជាង​១០​នាក់​តែ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ក្នុង​មួយ​ដងៗ​ ​រថយន្ត​សាធារណៈ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​ចន្លោះ​ពី​៣៥​នាក់​ទៅ​៤០​នាក់។ លោក​និយាយថា៖​

«អញ្ចឹង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ប្រជាជន​ងាក​ពី​មធ្យោបាយ​ដឹក​ជញ្ជូន​ឯកជន​ មក​ប្រើ​ប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ក៏អាច​រួម​ចំណែក​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ»។​

លោក ​កែម ឡី ដែល​ជាអ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ យល់​ថា​ ការ​គោរព​ច្បាប់​ចរាចរណ៍​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​សង្គម​កម្ពុជា​ ​ឬ​អ្នក​ដែល​មាន​ចំណេះ​ដឹង​នោះ​ ​អាច​ជា​គម្រូ​ល្អ​សម្រាប់​ប្រជាជន​សាមញ្ញ។​

លោក ​កែម ឡី​ បាន​ប្រាប់ ​VOA ​យ៉ាង​ដូច្នេះថា៖​

«នៅ​ក្នុង​សង្គម ​អ្នកធំ​ត្រូវ​មាន​គម្រូ​ទៅ​លើ​អ្នក​តូច។ ​បើ​អ្នក​ធំ​ចតឡាន​នៅ​កណ្តាល​ថ្នល់ ​វាធ្វើឲ្យ​ប្រជាជន​ទូទៅ​ចតឡាន​កណ្តាល​ថ្នល់ដែរ​ហើយ។ ​ការ​អប់រំ​ប្រជាជន​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ​អាកប្បកិរិយា​ វា​យូរ។ ​តែ​បើ​វា​មាន​គម្រូល្អ​ពី​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម ​វា​ឆាប់»។​

ក្រឡេក​ទៅ​មើល​ឧទាហរណ៍​ជាក់ស្តែង​នៅ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ជប៉ុន​វិញ ​ យើង​ឃើញ​ថា​ នៅ​ក្នុង​ប្រ​ទេស​កូរ៉េមិន​មាន​ឡើយ​នូវ​ការ​ចតឡាន​នៅ​តាម​ដងផ្លូវ​សាធារណៈ។​ ​ ​អ្នក​បើក​បរ​យាន​ជំនិះ​ភាគ​ច្រើនចត​យាន​ជំនិះ​របស់​ពួក​គេនៅ​តាម​ចំណត​ក្រោម​ដី​នានា​របស់អគារ​ខ្ពស់ៗ​ រួច​ទើប​ធ្វើ​ដំណើរ​ដោយថ្មើរ​ជើង​ទៅ​កាន់​ទីតាំង​ ឬ​ភោជនីយដ្ឋាន​ដែល​ពួកគេ​ចង់​ទៅ។​ ​ ​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ​អ្នក​បើកបរ​យាន​ជំនិះមិន​ជិះ​ឆ្លង​គំនូស​ស​ពុះទ្រូង​ផ្លូវនោះ​ទេ​ បើ​ទោះ​ជា​ផ្លូវ​ខាង​មុខ​ស្ទះ​យ៉ាង​ណា​ក៏​ដោយ​ ​ពោល​គឺ​ការ​បើកបរ​របស់​ពួក​គេ​មាន​របៀប​រៀប​រយ​ ​មិន​បើកបរ​កាត់​គំនូស​ស្រេច​តែ​ចិត្ត​នោះ​ទេ។​

រីឯ​ប្រទេស​ជប៉ុន​វិញ​នោះ​ ​ប្រជា​ជន​ស្ទើរតែ​ទាំង​ស្រុង​ ​ជ្រើស​រើស​យក​សេវា​សាធារណៈ ​ដូច​ជា​រថយន្តក្រុង​ ​ជា​ជាង​ការ​ប្រើប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន។​ ​ ​ការណ៍​នេះជា​កត្តា​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ឲ្យ​កាន់​តែ​តិច​ទៅៗ។

លោក អ៊ា ចរិយា ​អ្នក​ប្រឹក្សា​ឯក​រាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បាន​យល់​ស្រប​ចំពោះ​កិច្ចពិភាក្សា​និង​ការ​លើក​ឡើង​នា​សប្តាហ៍​កន្លង​ទៅ។​ ​ ​លោកបាន​ប្រាប់​ VOA ​នា​ថ្ងៃ​ច័ន្ទ​ថា ​ដើម្បី​ដោះ​ស្រាយបញ្ហា​កក​ស្ទះ​ចរាចរណ៍​នេះ​ ​វា​ទាមទារ​យ៉ាងសំខាន់​នូវ​ការ​សហការ​គ្នា​រវាង​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់ និង​សាធារណ​ជន​ក្នុង​ការ​អនុវត្ត​ និង​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​សកម្ម។​

«ជាទូទៅ​ មនុស្ស​ភាគ​ច្រើន​ អ្នក​ប្រព្រឹត្ត​ខុស ​គាត់​មិន​ទទួល​ស្គាល់​ថា​ ហ្នឹង​ជា​កំហុស​គាត់។​ ​អញ្ចឹងពេល​ដែល​គាត់​បើក​រំលោភ​ភ្លើង​ ឬ​គំនូស​សញ្ញា ​ឬគាត់​បើក​បញ្ជ្រាស​ទិស​ម្តងម្កាល​ គាត់​គិត​ថា​ មិន​អី​ទេ។​ ប៉ុន្តែ​ម្នាក់ៗ​ បើ​ចូលរួម​កំហុស​បន្តិចៗ​ វា​អាច​ធ្វើឲ្យ​បញ្ហា​នឹង​កាន់​តែ​ធំ»។​

លោកបាន​ធ្វើ​ការ​ប្រៀប​ធៀប​ករណី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ទៅ​នឹង​ប្រទេស​ដទៃ​យ៉ាង​ដូច្នេះ៖​

«នៅ​ស្រុក​គេ​ គេ​បង្កើត​នូវ​វប្បធម៌​ ឬ​ទម្លាប់នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។​ ការ​ផាក​ពិន័យ​ វា​មាន​កម្រិត​ធ្ងន់​ជាង​នៅ​ស្រុក​គេ​ទៀត។​ ​អញ្ចឹង​ម្នាក់ៗ​គាត់ខ្លាច​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ ខ្លាច​ប្រឈម​ការ​ផាក​ពិន័យ ​ឬដល់​ដាក់​ពន្ធធនាគារ​ទៀត»។​

លោក ​អ៊ា ចរិយា​គូស​បញ្ជាក់​ថា​ ការ​អប់រំ​ផ្នែក​ចរាចរណ៍​គួរ​មាន​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ដល់​ថ្នាក់​មហា​វិទ្យាល័យគឺ​ជា​រឿង​ចាំបាច់មួយ​ដើម្បី​បញ្ជ្រៀប​ចំណេះ​ដឹង​ផ្នែក​ចរាចរណ៍​នេះ​ និង​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​នេះ​នាពេល​ខាង​មុខ។​ ក៏​ប៉ុន្តែ​ការ​អប់រំ​ផ្នែក​ចរាចរណ៍​នៅ​កម្ពុជា​នៅ​មាន​តិច​តួច​នៅ​ឡើយ។​

ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ការ​រីក​ដុះដាល​ ​ការ​ធ្វើ​ចរាចរក៏​មាន​ភាព​កក​ស្ទះ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជាពិសេស​ពេល​ព្រឹក​ ​ពេល​ថ្ងៃ​ត្រង់​ ​និង​ពេល​ល្ងាច​ ​ខណៈ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​ចេញ​ពីកន្លែង​ធ្វើ​ការ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន។​ ​ ​ហើយ​សេវា​រថយន្ត​ក្រុង​រាជ​ធានី​ភ្នំពេញ​ ​ដែល​ទើប​តែ​មាន​អាយុ​ជាង​១​ឆ្នាំ​នោះ​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

គិត​មក​ត្រឹម​ចុង​ឆ្នាំ​២០១៤​នេះ​ ​ចំនួន​យាន​ជំនិះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជិត​៣​លាន​គ្រឿង​ ដែល​ក្នុង​នោះ​មាន​ម៉ូតូ​ជាង​២​លាន​គ្រឿង​ ​និង​មាន​ឡាន​ជាង​៤០​ម៉ឺន​គ្រឿង។​ ​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​ហើយ​តួលេខ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១៥%​ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៣៕​