ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរ​និង​ប្រកប​របរ​ដឹក​ជញ្ជូន​ត្អូញត្អែ​អំពី​សេវា​ដឹក​ជញ្ជូន​ឡើង​ថ្លៃ


ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួល​​ទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ (ឡេង ឡែន/ VOA Khmer)
ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួល​​ទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ (ឡេង ឡែន/ VOA Khmer)

អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ត្អូញ​ត្អែ​អំពី​តម្លៃ​ឡាន​ឈ្នួល​ដែល​ត្រៀម​ចាក​ចេញ​ពី​​​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ស្រុក​កំណើត​ ដើម្បី​ជួប​ជុំ​គ្រួសារ​សាច់​ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។

ទាំង​អ្នក​ប្រកប​របរ​ដឹកជញ្ជូន​ និង​អ្នក​ធ្វើ​ដំណើរ​រអ៊ូរ​ទាំ​ដូច​គ្នា​អំពី​ការ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​តាម​រថយន្ត​ ដោយ​អ្នក​ដឹក​ជញ្ជូន​ចោទ​ថា​ ប៉ូលិស​តាម​ផ្លូវ​ទារ​លុយ​ពី​ពួក​គាត់​ច្រើន​ពេក​ ឯ​អ្នក​ធ្វើ​ដំណើរ​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​តម្លៃ​រថយន្ត​ក្រុង និង​រថយន្ត​ឈ្នួល​គឺ​គ្មាន​ប្រយោជន៍​ ព្រោះ​តម្លៃ​បាន​កើន​៥០%។​

អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ត្អូញ​ត្អែ​អំពី​តម្លៃ​ឡាន​ឈ្នួល​ដែល​ត្រៀម​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ស្រុក​កំណើត​ ដើម្បី​ជួប​ជុំ​គ្រួសារ​សាច់​ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។

ទោះបី​ជា​រដ្ឋាភិបាល​ខិតខំ​ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​មក​រវាង​ភ្នំពេញ​ និង​បណ្តា​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ក្តី​ ​អ្នក​ជិះ​រថយន្ត​ក្រុង និង​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​បង់​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ជាង​តម្លៃ​ធម្មតា​ដដែល​ គឺ​មិន​ខុស​ពីឆ្នាំ​មុនៗ​នោះ​ទេ។​

ដោយ​ចង់​បាន​តម្លៃ​រថយន្ត​ឈ្នួល​ស្ថិត​នៅ​ដដែល​ដូច​ថ្ងៃ​ធម្មតា ​លោក ​ស៊ុំ សុង​ ដែល​បាន​ឡើង​ជិះ​ឡាន​ឈ្នួល​នៅ​ម្តុំគល់​ស្ពាន​ជ្រោយ​ចង្វា​ នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រៃវែង​និយាយ​ថា៖​

«អ្ហេ​ឲ្យ​វា​ថា​ បាន​អាដែង​ធូរ​ថ្លៃ​ទៅ​ គ្នា​អ្នក​ជិះ​ក៏​គ្នា​ត្រេក​អរ​ដែរ​ ព្រោះ​វា​ពិបាក​រក​លុយ​ដែរ»។​

លោក​ ស៊ុំ សុង​ និង​អ្នក​ដំណើរ​ឯ​ទៀត​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រៃវែង ​ឲ្យ​ដឹង​ថា តម្លៃ​ធម្មតា​គឺ​ត្រឹម​តែ​១០.០០០​រៀលប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​ថ្ងៃបុណ្យ​ភ្ជុំ​តម្លៃ​បាន​កើន​ដល់​១៥.០០០​រៀល​ គឺ​កើន​ឡើង​៥០%​នៃ​តម្លៃ​ធម្មតា។​

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួលទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ (ឡេង ឡែន/ VOA Khmer)
ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួលទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ (ឡេង ឡែន/ VOA Khmer)

លោក ​សេង សំណាង​ អ្នក​ជិះ​រថយន្ត​ឈ្នួលម្នាក់​ទៀត​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រៃវែង​ដែរនោះ​ ថ្លែង​ថា​ លោក​ចង់​បាន​តម្លៃ​ថោក​ដែរ​ តែ​គ្មាន​ជម្រើស។​

«មាន​អារម្មណ៍​ថា​ មិន​ពេញ​ចិត្ត​ដែរ​ តែ​ធ្វើ​ម៉េច​វា​អញ្ចឹង។​ គ្រាន់​តែ​ថា​ ឮ​រដ្ឋាភិបាល​ប្រកាស​មែន​ តែ​ឃើញ​តែ​ប្រកាស​ តែ​ឡាន​គេ​អត់​មាន​ស្តាប់​ផង»។​

អ្នក​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​រថយន្ត​ក្រុង​ ឬ​រថយន្ត​ឈ្នួល​ទៅ​ខេត្ត​ដទៃ​ទៀត​ក៏​ត្រូវ​បង់​តម្លៃ​ឈ្នួល​បន្ថែម​៥០%​ លើស​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា​ដែរ។​

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​មក​រវាង​ភ្នំពេញ​ និង​បណ្តា​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ណី​ជាតិ​នេះ​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​តុលា​កន្លង​ទៅ​ ដោយ​បាន​បញ្ជាក់​ថា៖​

«ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​បញ្ចៀស​បាន​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុក​លើស​ចំណុះ​នោះ​ សាលា​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​មក​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ទាំង​អស់​ សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​នេះ»។​

យ៉ាងណា​ក៏ដោយ​ មិនមែន​តែ​អ្នកធ្វើ​ដំណើរ​ទេ​ដែល​រអ៊ូរទាំ​នោះ។​ អ្នក​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ក៏​រអ៊ូរ​ទាំ​ដូចគ្នា​ដែរ។​

អ្នកស្រី ​លី​ ហៀង​ ម្ចាស់​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ព្រៃ​វែង​ ថ្លែង​ថា​ ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​របស់​អ្នក​ស្រី​ គឺ​មិន​ថ្លៃ​ប៉ុន្មាន​ទេ​ ពីព្រោះ​អ្នកស្រី​ត្រូវ​ទូទាត់​ជាមួយប៉ូលិស​នៅ​តាម​ផ្លូវ។​

«យក​តម្លៃ​២​ម៉ឺន​សមរម្យ​ ​ពីព្រោះ​នៅ​តាម​ផ្លូវ​គេ​យក​លុយ​ កាក់​ ហើយ​ប៉ូលិស​បេន​នៅ​ក្នុង​បេន​ហ្នឹង​គេ​យក។​ យើង​បង់​ក្បាល​ឡាន​ ហើយ​គេ​រាប់​យក​បេន​ទៀត​ ក្នុង​ម្នាក់​គេ​យក​២​ពាន់​រៀល​ទៀត»។​

អ្នក​ស្រី ​លី ហៀង​ ​បន្តថា​ អ្នក​ស្រី​មិន​ចង់​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ទេ​ តែ​បើ​មិន​ធ្វើ​អញ្ចឹង​ អ្នក​ស្រី​មិន​ចំណេញ​នោះ​ឡើយ។ ​អ្នក​ស្រី​និយាយ​ថា៖​

«អាហ្នឹង​ច្របាច់​ក​បន្ត​គ្នា។​ អា​នេះ​ប៉ូលិស​ច្របាច់​ក​ប្រជាពលរដ្ឋ​ ប្រជាពលរដ្ឋ​ច្របាច់​ក​អ្នក​ធ្វើ​ដំណើរ។​ យល់​ទេ​ក្មួយ? ​ច្រចាច់​ក​ បន្ត​គ្នា។​ បើ​អញ្ចឹង​ខ្ញុំ​ម៉េច​បាន​កម្រៃ​យក​ទៅ​ចិញ្ចឹម​កូន​ខ្ញុំ»។​

រី​ឯ​លោក ​ឆាយ​ សម្ផស្ស​ អ្នក​រត់​រថយន្ត​ឈ្នួល​ទៅ​ខេត្ត​កណ្តាល​ និយាយ​ថា​ លោក​ចង់​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ដែរ​ តែ​មិន​អាច​ធ្វើ​បាន​ ដោយ​សារ​តែ​ប៉ូលិស​កាក់​យក​លុយ​គាត់​ជា​ច្រើន​កន្លែង។​

«ខ្ញុំ​ស្តាប់​គេ។​ ប៉ុន្តែ​ដល់​ពេល​ប៉ូលិស​តាម​ផ្លូវ​ច្រើន​ពេក​ ស្ទុះ​អត់​រួច។ ​ការណ៍​ពិត​យើង​បង់​លុយ​ឲ្យ​ប៉ូលិស​វាច្រើន​កន្លែង​ ដល់​បង់​ច្រើន​កន្លែង​វា​ត្រូវ​ដំឡើង»។​

លោក​បន្តថា​ ប្រសិន​បើ​លោក​មិន​ដំឡើងថ្លៃទេ​ លោក​មិន​អាច​ទូទាត់​នឹង​ចំណាយ​ថ្លៃ​ប្រេង​បាន​ឡើយ។

«រួច​បើ​មិន​ដំឡើង​ អត់​មាន​លុយ​ឲ្យ​ប៉ូលិស​ អត់​ចំណេញ​អត់​មាន​លុយ​ចាក់​ប្រេង។​ រួច​បាន​លុយ​អី​ឯណា​ចូល​ផ្ទះ?​ ឲ្យ​តែ​ប៉ូលិស​ហ្នឹង​ វា​អស់​បាត់​ទៅ​ហើយ​ តាម​ផ្លូវ។ ​ហែរ​តាម​ផ្លូវ​ដូច​ខ្យង​អញ្ចឹង។ បណ្តាក់​គ្នា​ដូច​ខ្យង។​ តាំងពី​ព្រឹក​ដល់​ល្ងាច​ នៅ​តែ​មិន​ឈប់​ទៀត។​ រួចឲ្យ​ខ្ញុំ​មិន​យក​ឡើង​ថ្លៃ​ម៉េចកើត»។​

VOA ​ពុំអាច​ទំនាក់​ទំនង​លោក ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំដំណើរ​ការ។​ VOA ​ក៏ពុំអាច​ទំនាក់​ទំនងលោក​នាយ​ឧត្តម​សេនីយ៍ ​គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​របស់​លោករោទិ៍តែគ្មាន​អ្នក​ទទួល។​

ក៏ប៉ុន្តែ​លោក​ អ៊ាវ ចំរើន ​ស្នង​ការ​ប៉ូលិស​ខេត្ត​កណ្តាល​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​រត់​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្ត​កណ្តាល​ ដែល​ថា​ ក្រុម​ប៉ូលិស​ដាក់​នៅ​តាម​ផ្លូវ​ បាន​កាក់​ឡាន​យក​លុយ។​ លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អត់​យល់។ ​ខ្ញុំ​អត់​យល់​ដែរ។​ ប៉ូលិស​តាម​ដង​ផ្លូវ​ក្បាល​ទំពែក​អស់​ហើយ​ ហាល​ក្តៅស្ទះ​ផ្លូវ​ រៀបចំ​ចរាចរណ៍។​ ព្រឹក​មិញ​ដល់​ម៉ោង​១០​កន្លះ​ ជិត​១១​បាន​ដោះ​ស្រាយ​ចរាចរណ៍​ស្ទះ​តាម​ផ្លូវ​បាន​ ហើយ​ដល់​ប្អូន​ឯង​ សួរ​មក​សំណួរ​ហ្នឹង​ខ្ញុំ​អត់​យល់​ដែរ»។​

បន្ថែម​លើ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​មក​រវាង​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ រក្សា​តម្លៃ​ឲ្យ​នៅ​ដដែល​នោះ​ ក្រសួង​ពាណិជ្ជ​កម្ម​ក៏​បាន​ស្នើ​ឲ្យក្រុម​ហ៊ុន ​ដែល​ចែក​ចាយ​ប្រេង​ឥន្ទនៈ​បញ្ចុះ​តម្លៃ​ប្រេង​ផង​ដែរ។​

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី០១​រោច ​រហូត​ដល់​ថ្ងៃ​ទី១៥​រោច​ ខែ​ភទ្របទ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ ទី២៨ ​ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី​១៣​ ខែ​តុលា។ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​សាសនា​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ដើម​កំណើត​តាំង​ពី​បុរាណ​មក។​ វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រ​ទេស​កំពុង​រៀប​ចំខ្លួន​ដើម្បី​ទទួល​ពុទ្ធ​សាសនិក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ពេល​ពួក​គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ ​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ៕​

XS
SM
MD
LG